ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន ប្រយ័ត្ន​មាន​វាសនា​ដូច ហ្គាដាហ្វី

  • 2018-05-18 01:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ធានា​អះអាង​​កាល​ពី​ថ្ងៃ​ទី​១៧​ឧសភា​ម្សិលមិញ​នេះ​ថា លោក គីម ជុងអ៊ុន នឹង​នៅ​​តែ​អាច​រក្សា​តំណែង​ជា​មេ​ដឹកនាំ​​កូរ៉េ​ខាង​ជើង​ដដែល ប្រសិន​បើ​លោក​យល់​ព្រម​បោះបង់​ចោល​កម្មវិធី​​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ​បើ​លោក គីម ជុងអ៊ុន បដិសេធ​មិន​ធ្វើ​តាម លោក​នឹង​មាន​វាសនា​ដូច ម៉ូអាម៉ា ហ្គាដាហ្វី អតីត​មេ​ដឹក​នាំ​ប្រទេស​លីប៊ី ដែល​ត្រូវ​ទាញ​ទម្លាក់​ពី​តំណែង និង​​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឆ្នាំ​២០១១។

លោក ដូណាល់ ត្រាំ/ រូបភាព៖ Time

បន្ថែម​ពី​នេះ លោក ត្រាំ បញ្ជាក់​​ថា ​កូរ៉េ​ខាង​ជើង​នឹង​ទទួល​បាន​ការ​ការពារ​យ៉ាង​រឹង​មាំ​ថែម​ទៀត​ផង​ពី​សហរដ្ឋ​អាមេរិក ក្នុង​លក្ខខណ្ឌ​ណា​ដែល​ជំនួប​កំពូល​រវាង​ប្រទេស​ទាំង​២​​នៅ​ថ្ងៃ​ទី​១២​មិថុនា​ខាង​មុខ ទទួល​បាន​​ផ្លែផ្កា​ល្អ។ "គាត់ (គីម ជុងអ៊ុន) នឹង​នៅ​ក្នុង​ប្រទេស​របស់​គាត់ ហើយ​ដឹកនាំ​ប្រទេស​គាត់។ ប្រទេស​គាត់​នឹង​សម្បូរ​សប្បាយ​ណាស់" នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​អាមេរិក។

សូម​បញ្ជាក់​ថា ការ​ព្រមាន​របស់​លោក ត្រាំ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​បាន​គំរាម​លុប​ចោល​ជំនួប​កំពូល​រវាង​កូរ៉េ​ខាង​ជើង-​អាមេរិក ដែល​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

កូរ៉េ​ខាង​ជើង ប្រាប់​ថា ការ​ទាមទារ​របស់​អាមេរិក​​ឲ្យ​​ខ្លួន​​បោះបង់​ចោល​នុយក្លេអ៊ែរ​មាន​​​លក្ខណៈ​​ជា​ឯកតោភាគី ហើយ​ការ​លើក​យក​គំរូ​ពី​លីប៊ី​ជា​រឿង​មិន​ទំនង​ទាល់​តែ​សោះ៕

លោក គីម ជុងអ៊ុន/ រូបភាព៖ Reuters
លោក ម៉ូអាម៉ា ហ្គាដាហ្វី/ រូបភាព៖ africanexponent

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង

អត្ថបទថ្មី