សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់មូលហេតុដែលមិនបង្កើតមូលនិធិសង់ព្រែកជីកហ្វូណនតេជោ
- 2024-04-29 08:58:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់មូលហេតុដែលមិនបង្កើតមូលនិធិសង់ព្រែកជីកហ្វូណនតេជោ
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាលមិនមានតម្រូវការឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថវិកាគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ ព្រោះថា រាល់គម្រោងនីមួយៗ គឺសុទ្ធតែត្រូវបានគិតគូរពីហិរញ្ញវត្ថុសម្រាប់សាងសង់រួចមកហើយ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា ត្រឹមតែទឹកចិត្តស្មារតីជាតិនិយមរបស់បងប្អូនប្រជាពលរដ្ឋ មកលើគម្រោងព្រែកជីកហ្វូណនតេជោ គឺជាការគាំទ្រយ៉ាងធំធេងបំផុត គឺធំជាងថវិការាប់ពាន់លានដុល្លារទៅទៀត ហើយនេះជាកម្លាំងជាតិនិយម ដើម្បីផលប្រយោជន៍ជាតិ និងភាពម្ចាស់ការ តកូនតចៅ។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា បើទោះបីមាន ឬមិនមានការវិនិយោគពីបរទេសចំពោះគម្រោងនេះ ក៏កម្ពុជាដាច់ខាតត្រូវតែធ្វើឱ្យបាន។ «យើងបានរៀបចំសេណារីយ៉ូ ៣តង់ រួចមកហើយ បើសិនបើគ្មានបរទេសចូល យើងនឹងធ្វើឱ្យបាន វាគ្មានខាតអីទេ។ សេណារីយ៉ូ ៣ដំណាក់ ដែលត្រូវធានាឱ្យបាន គម្រោងនេះដាច់ខាតត្រូវតែធ្វើឱ្យចេញ»។
គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕