រាងឡូយកប់! ​គូ​ប្រជែង​ថ្មី​របស់​ Tesla នា​ដើម​ឆ្នាំ ២០១៨ ចេញ​មុខ​មក​ហើយ!

  • 2018-03-29 08:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SF Motors ទើប​តែ​បញ្ចេញ​ឡាន​ដើរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធសាធ​របស់​ខ្លួន​ចំនួន ២ ម៉ូដែល គឺ SF5 និង SF7 ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្តិច។ SF5 នឹង​ចាប់​ទទួល​ការ​បញ្ជា​ទិញ នា​ចុង​ឆ្នាំ ២០១៨ នេះ រីឯ SF7 នឹង​ចេញ​លក់​នា​ឆ្នាំ​ក្រោយ។

ទាំង​ពីរ​ម៉ូដែល​គឺ SF5 និង SF7 ជា​ប្រភេទ Coupe UV (Coupe Utility Vehicle) មាន​កៅអី​អង្គុយ​ចំនួន​២ជួរ ដែល​ទ្វារ​សង​ខាង​អាច​បើក​បាន​ដូច​រថយន្ត​ប្រណីត Rolls Royce អញ្ចឹង ធ្វើ​ឲ្យ​ពេល​ចេញ​ចូល​មាន​ភាព​ស្រឡះ​ល្អ​មិន​ទើស​ដៃ​ទើស​ជើង។

រថយន្ត​ទាំង​ពីរ​នេះ អាច​មាន​ថាមពល​រហូត​ដល់ ១០០០ សេះ​ឯណោះ​ ហើយ​អាច​បង្កើន​ល្បឿន​ពី ០-១០០ គម/ម៉ ត្រឹម​រយៈ​ពេល​ ៣ វិនាទី តែ​ប៉ុណ្ណោះ។ រាល់​ការ​សាក​ពេញ​ម្ដង រថយន្ត​នេះ​អាច​បើក​បរ​បាន​ចម្ងាយ​ប្រហែល ៤៨៣ គម តែ​ខាង​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​ ចម្ងាយ​នៃ​ការ​បើកបរ​​នេះ​អាច​ដំឡើង​បាន ដោយ​មិន​មែន​បន្ថែម​ទំហំ​ផ្ទុក​នៃ​ថ្ម​ឡើយ តែ​ជា​ការ​បំពាក់​ម៉ូទ័រ​ដែល​អាច​សាក​បញ្ចូល​ភ្លើង ពេល​កំពុង​បើកបរ​រថយន្ត​ឯណោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន SF Motors បាន​ទិញ​យក​ក្រុមហ៊ុន InEvit ដែល​ម្ចាស់​ក្រុមហ៊ុន​នោះ​ លោក Martin Eberhard ជា​អតីត​អ្នក​បង្កើត ក្រុមហ៊ុន Tesla ឡើង​ផង​ដែរ។ InEvit ជា​ក្រុមហ៊ុន​ដែល​សិក្សា​ស្រាវជ្រាវ​លើ​អាគុយ​សម្រាប់​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​ឲ្យ​អាគុយ​ទាំង​នោះ​មាន​ភាព​ប្រសើរ​ឡើង ទាំង​ទំហំ​ផ្ទុក និង​ការ​រក្សា​សីតុណ្ហភាព​ឲ្យ​នៅ​ថេរ​ជាដើម។

ចង់​ដឹង​ថា រថយន្ត SF5 និង SF7 របស់ SF Motors ស្អាត​ប៉ុណ្ណា សូម​មើល​រូប​ភាព​ខាង​ក្រោម​ជាមួយ​ Sabay ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ