៤ រឿងសំខាន់ៗ អ្នកគាំទ្រគួរដឹង ក្នុងជំនួបរវាងកម្ពុជា និងអាហ្វហ្គានីស្ថាន
- 2018-03-23 06:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ រឿងសំខាន់ៗ អ្នកគាំទ្រគួរដឹង ក្នុងជំនួបរវាងកម្ពុជា និងអាហ្វហ្គានីស្ថាន
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយអាហ្វហ្គានីស្ថាននាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅលើទឹកដីប្រទេស អាហ្វហ្គានីស្ថាន ដែលជាជំនួបចុងក្រោយក្នុងពូល C នៃព្រឹត្តិការណ៍ AFC Asian Cup 2019 ។ មុនការប្រកួតនេះចាប់ផ្ដើម Sabay សូមលើកយកចំណុចសំខាន់ចំនួន ៤ ដែលអ្នកគាំទ្រគួរដឹង៖
១-តារាងចំណាត់ថ្នាក់ពិភពលោក ( FIFA Ranking ) ៖ ក្រុមជម្រើសជាតិកម្ពុជាកំពុងស្ថិតនៅលេខរៀងទី១៧១ នៃតារាងចំណាត់ថ្នាក់ពិភពលោក ស្របពេលដែលក្រុមអាហ្វហ្គានីស្ថានស្ថិតនៅលេខរៀងទី១៤៨ នៃតារាងចំណាត់ថ្នាក់ពិភពលោក។ បើយោងតាមចំណាត់ថ្នាក់នេះមានន័យថា កម្ពុជា ស្ថិតនៅក្រោមប្រទេសមួយនេះ។
២-ប្រវត្តិជួបគ្នា៖ កាលពីឆ្នាំ២០១៥ កម្ពុជាធ្លាប់ជួបក្រុមអាហ្វហ្គានីស្ថានចំនួន ២ លើករួចមកហើយ ក្នុងការប្រកួតជម្រុះ World Cup ដែលពេលនោះគឺកម្ពុជាចាញ់ទាំងពីរជើង ដោយក្នុងដីកម្ពុជាចាញ់ ១-០ និងក្នុងដីអាហ្វហ្គានីស្ថាន ចាញ់ ៣-០។ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ជម្រុះ AFC Asian Cup 2019 កាលជើងទី១ កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោក Leonardo Vitorino បានធ្វើរឿងភ្ញាក់ផ្អើល ដោយយកឈ្នះក្រុមខ្លាំងមួយនេះ ១-០ ក្នុងដីរបស់កម្ពុជាវិញ។
៣-មូលហេតុការប្រកួតធ្វើឡើងក្នុងដីរបស់តាគីជីស្ថាន៖ គ្រប់គ្នាប្រហែលជាដឹងហើយថា ប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសដែលមានការឆេះរោលរាលដោយសង្គ្រាមកាលពីពេលកន្លងទៅ។ ប្រទេសនេះត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកហាមឃាត់ មិនឲ្យមានការរៀបចំព្រឹត្តិការណ៍បាល់ទាត់ក្នុងទឹកដីរបស់ខ្លួនឡើយ។ ប៉ុន្តែកាលពីពេលថ្មីៗ នេះប្រធានសហព័ន្ធរបស់ អាហ្វហ្គានីស្ថាន បានធ្វើការស្នើសុំទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក ដើម្បីអនុញ្ញាតសុំធ្វើការរៀបចំឡើងវិញ។ ចំពោះការស្នើសុំនេះមិនទាន់ទទួលបានការឆ្លើយតប់ឡើយ។
៤-ពេលវេលា៖ ក្រុមជម្រើសជាតិកម្ពុជាបានចេញ ដំណើរទៅទឹកដីតាគីជីស្ថានកាលពីម៉ោង ១១ ព្រឹកមិញនេះ។ ចំពោះពេលវេលាប្រកួតវិញគឺធ្វើឡើងវេលាម៉ោង ៩ :០០ នាទីយប់ម៉ោងនៅកម្ពុជា។