បើ​ធ្លាប់​ត្រូវ​គេ​បោក​តាម​ទូរសព្ទ​ ចង់​ការពារ​ខ្លួន​អនុវត្ត​តាម​វិធី​នេះ​

  • 2018-04-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរស័ព្ទ ឬហៅ Telephone Scam” គឺជាអំពើ ឬសកម្មភាពក្នុងការស្វែងរកព័ត៌មានពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍តាមរយៈទូរស័ព្ទ ឬ បញ្ជូនសា ឬ ស្រាវជ្រាវតាមដានតាមបណ្តាញសង្គមនិងបណ្តាញ OTT នានា ដើម្បីធ្វើការបោកប្រាស់កេងបន្លំផលប្រយោជន៍ពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍។ នេះ​ជា​ការ​ឲ្យ​ដឹង​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៨​ មេសា​ ឆ្នាំ​២០១៨​។

#គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរសព្ទ ឬហៅ Telephone Scam ” ដែល​កំពុងតែកើតមាននៅកម្ពុជា តាម​រយៈ​រូប​ភាព​ដូចជា៖

  • មានការក្លែងបន្លំទូរស័ព្ទមកជនណាម្នាក់ថាមានបងប្អូនឬមានសាច់ញាតិគ្រោះថ្នាក់ចរាចរណ៍បើកឡានឬទោចចក្រយានយន្តប៉ះពារគេ ត្រូវដោះស្រាយសងសំណង ហើយគេធានាជួយអន្តរាគមន៍ឱ្យៗតែជនទទួលទូរស័ព្ទវេលុយតាមប្រព័ន្ធផ្ទេរលុយណាមួយទៅឱ្យគេចឹងទៅ។

  • ករណីមានជនម្នាក់មានលុយដាក់ផ្ញើនៅក្នុងគណនីធនាគារណាមួយចឹង ហើយជនខិលខូចនោះ ស្រាវជ្រាវរកលេខជននោះ ហើយប្រាប់ថាគេជាបុគ្គលិកធនាគារដែលយើងដាក់ប្រាក់មានបំណងចង់រៀបចំគណនីឬធ្វើអ្វីមួយតាមជំនាញធនាគារ ដោយត្រូវការព័ត៌មានសំខាន់ៗពីជននោះ ហើយនៅពេលយើងប្រាប់អស់ទៅ ជនខិលខូចហ្នឹងគេនឹងទាញយកលុយយើងចេញពីធនាគារអស់ទៅ។

  • ឬតាំងខ្លួនស្គាល់ថ្នាក់ដឹកនាំរបស់យើង មកថានេះថានោះ ជាផលមិនល្អសម្រាប់យើង ឬ ចង់ឱ្យឡើងដំណែង ដែលតម្រូវឱ្យលុយទៅគេ។

  • មានករណីមួយទៀត បណ្តាប្រតិបត្តិករទូរស័ព្ទនៅបណ្តាប្រទេសនៅលើកោះ តូចៗ ដែលមិនសូវមានអ្នកណាទូរស័ព្ទទៅ ហើយទូរស័ព្ទទៅមានតម្លៃថ្លៃជាងប្រទេសដទៃ។ ពេលនោះប្រតិបត្តិករហ្នឹងធ្វើការស៊ីញ៉ូមួយខ្វាច់ រួមយើងអ្នកទទួល នៅកម្ពុជានេះ ស្មានថាបងប្អូនឬសាច់ញាតិឬដៃគូជំនួញទូរស័ព្ទមក ក៏ទូរស័ព្ទទៅវិញពេលនោះ មិនមានអ្នកណានិយាយរកយើងទេ ឬនិយាយដែលមានលក្ខណៈទាក់ទាញយើងឱ្យនិយាយក្នុងរយៈពេលមួយ ៥នាទី ទៅ ១០នាទី អីចឹង ពេលនោះយើងអ្នកហៅទៅគេ គឺត្រូវគិតលុយឱ្យទៅប្រតិបត្តិករក្នុងស្រុកដែលយើងប្រើ ហើយប្រតិបត្តិករក្នុងស្រុកយើងបង់ថ្លៃឱ្យទៅប្រតិបត្តិករប្រទេសនោះជាលក្ខណៈសេវារ៉ូម៉ីងអន្តរជាតិ។

  • ករណីមួយទៀត មានគេតាំងខ្លួនជាតំណាងក្រុមហ៊ុនឆ្នោត ឬ តំណាងក្រុមហ៊ុនផលិតផលណាមួយ ទូរស័ព្ទមកយើងថាយើងមានត្រូវរង្វាន់អីចឹង ហើយបើចង់បានរង្វាន់នោះត្រូវតែវេលុយមកឱ្យគេខ្លះទៅ ដើម្បីគេជួយពន្លឿននិងយកទៅជូនតែម្តងដល់ផ្ទះអីចឹងទៅ។

  • ករណីខ្លះទៀត មានផ្ញើសារថាយើងត្រូវរង្វាន់បរទេសឬគេចង់ចងយើងជាមិត្ត គេចង់ផ្ញើអីមកឱ្យ តែមកដល់ហើយ ត្រូវការថ្លៃបង់សេវា។ល។ ឱ្យយើងវេលុយឱ្យទៅគេអីចឹងទៅ។

  • មានករណីមួយទៀត គេភ្ជាប់បណ្តាញ SIMBOX តាមស៊ីមទូរស័ព្ទ ឬតាមអាយភី ដើម្បីធ្វើជាបណ្តាញទំនាក់ទំនងក្រៅប្រព័ន្ធគ្រប់គ្រងរបស់យើង ទៅប្រើប្រាស់ចាប់ជម្រឹតទារប្រាក់ជាដើម។

  • បញ្ជូនសារមកយើងក្នុងគោលដៅបោកបញ្ឆោត ថានឹងបញ្ជូនរបស់មកឱ្យ ថានឹងរៀបចំយើងឱ្យទៅនៅបរទេស ហើយតម្រូវឱ្យយើងបំពេញឯកសារអនឡាញ ដែលគេអាចទាញយកព័ត៌មានពីយើង ក្នុងបំណងបោកប្រាស់។

#ដើម្បីការ​ពារ​ខ្លួន​ពី​ការ​បោក​ប្រាស់​​​តាមប្រព័ន្ធទូរសព្ទ អ្នក​ត្រូវ​៖

  • ទី១៖ អ្នកប្រើប្រាស់សេវាទូរស័ព្ទឬសេវាទូរគមនាគមន៍ ត្រូវផ្តល់ការសហការអ្នក ផ្តល់សេវាដោយផ្តល់អត្តសញ្ញាណសំគាល់របស់ខ្លួននៅពេលជួលជាវសេវា។
  • ទី២៖ មិនត្រូវជឿជាក់ពេកទេទៅលើរឿងអភូតហេតុធ្លាក់មកពីលើមេឃ ដូចជាត្រូវរង្វាន់ និង ផ្តល់ព័ត៌មានរបស់ខ្លួនទៅឱ្យជនមិនស្គាល់អត្តសញ្ញាណ។
  • ទី៣៖ ប្រើប្រាស់កម្មវិធីនៅក្នុងទូរស័ព្ទដៃឬកុំព្យូទ័រ ត្រូវស្ទាត់ជំនាញនិងមានវិធីការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ បើខ្លួនមិនចេះគួសួរគេឯងជាអ្នកជំនាញដើម្បីជួយ។
  • ទី៤៖ មានបញ្ហាត្រូវប្តឹងទៅអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានដែលនៅជិតអ្នក និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យល្អ៕

អត្ថបទ៖ រក្សា