៤ ​ចំណុច​សំខាន់​​ពី​ ឡៅ ចន្ទ្រា ​ដែល​អ្នក​គាំទ្រ​អាច​មិន​ដឹង

  • 2018-04-09 06:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​គ្រប់​ក្បាច់ ឡៅ ចន្ទ្រា បាន​​​ចូល​ហ្វឹកហាត់​ប្រដាល់​​កាល​កំឡុង​ឆ្នាំ​២០១២ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​រន្ទឺ​ និង​​សឹង​រក​ដៃ​គូ​ក្នុង​ស្រុក​ប្រកួត​គ្មាន។ ប៉ុន្តែ​ ៤ ចំណុច​សំខាន់​នេះ​អ្នក​គាំទ្រ​​ អាច​មិន​ដឹង​​​ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន៖

​១-​​កីឡាករ​ដែល​ជា​និមិត្តរូប​ ( ​Idol ) ​៖ បើ​ទោះ​ឃើញ​បង​ប្រុស​វ៉ៃ​ល្អ និង​ចង់​ល្បី​ដូច​បង​ប្រុស​ក្ដី ​ចន្ទ្រា មិន​បាន​សម្លឹង​ឃើញ​បង​ប្រុស​ជា Idol របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ​រូប​គេ​បាន​ចាត់​​ទុក​អ្នក​ប្រដាល់​កំពូល​ល្បិច​ ប៊ឺត ខាំ ​ជា​ Idol ។

២-​ចូល​ហាត់​ប្រដាល់​ព្រោះ​បង​​ចង់​ល្បី​ដូច​បង​ប្រុស៖ ​ដំណើរ​ដើម​ទង នៃ​ការ​ចូល​ហាត់​ប្រដាល់​របស់​គេ ​ក្រោម​ហេតុ​ផល​តែ​មួយ​គត់​គឺ​​ចង់​ល្បី​ដូច​បង​ប្រុស ឡៅ ស៊ីណាត ចូល​ហាត់​ប្រដាល់​ដំបូង​នៅ​ឆ្នាំ​២០១២ ដែល​កាល​​នោះ​កំពុង​សិក្សា​ថ្នាក់​ទី៧។

បង​ប្អូន​ក្រកូល​ ឡៅ ទាំង ៣​ នាក់​

៣-មិន​ហ៊ាន​មើល​ការ​ប្រកួត​​សំខាន់​ៗ និង​​ធ្លាប់​ឲ្យ​ទឹក​ ឡៅ ចិត្រា ៖ ​ចន្ទ្រា បាន​បំភ្លឺ​ក្នុង​កម្មវិធី​​​សម្ភាសន៍​មួយ​របស់​​ទូរទស្សន៍ CNC ថា រូប​គេ​មិន​ដែល​ទៅ​ឲ្យ​ទឹក​ប្អូន​ប្រុស ​ឡៅ ចិត្រា ឬ​មើល​ការ​ប្រកួត​​របស់​ប្អូន​ឡើយ។ ក្រោយ​ប្រកួត​ចប់​ទើប​មើល​ការ​ប្រកួត​របស់​ប្អូន​តាម Youtube ឡើង​វិញ នេះ​មក​ពី​​រូប​គេ​​មាន​អារម្មណ៍​អាណិត​ នៅ​ពេល​ឃើញ​​​ប្អូន​ត្រូវ​បាន​គេ​វៃ​។ ​ ​

ឡៅ ចិត្រា

៤-​ដំណើរ​ដើម​ទង​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់៖ ឡៅ ចន្ទ្រា បាន​​និយាយ​ក្នុង​កម្មវិធី​សម្ភាសន៍​ខាង​លើ​ដដែល​ថា ​ក្នុង​ឆ្នាំ​២០១២ រៀន​នៅ​ថ្នាក់​ទី​៧ ​ខ្លួន​បាន​និយាយ​ទៅ​កាន់​បង​ប្រុស ឡៅ ស៊ីណាត​ថា​ « បង​ខ្ញុំ​ទៅ​ហាត់​ប្រដាល់​ដែរ» ពេល​នោះ ស៊ីណាត បាន​​ប្រាប់​ទៅ​ប្អូន​វិញ​ថា «​ឯង​ច្បាស់​អត់។ ប្រដាល់​ហាត់​ពិបាក​ណាស់ ព្រោះ​គ្រូ​ជេរ​ស្ដី​ច្រើន។ តែ​បើ​ជ្រុល​ហាត់​ហើយ ត្រូវ​ប្រឹង​ឲ្យ​ល្បី»។

ក្រោយ​​ទទួល​បាន​ការ​អនុញ្ញាត​ពី​បង​ប្រុស​ ចន្ទ្រា សម្រេច​​​​ទៅ​សុំ​ម្ដាយ​ ដើម្បី​​ឈប់​រៀន​ និង​​បាន​ចូល​ហាត់​ប្រដាល់​ពេល​នោះ​ម្ដាយ​របស់​គេ​បាន​ឆ្លើយ​ថា «ទៅ​វៃ​ឈ្នះ​អ្នក​ណា បើ​គ្រាន់​អញ​ជេរ​ក៏​យំ​ដែរ»។ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ការ​ទទូច​សុំ​របស់​ ចន្ទ្រា និង​ការ​តាំង​ចិត្ត​ហ្វឹកហាត់​គ្រួសារ​ក៏​យល់​ព្រម​ឲ្យ​ចូល​ហាត់​ប្រដាល់ និង​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​ល្បី​ដូច​សព្វ​ថ្ងៃ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី