ពូទីន ឈ្នះការបោះឆ្នោត បន្តធ្វើប្រធានាធិបតីរុស្ស៊ី ២ អាណត្តិជាប់គ្នា

  • 2018-03-19 01:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វ៉្លាឌីមៀរ ពូទីន ដែល​ដឹកនាំ​ប្រទេ​សរុស្ស៊ី ជិត​២ទសវត្ស​មកហើយ​នោះ បាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី កាលពី​ថ្ងៃ​អាទិត្យ​ ទី១៨ មីនា ​ម្សិលមិញនេះ ដើម្បី​បន្ត​ធ្វើ​ជា​ប្រធានាធិបតី​រុស្ស៊ី ២អាណត្តិ​ជាប់គ្នា (សរុប ៤អាណត្តិ) ឬ​យ៉ាង​តិច ៦ឆ្នាំ​ទៀត។

លទ្ធផល​រាប់​សន្លឹក​ឆ្នោត​បឋម បាន​បង្ហាញថា លោកពូទីន បាន​ទទួល​សំឡេង​គាំទ្រ ដល់ទៅជាង ៧៦% ​ឈ្នះដាច់​បេក្ខភាព ៧នាក់​ផ្សេង​ទៀត។ គូ​ប្រជែង​កៀកបំផុត​របស់​លោកពូទីន គឺ​លោក Pavel Grudinin មកពី​គណបក្ស​កុម្មុយនិស្ត​ ដែល​បាន​ទទួល​តែ ១២ភាគរយ​ប៉ុណ្ណោះ។

លោកពូទីន ​បាន​និយាយ​ក្រោយ​ដឹង​លទ្ធផល​នេះ​ថា៖ "ខ្ញុំមើលឃើញថា លទ្ធផល​នេះ គឺ​ជា​ទំនុកចិត្ត និង​ក្ដី​សង្ឃឹម​សម្រាប់ប្រជា​ពលរដ្ឋ​របស់​យើង។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​បន្ទាប់ គឺ​ដើម្បី​អនាគត​នៃ​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង រួម​ទាំង​អនាគត​នៃ​កូនៗ​របស់​យើង"។

សូម​បញ្ជាក់ថា ប្រជាពលរដ្ឋ​រុស្ស៊ីដែល​មានសិទ្ធិ​បោះឆ្នោត គឺ​មាន ១០៧លាន​នាក់ ប៉ុន្តែ​នៅ​បី​ម៉ោង​មុន​បិទ​ការិយាល័យ​បោះឆ្នោត គឺ​មាន​អ្នក​ទៅ​បោះឆ្នោត តែ​ ៦០ភាគរយ​ប៉ុណ្ណោះ។

គួរ​រំលឹក​ផងដែរថា លោក​ពូទីន បាន​ឈ្នះការ​បោះឆ្នោត​ប្រធានាធិបតី​ អាណត្តិទី១ នៅឆ្នាំ២០០០ មុន​បន្ត​ឈ្នះ​១អាណត្តិ​ទៀត នៅ​ឆ្នាំ ២០០៤។

លោក​សារ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី បាន​កំណត់មិន​ឲ្យ​ប្រធានាធិបតី​កាន់​អំណាច​លើស​ពី ២អាណត្តិ លោក​ពូទីន បាន​ទុក​កៅអី​ប្រធានាធិបតី​ឲ្យ​លោក Dmitry Medvedev នៅ​ឆ្នាំ​២០០៨ ហើយ​លោក​ធ្វើ​ជា​នាយករដ្ឋមន្រ្ដី​វិញ។ នៅ​ឆ្នាំ២០១២ លោក​ពូទីន បាន​ឈរ​ឈ្មោះ​ប្រធានាធិបតី​សាជាថ្មី ហើយ​បាន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ រហូត​ដល់​បច្ចុប្បន្ន (អាណត្តិ​ប្រធានាធិបតី ត្រូវ​ប្ដូរ​ពី ៤ឆ្នាំ ទៅ ៦ឆ្នាំ)៕

ប្រភព៖ Kley Kley   អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី