មកមើល ជណ្ដើរទាំង ១០ ស្រស់ស្អាត និងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងពិភពលោក

  • 2018-03-25 07:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​លោក បាន​ចាប់​ផ្ដើម​បង្កើត​ជណ្ដើរ​ដើម្បី​អាច​ឡើង​ទៅ​កាន់​ទី​ខ្ពស់ ដែល​មិន​ធ្លាប់​បាន​ទៅ​ដល់​ពី​មុន​មក។ គ្រប់​គ្នា​តែង​ប្រើ​ប្រាស់​ជណ្ដើរ​ជា​រៀង​រាល់​ថ្ងៃ​រហូត​ដល់​ថ្នាក់​នឹក​មិន​ឃើញ​ពី​សារសំខាន់​របស់​វា​ទៀត​ផង។ យ៉ាង​ណា​មិញ មាន​ជណ្ដើរ​មួយ​ចំនួន​ពិត​ជា​ស្រស់​ស្អាត​បំផុត​ក្នុង​ពិភពលោក។

ខាងក្រោម​នេះ គឺ​ជា​ជណ្ដើរ​ទាំង ១០ មាន​ភាព​ស្រស់​ស្អាត និងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងពិភពលោក ៖

១០. ជណ្ដើរឡើងភ្នំ Taihang

ជណ្ដើរ​នេះ​ត្រូវ​បាន​សាង​សង់​សម្រាប់​ឡើង​ភ្នំ Taihang ក្នុង​ប្រទេស​ចិន ដែល​វា​មាន​កម្ពស់​រហូត​ទៅ​ដល់ ៩១ ម៉ែត្រ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​មាន​តែ​មនុស្ស​អាយុ​ក្រោម ៦០ ឆ្នាំ​និង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ ទើប​អនុញ្ញាត​ឲ្យ​ឡើង​បាន ដោយ​សារ​តែ​មាន​ខ្យល់​ខ្លាំង​នៅ​រយៈ​កម្ពស់​ខ្ពស់ និង​មាន​សត្វ​ហោះ​កាត់​ផង​ដែរ។

៩. ជណ្ដើរលើសមុទ្រ

ជណ្ដើរ​នេះ​ត្រូវ​បាន​សាង​សង់​នៅ​លើ​កោះ Gaztelugatxe ប្រទេស​អេស្ប៉ាញ ដើម្បី​ត​ភ្ជាប់​ពី​កោះ​មក​ដី​គោក។ វា​ជា​ជណើ្តរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ពិភពលោក ដោយ​សារ​តែ​កាច់​កុង​ចុះ​ឡើង​រញ៉េរញ៉ៃ​បំផុត និង​មាន​រហូត​ដល់ ២៣៧ កាំ។

៨. ជណ្ដើរ Awaji Hyakudanen

ជណ្ដើរ​នេះ ស្ថិត​នៅ​លើ​កោះ Awaji ប្រទេស​ជប៉ុន និង​មាន​ភាព​ទាក់​ទាញ​បំផុត​ដោយ​សារ​តែ​មាន​សួន​ផ្កា ១០០ ថ្នាក់​តាម​ជណ្ដើរ​នីមួយៗ។ លើស​ពី​នេះ​ទៀត អ្នក​ទស្សនា​អាច​មើល​ឃើញ​ទិដ្ឋភាព​ទីក្រុង Osaka យ៉ាង​ច្បាស់​ពី​ជណ្ដើរ​នេះ​ផង​ដែរ។

៧. ជណ្ដើរ Ha'ikū

ជណ្ដើរ​ដែល​ស្ថិត​ក្នុង​រដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជណ្ដើរ​ឡើង​ទៅ​កាន់​ស្ថានសួគ៌។ វាគឺជាជណ្តើរមួយក្នុងចំណោមជណ្តើរដ៏ស្រស់ស្អាតនិងគួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងពិភពលោក និង​មាន​រហូត​ដល់ ៣ ៩២២ កាំ។

៦. ជណ្ដើរស្ពាន Moses

ជណ្ដើរ​ស្ពាន Moses ស្ថិត​នៅ​ប្រទេស ហូឡង់ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​តំបន់ Ford de Roovere។ ដោយ​សារ​តែ​តំបន់​នេះ សម្បូរ​ទៅ​ដោយ​គូ​ទឹក​ ទើប​វា​មិន​មាន​ស្ពាន​នោះ​ទេ។ ប៉ុន្តែ​តាម​រយៈ​ការ​ស្តារ​ឡើង​វិញ​នា​ពេល​ថ្មី​ៗ​នេះ គេ​បាន​សាងសង់​ជណ្ដើរ​ស្ពាន​នេះ​ឡើង ហើយ​វា​ពិត​ជា​មាន​សារសំខាន់ និង​គួរ​ឲ្យ​ទាក់​ទាញ​ខ្លាំង​ណាស់។

៥. ជណ្ដើរ Rue Foyatier

ជណ្ដើរ Rue Foyatier ស្ថិត​ក្នុង​ទីក្រុង ប៉ារីស ប្រទេស​បារាំង ដែល​អាច​ឲ្យ​អ្នក​ដំណើរ​ឡើង​ទៅ​កាន់​តំបន់​ទេសចរ​ដ៏​ល្បីល្បាញ​ឈ្មោះ Montmarte។ ជណ្ដើរ​នេះ​មាន​កម្ពស់ ៣០០ កាំ និង​ចំណាយ​ពេល​តិច​ជាង ៩០​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​ដល់​ខាង​លើ។

៤. ជណ្ដើរ​ថ្ម El Peñol

ជណ្តើរ​ដែល​បង្កើត​ឡើង​ដោយ​ដុំ​ថ្ម​នេះ ស្ថិត​នៅ​ទីក្រុង Guatape ប្រទេស កូឡុំប៊ី។ វា​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​មាន​ចំនួន ៦៥០ កាំ​ដើម្បី​ឡើង​ទៅ​ដល់​កំពូល។

៣. ជណ្ដើរ Inca Trail

Inca Trail គឺ​ជា​ផ្លូវ​បុរាណ​ក្នុង​ទីក្រុង Cuzco ដើម្បី​ឡើង​ទៅ​កាន់​តំបន់ Machu Pichu ប្រទេស ប៉េរូ។ ជណ្តើរ​នេះ ស្ថិត​នៅ​លើ​ផ្លូវ​ខ្វាត់​ខ្វែង​គ្នា​ជុំវិញ​ភ្នំ និង​មាន​រហូត​ដល់ ១ ៥០០ កាំ។

២. ជណ្ដើរ​ល្បាក់ Universe

ជណ្ដើរ​ល្បាក់ Universe ស្ថិត​ក្នុង​ទីក្រុង Dumfries ប្រទេស ស្កុតឡែន ហើយ​ស្ថិត​ក្នុង​តំបន់​ឯកជន​ដែល​មាន​ឈ្មោះ​ថា Gardens of Cosmic Speculations។ តំបន់​នេះ បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

១. ជណ្ដើរ Girnar

ជណ្ដើរ Girnar ស្ថិត​ក្នុង​ទីក្រុង Gujarat ប្រទេស​ឥណ្ឌា និង​ជា​ជណ្ដើរ​ឡើង​ភ្នំ​ខ្ពស់​បំផុត​ដែល​មាន​កម្ពស់​រហូត​ដល់ ៩ ៩៩៩ កាំ។ ការ​ឡើង​ជណ្ដើរ​នេះ អាច​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​កំពូល​ភ្នំ អ្នក​នឹង​អាច​មើល​ឃើញ​ទេសភាព​ស្រស់​ស្អាត​បំផុត៕

ចុចអាន ៖

អត្ថបទ ៖ សុភារ័ត្ន