រឿង​របស់​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម នី សំណាង គ្រោង​បញ្ចាំង ៦​ប្រទេស​​

  • 2018-06-01 03:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​ដែល​មាន​ចំណង​ជើង​ថា «​ បោក​ចំបាប់​ ក្ដី​សង្ឃឹម​ចុង​ក្រោយ » នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​​នៅ​១ឬ​២​ពី​ខែ​ខាង​មុខ​ ​ដែល​រឿង​នេះ​​កីឡា​ការិនី នី សំណាង ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​កាល​ឆ្នាំ​២០១៣ ជា​តួ​ឯក ហើយ​គ្រោង​ចាក់​បញ្ចាំង ៦ ប្រទេស​ផ្សេង​ទៀត​ក្រោយ​បញ្ចាំង​ចប់​នៅ​ខ្មែរ។

ឯក​ឧត្ដម​ វ៉ាត់ ចំរើន និង​លោក Manish Sharma

ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈ​កម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​ឲ្យ​ដឹង​ថា ខ្សែ​រឿង​នេះ​គឺ​និយាយ​ពី​ខ្សែ​ជីវិត​ពិតៗ​ ​របស់​​កីឡា​ការិនី​ នី សំណាង ។ ​ខ្សែ​ភាព​យន្ត​​ដែល​និយាយ​ពី​រឿង​ពិត​របស់​កីឡាករ-​កីឡា​ការិនី​ដូច្នេះ​ ទើប​តែ​មាន​លើក​ដំបូង​បំផុត​នៅ​ស្រុក​ខ្មែរ ហើយ​លោក​ក៏​រំពឹង​ថា ពិត​ជា​អាច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​។

លោក Manish Sharma​ ផលិតករ​​រឿង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ការ​ផលិត​រឿង​នេះ​ត្រូវ​ចំណាយ​ដើម​ទុន​​ប្រមាណ​ជាង​ ២៥ ម៉ឺន​ដុល្លារ​អាមេរិក ហើយ​គុណភាព​រឿង​វិញ​គឺ​ទៅ​កែខៃ​ដល់​ប្រទេស​ម៉ិកស៊ីកូ។ រឿង​នេះ​​​ដែរ​គ្រោង​​យក​ទៅ​បញ្ចាំង​ដល់ ៦ ប្រទេស​​គឺ​ មីយ៉ាន់ម៉ា ថៃ ឡាវ សិង្ហបុរី ហុងកុង និង​ឥណ្ឌា​ ក្រោយ​ចាក់​បញ្ចាំង​នៅ​កម្ពុជា។ ចំពោះ​ពេល​វេលា​ជាក់​លាក់​ចាក់​បញ្ចាំង​នៅ​ខ្មែរ​គឺ​មិន​ទាន់​ច្បាស់​ ប៉ុន្តែ​​អាច ១ ឬ ២ ខែ​ទៀត​។

​ខ្សែ​ភាពយន្ត​នេះ​មាន​​រយៈ​ពេល​ ២ ម៉ោង ២៥ នាទី ដែល​និយាយ​ពី​​ខ្សែ​ជីវិត​ពិត​របស់​ នី សំណាង ព្រមទាំង​​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ចំបាប់​ដំបូង រហូត​ដល់​អាច​ប្រជែង​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជូន​កម្ពុជា។ ខ្សែ​រឿង​នេះ​ក៏​បាន​បញ្ជាក់​ពី​អារម្មណ៍ និង​ការ​តស៊ូ​របស់​​កីឡា​ការិនី​រូប​នេះ ព្រម​ទាំង​ការ​បង្ខំ​ឲ្យ​ហាត់​កីឡា​​​ចំបាប់​ទាំង​​​ខ្លួន​​មិន​ចង់​​ ពី​សំណាក់​ឪពុក​របស់​ខ្លួន​ជា​ដើម៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី