LEXUS ចេញ​វិធី​ថ្មី​​ទិញ​ឡាន​ឲ្យ​ត្រូវ​ចិត្ត តែ​កុំ​សើច​ឲ្យ​សោះ​ (មាន​វីដេអូ)

  • 2018-04-02 02:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រុមហ៊ុន Lexus បាន​បញ្ចេញ​វីដេអូ​នៅ​លើ ​Youtube Channel ផ្ទាល់​ខ្លួន​ដើម្បី​បង្ហាញ​ពី​វិធី​ថ្មី​ក្នុង​ការ​ជ្រើស​រើស​ប្រភេទ​រថយន្ត​ថ្មី ឲ្យ​ត្រូវ​នឹង​ខ្លួន​អ្នក​សឹង ១០០​ភាគរយ​តែ​ម្ដង។

វិធី​នេះ​មាន​ឈ្មោះ​ថា Genetic Select (ការ​ជ្រើស​រើស​ដោយ​ពឹង​ផ្អែក​ទៅ​លើ ហ៊្សែន) ដែល​មាន​ការ​សហការ ពី​ក្រុមហ៊ុន 23andMe ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ពិនិត្យ និង​វិនិច្ឆ័យ DNA របស់​មនុស្ស​យ៉ាង​ល្បី​ល្បាញ​ផង​ដែរ។​ការ​ធ្វើ​តេស្ត​នេះ គឺ​មាន​ភាព​ងាយ​ស្រួល​មែន​ទែន​ដោយ​គ្រាន់​តែ​លោក​អ្នក​ទៅ​ក្រុមហ៊ុន Lexus ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក ហើយ​ជួប​ជាមួយ​ភ្នាក់ងារ​លក់​ដើម្បី​ឲ្យ​គេ​យក​បំពង់​មួយ​ដែល​អ្នក​អាច​ស្ដោះ​ទឹកមាត់​ដាក់​ហើយ​យក​ទៅ​ពិនិត្យ DNA អ្នក។

ត្រឹម​រយៈ​ពេល​តែ ២ថ្ងៃ​ (៤៨ ម៉ោង)ប៉ុណ្ណោះ អ្នក​នឹង​ទទួល​បាន​រថយន្ត Lexus ថ្មី​របស់​អ្នក​ភ្លាម នៅ​មុខ​ផ្ទះ​របស់​អ្នក​តែ​ម្ដង។ រថយន្ត​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​អ្នក​តែ​ម្ដង ដោយ​មាន​ទ្វារ​ចូល​ប៉ុន​ល្មម​កម្ពស់​របស់​អ្នក បូក​រួម​នឹង​កៅអី​ដែល​មាន​កន្លែង​ផ្អែក​ក្បាល​ធំ​ខុស​ពី​ធម្មតា​ទៀត​ផង ប្រសិន​បើ​ក្បាល​អ្នក​ធំ​ខុស​ពី​មនុស្ស​ទូទៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រថយន្ត​នេះ​ក៏​មាន​ដាក់​នូវ​ក្លិន​ទឹកអប់​ដែល​អ្នក​ចូល​ចិត្ត​រួច​ជា​ស្រេច ដែល​វា​អាច​ដឹង​តាម​ការ​វិភាគ DNA របស់​អ្នក​តែ​ម្ដង។

បើ​និយាយ​ពី​កញ្ចក់​ចំហៀង​វិញ វា​អាច​ប្ដូរ​ពណ៌​ទៅ​ជា​ថ្លា​ច្បាស់ ឬ​ក្រ​ម៉ៅ ដើម្បី​ការពារ​អ្នក​ពី​កាំ​រស្មី UV។ ម៉្យាងទៀត កញ្ចក់​ខាង​មុន​មាន​ការ​កាត់​វាស់​ឲ្យ​ត្រូវ​នឹង​ដឺក្រេ​ភ្នែក​របស់​អ្នក​តែ​ម្ដង​ ដោយ​អ្នក​មិន​ចាំ​បាច់​ប្រើ​វ៉ែនតា ក្នុង​ពេល​បើក​បរ​ទៀត​ឡើយ។

ចំណុច​ដែល​ពិសេស​បំផុត​ ពី​រថយន្ត​នេះ គឺ​អ្នក​មិន​ត្រូវ​ការ​សោ​ដើម្បី​បញ្ឆេះ​ទៀត​ឡើយ គឺ​អ្នក​គ្រាន់​តែ​យក​អណ្ដាត​អ្នក​ទៅ​លិឍ​នឹង​ដៃ​ចង្កូត​ភ្លាម​នោះ​ រថយន្ត​នឹង​បញ្ឆេះ​តែ​ម្ដង​ដោយ​វា​អាច​ស្គាល់​តាម​រយៈ​ទឹកមាត់​របស់​អ្នក។

មក​ដល់​ចំណុច​នេះ​ហើយ Sabay សូម​និយាយ​សាច់​ការ​ម្ដង​ថា​វីដេអូ​នេះ គឺ​ធ្វើ​ឡើង​ជា​ រឿង​លេង​សើច​ នោះ​ទេ សម្រាប់​ថ្ងៃ ១ មេសា ដែល​ជា​ប្រពៃណី​របស់​ប្រទេស​លោក​ខាង​លិច​ដែល​គេ​ហៅ​ថា April Fool's Day ជា​ថ្ងៃ​ដែល​គេ​អាច​បោក កុហក​គ្នា​ជា​ការ​កម្សាន្ត​សប្បាយ​ដោយ​មិន​មាន​ការ​ប្រកាន់​ខឹង​ឡើយ។

នេះ​ជា​វីដេអូ ធ្វើ​ឡើង​មក​បោក​ទស្សនិកជន​យ៉ាង​ល្អ​សម សូម្បី​តែ​អ្នក​បញ្ចូល​សំឡេង​ក្នុង​វីដេអូ​នោះ​ផ្ទាល់​ក៏​ទប់​សំណើច​មិន​ចង់​បាន​ដែរ​នៅ​ចុង​វីដេអូ​នេះ៖

ប្រភព៖ lexus   ប្រែ​សម្រួល៖ ផាត សុវត្ថិ