ប្រាក់​ចំណូល​ Box Office ប្រចាំ​ខែ​មីនា​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុនៗ

  • 2018-03-27 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​នៅ​សល់​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​ទៀត​នេះ​ប៉ុណ្ណោះ ហូលីវូដ​ទទួល​បាន​ភាព​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​ភាពយន្ត​ដែល​បញ្ចេញ​នៅ​ក្នុង​ខែ​នេះ​មិន​មាន​លទ្ធភាព​រក​ចំណូល​បាន​ច្រើន​តាម​ការ​កំណត់។

ប្រាក់​ចំណូល​សរុប​ប្រចាំ​ខែ​មីនា​​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​គឺ ៧២២,៥​លាន​ដុល្លារ ធ្លាក់​ចុះ​ដល់​ទៅ​ ២៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​ពេល​ដដែល ដោយ​រក​ចំណូល​បាន ៩៩៧,៣​លាន​ដុល្លារ​យោង​ទៅ​តាម​ ComScore។

សង្ឃឹម​ចុង​ក្រោយ​ចំពោះ​ចំណូល​ខែ​នេះ​គឺ​ពឹង​ពាក់​ទៅ​លើ ភាពយន្ត​ "Ready Player One” ដែល​ជា​ស្នា​ដៃ​របស់​ផលិតករ​ភាពយន្ត​ល្បី​ឈ្មោះ Steven Spielberg របស់​ផលិតកម្ម​យក្ស Warner Bros. និង Amblin Entertainment ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។

កាល​ពី​ឆ្នាំ​មុន​ប្រាក់​ចំណូល​សរុប​ប្រចាំ​ខែ​មីនា​គឺ​ដល់​ទៅ ១,២​ប៊ីលាន​ដុល្លារ គិត​តែ​នៅ​ក្នុង​ស្រុក​ ដោយ​រក​បាន​ពី​រឿង​ល្បីៗ​ "Beauty and the Beast” ៥០៤លាន​ដុល្លារ "Logan” ២២៦​លាន​ដុល្លារ "The Boss Baby” ១៧៥​លាន​ដុល្លារ "Kong: Skull Island” ១៦៨​លាន​ដុល្លារ ខណៈ​ឯ​ចំណូល​សរុប​ប្រចាំ​ខែ​កាល​ពី​ឆ្នាំ​២០១៦​គឺ ៩៣៩លាន​ដុល្លារ ប្រភព​ធំៗ​បាន​មក​ពី​ "Zootopia” ៣៤១​លាន​ដុល្លារ "Batman v. Superman: Dawn of Justice” ៣៣០,៤​លាន​ដុល្លារ។

ដូច្នេះ​ប្រាក់​ចំណូល​ប្រចាំ​ខែ​នេះ​ ត្រូវ​ការ​យ៉ាង​តិច​ណាស់​២០០​លាន​ដុល្លារ​ទៀត​ទើប​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​ចាស់ៗ។ ប្រសិន​ជា​គ្មាន​ជំនួយ​ពី​រឿង "Black Panther” ដែល​បញ្ចេញ​កាល​ពី​ខែ​កុម្ភៈ​ ២០០​លាន​ដុល្លារ​នោះ​ទេ ចំណូល​ខែ​នេះ​នឹង​កាន់​តែ​តិច​ខ្លាំង​នឹក​ស្មាន​មិន​ដល់។

មូល​ហេតុ​ចម្បង​នៃ​បរាជ័យ​នេះ​គឺ​ភាពយន្ត​ល្បីៗ ដូច​ជា​ "A Wrinkle in Time”, “Pacific Rim: Uprising” និង "Sherlock Gnome” ជា​ដើម​រក​ចំណូល​បាន​តិច​ជាង​ការ​រំពឹង​ទុក​ខ្លាំង៕

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី