អ្នក​ជាន់ដី​ភព​ព្រះចន្ទ​មុនគេ​ទី៤ បាន​ទទួល​មរណភាព​ហើយ

  • 2018-05-27 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ណាសា​បាន​ប្រកាស​ថា លោក Alan Bean ដែលជា​អ្នក​ជាន់ដី​ភព​ព្រះចន្ទ​មុនគេ​ទី៤ បាន​ទទួល​មរណភាព​ហើយ ក្នុង​អាយុ ៨៦​ឆ្នាំ ដោយសារ​ជំងឺ។

លោកបាន​ស្លាប់​នៅ​មន្ទីរពេទ្យ Houston Methodist ក្នុង​រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ។

លោក Alan Bean កំពុង​ចង្អុលទៅរូបខ្លួនឯង ក្នុងពិព័រណ៍មួយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩ (រូបថត៖ AP)

លោក Alan Bean ​ក្លាយជា​មនុស្ស​ទី៤ ដែល​បាន​ដើរ​នៅលើ​ភព​ព្រះចន្ទ កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩។ លោកធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​តាមរយៈ​បេសកកម្ម​អាប៉ូឡូទី​១២ របស់​អង្គការ​ណាសា រួម​ជាមួយ​នឹង​លោក Charles Pete Conrad (មនុស្ស​ទី៣ ជាន់ដី​ភព​ព្រះចន្ទ​មុនគេ)។ អ្នក​អវកាស​ទាំង​២រូប បាន​ប្រមូល​ថ្ម និងដី​នៅលើ​ភព​នោះ ដែល​មាន​ទម្ងន់ ៣៤​គីឡូក្រាម មក​ផែនដី​វិញ ដើម្បី​ធ្វើការ​សិក្សា។

លោក Bean បាន​កើត​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ​១៩៣២ ក្នុងរដ្ឋតិចសាស់។ លោក​បាន​ទទួល​បរិញ្ញាបត្រ​វិស្វកម្ម​អវកាស​ពី​សាកល​វិទ្យាល័យ​តិចសាស់ ក្នុងឆ្នាំ​១៩៥៥។ លោក​បាន​ចូលរួម​ក្នុង​សាលា Navy Test Pilot ដោយបាន​បើក​យន្តហោះ ២៧ប្រភេទ​ផ្សេងៗគ្នា​ជាមួយ​ការ​ហោះហើរ​ជាង ៥៥០០​ម៉ោង។ លោកស្ថិត​ក្នុង​ចំណោម​មនុស្ស ១៤​រូប ដែលត្រូវ​បាន​អង្គការ​ណាសា​ជ្រើសរើស សម្រាប់​ក្រុម​អវកាសយានិក​ទី៣ ក្នុងខែ​តុលា ឆ្នាំ​១៩៦៣។

លោក Alan Bean (រូបថត៖ អង្គការណាសា)

លោក Alan Bean បានចូល​និវត្តន៍​ពី​កងទ័ព​ជើងទឹក​ក្នុង​ឆ្នាំ ១៩៧៥ និងពី​អង្គការ​ណាសា នៅឆ្នាំ​១៩៨១៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖សំភី