កីឡាករ​ល្បី​មួយ​រូប​ទៀត​ដែល​ត្រូវ​បាន​តុលាការ​អេស្ប៉ាញ​កាត់​ទោស​ទាក់ទិន​រឿង​ពន្ធ

  • 2018-05-24 13:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Radamel Falcao កាល​ពី​ម្សិល​មិញ បាន​ក្លាយ​ជា​កីឡាករ​ល្បី​ម្នាក់​ទៀត ដែល​ត្រូវ​បាន​តុលាការ​អេស្ប៉ាញ​កាត់​ទោស​ទាក់ទិន​នឹង​រឿង​ពន្ធ។

កីឡាករ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា បាន​ក្លែង​បន្លំ​ក្នុង​ការ​ធ្វើ​ឯកសារ​បង់ពន្ធ​ដោយ​បាន​ធ្វើ​របាយការណ៍​មិន​ត្រឹម​ត្រូវ​ស្ដីពី​ចំណូល​ និង​​ឯកសារ​ទាក់ទង​នឹង​កម្មសិទ្ធិ​នៃ​ការ​ប្រើ​ប្រាស់​រូប​ភាព​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ក្នុង​អំឡុង​ពេល​គេ​លេង​ឲ្យ Atletico Madrid (២០១១-២០១៣)។

បើ​តាម El Confidential តាម​រយៈ​ការ​ប្រព្រឹត្តិ​បទ​ល្មើស​ខាង​លើ កាល​ពី​ឆ្នាំ ២០១២ Falcao បាន​កិបកេង​បាន​សម្រេច​លុយ​ប្រមាណ ៨២ ម៊ឺន​អឺរ៉ូ​ (ជាង ៩៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក) និង ជិត ៥ លាន​អឺរ៉ូ (ប្រមាណ ៥,៨៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​ឆ្នាំ ២០១៣។

តុលាការ​បាន​កាត់​ទោស​ Falcao ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១៦ ខែ និង​ពិន័យ​ជា​ប្រាក់ ៩ លាន​អឺរ៉ូ (ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ យ៉ាង​នេះ​ក្ដី បើ​តាម​ច្បាប់​អេស្ប៉ាញ ទោស​ពន្ធនាគារ​ក្រោម ២ ឆ្នាំ​ អាច​ព្យួរ​បាន។

បើ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​អេស្ប៉ាញ Falcao ត្រូវ​បាន​ព្យួរ​ទោស ដែល​មាន​ន័យ​ថា កីឡាករ​នឹង​មិន​ជាប់​ពន្ធនាគារ​នោះ​ឡើយ។

Falcao មិន​មែន​ជា​កីឡាករ​ទី​មួយ​ទេ ដែល​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​អេស្ប៉ាញ​ទាក់​ទិន​នឹង​រឿង​ពន្ធ។ ខ្សែ​ប្រយុទ្ធ Lionel Messi, Alexis Sanchez និង ខ្សែ​ការពារ Javier Mascherano សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កាត់​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ (ប៉ុន្តែ​ត្រូវ​បាន​ព្យួរ) និង​ពិន័យ​ជា​ប្រាក់​ជា​ច្រើន៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី