កូនខ្មែរមួយក្រុមបង្កើតវីដេអូគំនូរជីវចលគុណភាពស្តង់ដារ​ រហូត​ដល់​កាណា​ដា​សុំទិញ​

  • 2018-03-21 09:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្ប ជាក្រុមបង្កើតវីដេអូគំនូរជីវចល ឬ Animation និង​បង្កើត Game លេងកម្សាន្តនៅលើទូរសព្ទដៃ។ បើតាមប្រធានក្រុម សិល្ប លោក យក់ ស៊ីវ៉ាល់រី ប្រាប់ Sabay ថា សិល្បជាក្រុមថ្មីមួយសហការគ្នាក្រុម Sabay Osja ជាក្រុមហ៊ុនខ្មែរផលិតហ្គេមដ៏ល្បីដំបូងគេនៅកម្ពុជា ដែលមានគុណភាពស្តង់ដារ ។

លោក យក់ ស៊ីវ៉ាល់រី

លោក​ថា បច្ចុប្បន្ន​​ក្រុមលោក​កំពុងបង្កើតស្នាដៃវីដេអូ គំនូរជីវចលថ្មីមួយមានចំណងជើងថា «យក្សតូច» ឬ «Little Yak»។ផលិតករ​ Animation យក់ ស៊ីវ៉ាល់រី ប្រាប់ថា «យក្សតូច» ជាស៊េរីវីដេអូ Animation ខ្លីៗ បែប​កំប្លែង ដែល​លោកត្រៀមផលិតរវាង ១០ វគ្គខ្លីៗ ក្នុងរដូវកាលទី១នេះ។

ជាស៊េរីវីដេអូកំប្លែងខ្លីៗ ប្រមាណ មួយនាទី ឬច្រើនជាងនេះ​បន្តិច តាម​សាច់​រឿង និងគម្រោងផលិត Animation និង Game Series ថ្មីៗមួយចំនួនទៀត។

តួរឿង «យក្សតូច»

ក្នុងការផលិតវីដេអូ Animation ខ្លីៗ នេះ ចំណាយពេលច្រើនលើសពីការស្រមៃរបស់ប្រិយមិត្ត។ បើតាមផលិតករក្រុម សិល្ប ប្រាប់ ក្រុមការងារត្រូវផ្តើមពីសរសេររឿងដំបូង ហើយគូរវាចេញជាគំនូរ រួច​ហើយតម្លើងលើ ឌីជីថល ហើយ Animate ជាចលនា។ ក្រោយមកទៀត ក្រុមការងារម្នាក់ជំនាញ​ខាងភ្លេង និងតែងភ្លេង ហើយផលិតជាសម្លេង Effect នានាចូលក្នុងវីដេអូ ដើម្បីធ្វើឱ្យតួអង្គក្នុង​គំនូរមានជីវិតក្នុង Animation ដែលសម្តែងជាសាច់រឿង គួរឱ្យចង់ទស្សនា។ បើគិតទៅ វីដេអូ មួយ​នាទីនេះ ចំណាយពេលមិនតិចជាង ២០ ថ្ងៃទេ មុនក្លាយផលិតផលគំនូរជីវចលសម្រេច​មួយៗ​។​

រូបដើមនៃគំនូរជីវចល
រូបភាពតម្លើងទៅជាឌីជីថល

ផលិតគំនូរជីវចល ជាការងារច្នៃប្រឌិត ពេញដោយក្តីស្រលាញ់ តែ សិល្ប មិនទាន់រកចំណូលអ្វីពីការងារនេះទេ។ លោក យក់ ស៊ីវ៉ាល់រី បញ្ជាក់ជំហរថា ភាពយន្តគំនូរជីវចលខ្លីនេះ ជាស្នាដៃមោទន​ភាព​មួយ ដែល​ជំរុញ​ការ​គាំទ្រ​វិស័យ​នេះ​ឱ្យ​កាន់​តែរីកចម្រើន និងសង្ឃឹមខ្ពស់លើភាពជោគជ័យនៅ​ពេលអនាគត។ ជាក់ស្តែង ក្រោយចេញ ​វីដេអូ វគ្គមួយកាលម្សិលមិញភ្លាម ក្រុម សិល្ប ទទួលបាន​ការទំនាក់ទំនងការងារពីប្រទេសកាណាដា ហើយខាង សិល្ប ក៏កំពុងពិចារណាលើតម្លៃ ព្រមជា​មួយ​នឹងកុងត្រាផលិតដែរ។ ក្រៅពីការផលិត វីដេអូ Animation សិល្ប ក៏មានគម្រោងផលិតមួយ​ចំនួនទៀត ដែលធ្លាប់សម្រេចបាន និងកំពុងបន្ត ដូចជា ហ្គេម អង្គរវត្ត វីដេអូពាណិជ្ជកម្មនានា ជា Animation។

រូបភាពគំរូដើម

សព្វថ្ងៃក្រុមតូចនេះអាចរកចំណូលប្រមាណពី ៥ ០០០ ដុល្លារ រហូតដល់ ២ ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលលោកចាប់ទុកថាជាចំនួនមិនទាន់ស្ថិតស្ថេរ ហេតុតែការធ្វើគំនូរជីវចល ត្រូវប្រើប្រាស់ពេលវេលា និងការវិនិយោគច្រើន។ តែផលិតកររូបនេះ គិតថាភាពពេញនិយមរបស់គំនូរជីវចល មិនទាន់ជាតម្រូវការចាំបាច់នៅឡើយ ព្រោះវាពិតជាត្រូវការចំណាយដើមទុនច្រើនមែន ហើយមិនរំពឹងលើភាពជោគជ័យខ្លាំងនោះដែរ តែវាអាចជោគជ័យក្នុងរយៈពេល ៣ ឬ ៤ឆ្នាំខាងមុខនេះ៕

រូបភាពគំរូតួអង្គក្នុងហ្គេម

អត្ថបទ៖ Sunny