មកដឹងលក្ខណៈពិសេសរបស់អង្គរក្សតាមការពារ គីម ជុងអ៊ុន ទាំង១២នាក់

  • 2018-04-30 07:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គរក្ស​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ដែល​តែងស្លៀកពាក់​ឈុត​ខោ​អាវ​ធំ​ពណ៌​ខ្មៅ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន នាពេលកន្លងមក។

ស្រប​ពេល​ដែល​លោក គីម ជុងអ៊ុន កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ កាលពីឆ្នាំ២០១៨ កងកម្លាំង​សន្តិសុខ​ទាំង​នោះ​បាន​ព័ទ្ធ​ជុំវិញ​មេដឹកនាំ​របស់​ខ្លួន ជា​ទម្រង់​អក្សរ V គួរ​ឲ្យ​ភ្ញាក់ផ្អើល។

រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​ពេល​ដែល​ជំនួប​កំពូល​ពេល​ព្រឹក​បាន​បញ្ចប់ ហើយ​លោក គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​តាម រថយន្ត Mercedes-Benz មួយ​គ្រឿង នៅ​ពេល​នោះ​អង្គរក្ស​ទាំង ១២ នាក់ បាន​រត់​ត្រុកៗ​តាម​រថយន្ត​ផង​ដែរ ដោយ​ផ្នែក​ម្ខាង​នៃ​រថយន្ត​មាន ៥ នាក់ និង ២ នាក់​ទៀត​នៅ​ពី​ក្រោយ។

ការ​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន និង​ម៉ត់ចត់​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​វែកញែក​គ្នា ហើយ​វា​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​មេដឹកនាំ​កូរ៉េខាងជើង បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ជា​សាធារណៈ​បែប​នេះ ខណៈ​មន្ត្រី​សន្តិសុខ​កូរ៉េខាងត្បូង​និយាយ​ថា វា​ក៏​អាច​ជា​ការ​បង្ហាញ​ពី​អំណាច​ផង​ដែរ។

មន្ត្រី​ខាងលើ​បាន​បន្ត​ថា «ទម្រង់​ការពារ​អក្សរ V ជា​ធម្មតា​ត្រូវ​បាន​ប្រើ​នៅ​ពេល​ឆ្លង​កាត់​ហ្វូង​មនុស្ស ប៉ុន្តែ​ការ​បង្ហាញ​នា​ថ្ងៃ​សុក្រ ទំនង​ជា​ការ​បង្ហាញ​ពី​ភាព​ល្អិតល្អន់​របស់​កូរ៉េខាងជើង»។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា អង្គរក្ស​ទាំង​នោះ​គឺ​ជា​យោធា​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង។ ខណៈ​ពលរដ្ឋ​កូរ៉េខាងជើង​តម្រូវ​ឲ្យ​បម្រើ​កងទ័ព រយៈពេល ១០ ឆ្នាំ អង្គរក្ស​របស់​លោក គីម ជុងអ៊ុន ត្រូវ​បម្រើ​យ៉ាង​ហោច​ណាស់ ១៣ ឆ្នាំ។

អ្នក​រត់​ចេញ​ពី​កូរ៉េខាងជើង​ម្នាក់ បាន​ប្រាប់​ថា ពួកគេ​​តម្រូវ​ឲ្យ​មាន​ការ​ហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​រយៈពេល​ច្រើន​ឆ្នាំ ដើម្បី​ក្លាយ​ខ្លួន​ជា​អង្គរក្ស​មេដឹកនាំ។ មិនតែប៉ុណ្ណោះ គ្មាន​ភ្នាក់ងារ​ពិសេស​ណា​មួយ​អាច​ប្រៀបធៀប​ជាមួយ​អង្គរក្ស​របស់​លោក គីម ជុងអ៊ុន បាន​ឡើយ។

រឹតតែ​ភ្ញាក់ផ្អើល​នោះ​គឺ ពួកគេ​ភាគច្រើន​មក​ពី​គ្រួសារ​ខ្ពង់ខ្ពស់ ខណៈ​ការ​ជ្រើសរើស​ត្រូវ​ពិនិត្យ​មើល​យ៉ាង​ទូលំទូលាយ​លើ ចរិតលក្ខណៈ និង មនោគមវិជ្ជា​របស់​ពួក​គេ​ម្នាក់ៗ​ថែម​ទៀត​ផង៕

ប្រភព៖ Koreaherald   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី