គួរ​ស្រលាញ់! Taylor Swift ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​រំភើប​ខ្លាំង​នៅ​មន្ទីរពេទ្យ

  • 2018-05-06 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Taylor Swift បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ ដើម្បី​ទៅ​ជួប​អ្នក​គាំទ្រ​ដែល​ជា​ក្មេង​ស្រី​ម្នាក់​ដែល​បាន​ស្នាក់​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ។

តារា​រូប​នេះ​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ Arizona Burn Center ដែល​មាន​ទីតាំង​នៅ​ Phoenix រដ្ឋ Arizona ដើម្បី​ទៅ​មើល​អ្នក​គាំទ្រ​ម្នាក់​ឈ្មោះ​ Isabella McCune ដែល​មិន​អាច​មាន​លទ្ធភាព​ទៅ​ទស្សនា​ Taylor ប្រគំ​តន្ត្រី​ទេសចរណ៍ "Reputation Tour” ​បាន​​នៅ​ថ្ងៃ​ទី​៨​ខែ​ឧសភា​នេះ ដោយ​សារ​តែ​មាន​របួស​ព្រោះ​រលាក​ភ្លើង​ក្នុង​គ្រោះ​ថ្នាក់​មួយ​កាល​ពី​ខែ​មីនា។

បើ​យោង​ទៅ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន AZ Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​ ៨​ឆ្នាំ​ Isabella បាន​ថត​វីដេអូ​មួយ​ផ្ញើ​ទៅ​កាន់​ Taylor កាល​ពី​ដើម​សប្ដាហ៍​ប្រាប់​ថា​ នាង​មិន​អាច​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី​នោះ​បាន​ទេ ដោយ​សារ​តែ​នាង​មិន​ទាន់​ជា​ពី​របួស​និង​ត្រូវ​ស្នាក់​នៅ​មន្ទីរពេទ្យ។

នៅ​ក្នុង​វីដេអូ​នោះ​ដែរ នាង​ក៏​បាន​សុំ​ឲ្យ​ Taylor មក​មើល​នាង​ផង​ដែរ ដោយ​បាន​និយាយ​ថា "ខ្ញុំ​បាន​ឭ​ថា​អ្នក​បាន​មក​ទី​នេះ ហើយ​ខ្ញុំ​ចង់​ទៅ​ទស្សនា​អ្នក​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទៅ​បាន​ អីចឹង​ប្រសិន​ជា​អ្នក​មក​មើល​ខ្ញុំ​វិញ​ម្ដង​ ពិត​ជា​ល្អ"។

ចៃដន្យ​អី Taylor ក៏​មក​សូរ​សុខ​ទុក្ខ​នាង​មែន​។ Taylor បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​នេះ​រំភើប​ចិត្ត​ជា​ខ្លាំង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​បាន​ថត​រូប​ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​ទី​នោះ​ជា​ច្រើន​ប៉ុស្តិ៍​ផង​ដែរ៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ