៨ ចំណុច​ កុំ​មើល​ស្រាល​ឲ្យ​សោះ បើ​មិន​ចង់​ជួប​បញ្ហា​ ពេល​បើក​ឡាន​ទៅ​ផ្លូវ​ឆ្ងាយ

  • 2018-04-13 02:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ជា​ពេល​ដែល​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស ប្រារព្ធ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រិយមិត្ត​របស់ Sabay មួយ​ចំនួន​បាន​រៀប​ចំ​សម្ភារៈ​នានា សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ឬ​តាម​ទី​រមណីយដ្ឋាន​ដែល​នៅ​ក្រៅ​រាជធានី​បាត់​ទៅ​ហើយ ដែល​ភាគ​ច្រើន​នឹង​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន​តែ​ម្ដង។ ដូច​នេះ Sabay សូម​លើក​យក​ការ​ត្រួត​ពិនិត្យ​រថយន្ត​ទាំង ៨​ចំណុច ដែល​ប្រិយមិត្ត​គ្រប់​រូប​គួរ​ដឹង​មុន​ពេល​ចេញ​ដំណើរ៖

១. ឆែក​មើល​កម្រិត​ទឹក និង​ប្រេង​ម៉ាស៊ីន

ត្រូវ​ឆែក​មើល​ពី​កម្រិត​ ប្រេង​ម៉ាស៊ីន ប្រេង​ហ្រ្វាំង ប្រេង​ចង្កូត ប្រេង​ប្រអប់​លេខ ឲ្យ​វា​នៅ​កម្រិត​ដ៏​ត្រឹមត្រូវ​មួយ។ ចំណែក​ឯ​ទឹក ត្រូវ​ពិនិត្យ​មើល​ ធុង​ទឹក និង​ទឹក​សម្រាប់​លាង​កញ្ចក់​ជាដើម។

២. ឆែក​មើល​សម្ពាធ​ខ្យល់​ក្នុង​កង់

មិន​ត្រឹម​តែ​មើល​កង់​ទាំង ៤​ទេ សូម្បី​តែ​កង់​សា​គួរ​ក៏​ត្រូវ​មើល​ដែរ ជៀស​វាង​នាំ​ការ​លំបាក​ច្រើន​ដំណាក់​កាល។ យល់​ល្អ​ គួរ​បន្ធូរ​ខ្យល់​ចេញ​ខ្លះ​ឲ្យ​នៅ​ក្រោម​កម្រិត​ស្តង់ដារ ព្រោះ​ពេល​ធ្វើ​រត់​ឆ្ងាយ​ទៅ កង់​រថយន្ត​នឹង​ឡើង​ក្ដៅ​ ធ្វើ​ឲ្យ​មាឌ​ខ្យល់​ក្នុង​កង់​រីក​ ដែល​អាច​បណ្ដាល​ឲ្យ​ផ្ទុះ​បាន​បើ​សិន​ជា​សប់​តឹង​ពេក។

៣. ប្ដូរ​ប្រេង​ម៉ាស៊ីន​ចោល​តែ​ម្ដង

ប្រសិន​បើ​រថយន្ត​អ្នក​ជិត​ដល់​ពេល​ដែល​ប្ដូរ​ប្រេង​ម៉ាស៊ីន​ហើយ (ឧទាហរណ៍ ថា​សល់ ២០០គម ទៀត) អ្នក​គួរ​តែ​ប្ដូរ​វា​ចោល​តែ​ម្ដង​ទៅ ដោយ​ហេតុ​ថា ប្រេង​ម៉ាស៊ីន​ចាស់​មាន​កំណ​ច្រើន​ជាហេតុ​ធ្វើ​ឲ្យ​វា​មិន​អាច​ផ្ដល់​ជាតិ​រំអិល ដល់​ម៉ាស៊ីន​ដូច​កាល​ទើប​ដូរ​ថ្មី​ទេ។ ម៉្យាង​ទៀត ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ថ្មី ក៏​អាច​ជួយ​សន្សំ​សំចៃ​ឥន្ធនៈ របស់​អ្នក​បាន​ច្រើន​ដែរ។

៤. ឆែក​មើល​ក្រឡា​សំបក​កង់​រថយន្ត

អ្នក​អាច​ប្រើ​ចុង​ឧបករណ៍​វាស់​សម្ពាធ​រថយន្ត ដើម្បី​មើល​កម្រាស់​ក្រឡា​កង់​ថា​នៅ​សល់​ជ្រៅ​កម្រិត​ណា។ បើ​គ្មាន​ឧបករណ៍​នោះ​ទេ អ្នក​អាច​ប្រើ​កាក់​ធម្មតា​បាន។ កម្រាស់​កង់​ទាប​បំផុត​ដែល​អាច​ធ្វើ​ដំណើរ​បាន​គឺ ១.៦ មម តែ​យល់​ល្អ​បើ​កង់​អ្នក​សល់​ក្រឡា​ត្រឹម ២.៥ មម ហើយ​អ្នក​គួរ​តែ​ប្ដូរ​កង់​ចេញ​ឲ្យ​ហើយ​ទៅ ព្រោះ​វា​អាច​ផ្ទុះ​បែក​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បង្ក​ជា​គ្រោះ​ថ្នាក់​ផ្សងៗ។

៥. មើល​សំបុក​ខ្យល់​ (អ៊ែរ) រថយន្ត

អ្នក​គួរ​ធ្វើ​ការ​លាង​សម្អាត ឬ​ប្ដូរ​សំបុក​ខ្យល់​ថ្មី ដោយ​សារ​តែ​សំបុក​ខ្យល់​ដែល​ថ្មី ឬ​លាង​សម្អាត​ហើយ អាច​ត្រង​ខ្យល់​ចូល​​ក្នុង​ម៉ាស៊ីន​បាន​ស្អាត​ជាង​មុន​ជា​ហេតុ​ធ្វើ​ឲ្យ ម៉ាស៊ីន​អ្នក​ស្ទុះ​ និង​មិន​សូវ​ស៊ី​សាំង។ មួយ​វិញ​ទៀត បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ប្រើ​ម៉ាស៊ីន​ត្រជាក់​ដោយ​បឺត​ខ្យល់​ពី​ខាង​ក្រៅ អ្នក​ក៏​គួរ​តែ​លាង​សម្អាត​តម្រង​ខ្យល់​ម៉ាស៊ីន​ត្រជាក់​នោះ​ ឬ​ប្ដូរ​ចោល​ដូច​គ្នា​ដើម្បី​ឲ្យ​ម៉ាស៊ីន​ត្រជាក់​អ្នក​ដំណើរ​ការ​ស្រួល​ជាង​មុន។

៦. លាង​សម្អាត​រថយន្ត​របស់​អ្នក

ការ​ធ្វើ​បែប​នេះ​វា​អាច​ជួយ​សម្អាត​ដល់​កញ្ចក់ ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ផ្លូវ​បាន​ច្បាស់​ជាង​មុន។ ម៉្យាងទៀត វា​ក៏​អាច​សម្អាត​ចង្កៀង​របស់​អ្នក​ឲ្យ​ភ្លឺ​ជាង​មុន​ផង​ដែ។

៧. ពិនិត្យ​មើល​ចង្កៀង​មុខ​ក្រោយ

ត្រូវ​ឆែក​មើល​ថា ចង្កៀង​មុខ ហ្វា​កូត ភ្លើង​ស៊ីញ៉ូ​ មុខ ក្រោយ និង​ស្តុប​ក្រោយ​របស់​អ្នក​នៅ​ដំណើរការ។ បើ​សិន​ជា​សង្ស័យ​ថា អំពូល​ណា​មួយ​មិន​ដំណើរ​ការ​ អ្នក​គួរ​តែ ប្ដូរ​វា​ចោល​ឲ្យ​ហើយ​តែ​ម្ដង​ទៅ។

៨. យក​ឧបករណ៍​ចាំ​បាច់​ដាក់​តាម​ឃ្លុប​រថយន្ត

កង់​សា​គួរ ដែក​ដូយ ស្នប់ ទួរណឺវិស សោ​សម្រាប់​មួល​ខ្ចៅ សុទ្ធ​តែ​ជា​របស់​ចាំបាច់​ សម្រាប់​រថយន្ត​របស់​អ្នក។ ម៉្យាង​ទៀត អ្នក​ក៏​អាច​ច្រក​ទឹក ប្រើ​សម្រាប់​បម្រុង​ក្នុង​ករណី ដែល​ធុង​ទឹក​ឡាន​អ្នក​មាន​ការ​លេច​ធ្លាយ​ផង​ដែរ៕

ប្រភព៖ Wikihow   ប្រែ​សម្រួល៖ ផាត សុវត្ថិ