មីកូឡា ក្រុង​សិរី​សោភ័ណ ឆ្ងាញ់​មិន​ចាញ់​​នៅ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន

  • 2018-05-03 07:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សម្រាក​នេះ ប្រសិន​បើ​ប្រិយមិត្ត​បាន​ទៅ​លេង​ខេត្ត​បន្ទាយ​មានជ័យ កុំ​ភ្លេច​ចូល​ញុំា​មីកូឡា ក្បែរ​វិទ្យាល័យ​សិរីសោភណ្ឌ។ មីកូឡា​​នៅ​ទី​នេះ​ល្បី​ថា ឆ្ងាញ់​ ដែល​យក​រូប​មន្ត​មក​ពី​ខេត្ត​បាត់​ដំបង និង​ប៉ៃលិន។

មីកូឡា នៅ​ក្រុង​សិរីសោភណ្ឌ

អ្នក​ស្រី សូវ​ មួយ​ហេង វ័យ​៦២ ឆ្នាំ អ្នក​លក់​មីកូឡា បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ កាល​ពី​ពេល​កន្លងមក​ថា មីកូឡា ស្រដៀង​នឹង​គុយ​ទាវ ប៉ុន្តែ​ខុស​គ្រឿង​ផ្សំ​មួយ​ចំនួន ហើយ​មាន​រសជាតិ​ឆ្ងាញ់។ «ខ្ញុំ​លក់​មីកូឡា​ហ្នឹង​តាំង​ពី​បែក​អាពត ដែល​ខ្ញុំ​លក់​ដំបូង​គេ​នៅ​ទី​នេះ»។

អ្នកស្រី សូវ មួយហេង

មិន​សូវ​មាន​អ្នក​ប្រកួត​ប្រជែង​ទើប​អ្នក​ស្រី មួយ​ហេង លក់​មីកូឡា​ដាច់​ជាង​គេ​ ដោយ​១ថ្ងៃ​អាច​រក​ចំណូល​មិន​ក្រោម​១លាន​រៀល ប៉ុន្ដែ​បច្ចុប្បន្ន​ធ្លាក់​ចំណូល​ខ្លះ​មក​នៅ​ត្រឹម ៣០ម៉ឺន​រៀល​ក្នុង​១ព្រឹក។ មូល​ហេតុ​ដោយ​សារ​មាន​អ្នក​ចំណាក​ស្រុក​ខ្លះ និង មាន​អ្នក​លក់​​ដូរ​ច្រើន។

មុខ​របរ​លក់​មីកូឡា​នេះ ទើប​ធ្វើ​ឲ្យ​​អ្នក​ស្រី ​មួយ​ហេង អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ជាពិសេស​ឲ្យ​ប្អូន​ៗ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ ក្នុង​ចំណោម​បងប្អូន ៥នាក់។

ទីតាំង​លក់​ មីកូឡា នៅ​ម្ដុំ​វិទ្យាល័យ សិរីសោភណ្ឌ ខេត្ត​បន្ទាយមានជ័យ

អ្នកស្រី សូវ មួយហេង បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះប្រវត្តិ​ នៃ​ឈ្មោះ​មីកូឡា គឺ​មិន​សូវ​ច្បាស់​នោះទេ គ្រាន់តែ​ដឹង​ថា មីកូឡា​ គឺ​ប្រភព​ដើម​ចេញពី​ខេត្ត​បាត់ដំបង និង ខេត្ត​ប៉ៃលិន។

ចំពោះ​លក្ខណៈ​ពិសេស​នៃ​មីកូឡា​ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មក​ហូប​​មិន​ចេះដាច់នោះ អ្នក​ស្រី​​​ដឹង​មិន​ច្បាស់ដែរ គ្រាន់តែ​ដឹង​ថា អ្នក​​ស្រី ជា​អ្នក​លក់​មុន​គេ មិន​សូវ​មាន​អ្នក​ប្រកួតប្រជែង ព្រោះ​មីកូឡា ក្នុង​ក្រុង​សិរីសោភណ្ឌ មាន​តែ ៣កន្លែង​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ​អ្នក​ស្រី​បង្ហើប​រូបមន្ត​ នៃ​ការ​ធ្វើ​មីកូឡា​ឲ្យ​ឆ្ងាញ់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា