ការ​សិក្សា​មួយ​បង្ហាញ​ថា ប្រទេស​មួយ​នេះ​នាំ​មុខ​ប្រេស៊ីល ក្នុង​ការ​អាច​ឈ្នះ​ World Cup ខាង​មុខ

  • 2018-05-02 12:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​សិក្សា​ចុង​ក្រោយ​របស់​ស្ថាប័ន​ឯករាជ្យ CIES Football Observatory ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Neuchatel ប្រទេស​ស្វីស​ ក្រុមជម្រើសជាតិអេស្ប៉ាញ​បាន​នាំ​មុខ​ប្រេស៊ីល​ ជា​ក្រុមដែល​អាច​លើក​ពាន ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ខាង​មុខ។

​ការ​សិក្សា​នេះ ផ្អែក​លើ​ការ​វិភាគ​ទិន្នន័យ ផ្អែក​លើ​ពីរ​ចំណុច​សំខាន់ៗ គឺ​ពេល​វេលា​ដែល​កីឡាករ​ជម្រើស​ជាតិ​នីមួយៗ​បាន​ចូលលេង និង​ទម្រង់​លេង​របស់​ក្លឹប​ដែល​ពួក​គេ​កំពុង​លេង​ឲ្យ។

ជា​លទ្ធផល​ អេស្ប៉ាញ​ទទួល​បាន​ពិន្ទុ​ដល់​ទៅ ១០០ ពេញ នាំ​មុខ ប្រេស៊ីល​ដែល​មាន​ត្រឹម ៨៩​ពិន្ទុ។ បារាំង​វិញ មាន​ ៨៤ ពិន្ទុ​ឈរ​លេខ ៣ ខណៈ​អាល្លឺម៉ង់​ដែល​បាន​ឈ្នះ World Cup កាល​ពី​ឆ្នាំ ២០១៤ ឈរ​លេខ ៤ ជាមួយ​នឹង​ពិន្ទុ​ចំនួន ៨២។ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ ឈរ​លេខ ៥ មាន​ត្រឹម ៧៤​ពិន្ទុ។

បើ​តាម​ប្រភព​ដដែល ​ក្រុម​ដែល​សង្ឃឹម​តិច​ជាង​គេ ក្នុង​ការ​ឈ្នះ​កម្មវិធី​ខាង​មុខ គឺ ប៉ាណាម៉ា​ដែល​នឹង​ត្រូវ​លេង​ World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន។ ក្រុម​ជម្រើស​ជាតិ​អាមេរិក​កណ្ដាល​រូប​នេះ មាន​ត្រឹម​តែ ១២​ពិន្ទុ ប៉ុណ្ណោះ។

ខាង​ក្រោម​ជា​របាយការណ៍​សង្ខេប​នៃ​ការ​សិក្សា​របស់ CIES Football Observatory៖

កម្មវិធី World Cup នៅរុស្ស៊ី នឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ មិថុនាខាងមុខ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី