៧ វិធី​ធានា Hacker អាច​ប្រើ​ពេល​រាប់​ខែ​ បើ​ចង់ហេក​ទិន្នន័យ​របស់​អ្នក​

  • 2018-06-04 06:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ បាន​ដើរ​តួនាទី​សឹង​តែ​គ្រប់​ផ្នែក​​នៅ​ក្នុង​សម័យ​កាល​​​បច្ចុប្បន្ន​នេះ មិន​ថា​​​ផ្នែក​សុខាភិបាល ការ​អប់​រំ ​និង​ការ​កម្សាន្ត​។

យ៉ាងណាមិញ ដោយ​សារ​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន​លឿន​ហួស​ស្មាន បង្ក​ប​ញ្ហា​ចោទ​មួយ​ចំនួន​ដូច​ជា​បញ្ហា​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត នៅ​តែ​ជា​​រឿង​ចម្បង​ដែល​អ្នក​ប្រើប្រាស់​គ្រប់​រូប​ព្រួយ​បារម្ភ​ខ្លាំង។ ក្នុង​នោះការ​បែក​ធ្លាយ​ព័ត៌មាន​ឯកជន​ ដោយ​ការ​លួច​យក​ពី​សំណាក់ Hacker កើត​ឡើង​ក្នុង​ច្រើន​សណ្ឋាន អាច​ជា​កម្រិត​ស្រាល​ដោយ​ការ​លួច​យក គណនី​បណ្ដាញ​សង្គម ឬ​ឈាន​ដល់​កម្រិត​ធ្ងន់​ដោយ​ការ​លួច​យក​គណនី​ធនាគារ​ជាដើម។

វិធី​​ការពារ​ខាងក្រោមនេះ​អាច​ជា​​ដំណោះស្រាយ​​មួយ​ចំនួន ការពារ​ពី​ការលុកលុយ​របស់​ Hacker ទោះ​បី​មិន​​​អាច​ទប់ស្កាត់​បាន​ប្រសិទ្ធភាព​ ១០០ ភាគរយ៖

១. ប្រើប្រាស់​លេខ​សម្ងាត់​ពិបាក​ៗ

ការ​ប្រើប្រាស់​លេខ​សម្ងាត់​គណនី​ ដែល​មាន​លាយ​គ្នា​រវាង​អក្សរ លេខ សញ្ញា ឬ​ក៏​ដាក់​ជា​តួ​អក្សរ​តាម​ភាសា​ទៀត​នោះ ជា​ប្រភេទ​លេខ​សម្ងាត់ ដែល​ខ្លាំង​បំផុត ដែល Hacker ត្រូវ​ប្រើ​ពេល​រាប់​ខែ​ ទៅ​រាប់​ឆ្នាំ បើ​ចង់​លួច​ចូល​ក្នុង​គណនី​របស់​អ្នក។

២. ត្រូវ​យល់​ដឹង​ពី​បណ្ដាញ​សង្គម​ឲ្យ​បាន​ច្បាស់

បណ្ដាញ​សង្គម​ដែល​អ្នក​ប្រើប្រាស់​សព្វ​ថ្ងៃ គួរ​ណា​ប្រើ​សម្រាប់​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្ដិ ក្រុម​គ្រួសារ និង​អ្នក​ស្គាល់​គ្នា​បាន​ហើយ មិន​គួរ​ឲ្យ​មាន​ជន​ប្លែក​មុខ​នៅ​ក្នុង​នោះ​ទេ។ ម៉្យាង​ទៀត អ្នក​ក៏​គួរ​តែ​ឧស្សាហ៍​ឆែក​មើល​ការ​កំណត់​ផ្នែក​សុវត្ថិភាព​លើ​គណនី​សង្គម​​ជា​ទៀង​ទាត់​។

៣. រក្សា​សុវត្ថិភាព​របស់​ទូរសព្ទ​ដៃ​

ពេល​ឮ​ដល់​ការ Hack ភ្លាម​មនុស្ស​ភាគ​ច្រើន​បាន​គិត​ដល់​តែ​លើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​ ភ្លេច​គិត​ពី​ទូរសព្ទ​ដៃ។ ទូរសព្ទ​ក៏​អាច​ឆ្លង​មេរោគ​បាន​ដូច​កុំព្យូទ័រ​ ហើយ​បើ​អ្នក​មាន​ព័ត៌មាន​សម្ងាត់​នានា​នៅ​លើ​នោះ Hacker ក៏​អាច​លួច​យក​បាន​ដូច​គ្នា។ វិធី​ល្អ គឺ​អ្នក​កុំ​ដោនឡូត​កម្មវិធី​ណា​ពី​ប្រភព​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ ព្រោះ​វា​អាច​ផ្ទុក​មេរោគ​នៅ​ក្នុង​នោះ​ក៏​ថា​បាន។ ម៉្យាង​ទៀត អ្នក​គួរ​តែ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរសព្ទ​ដៃ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បំផុត ព្រោះ​វា​ការពារ​ពី​ចន្លោះ​ប្រហោង​ ដែល​កើត​ឡើង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចាស់។

៤. ប្រើប្រាស់​ការ​បម្លែង​ទិន្នន័យ

ចំពោះ​ព័ត៌មាន​សម្ងាត់​ខ្លាំង​ដូច​ជា​លេខ​គណនី ព័ត៌មាន​ពី​ថវិកា​គួរ​តែ​ត្រូវ​បាន​បម្លែង (Encrypted) កុំ​ឲ្យ​ Hacker អាច​មើល​យល់​នៅ​ពេល​ Hack ចូល​បាន។

៥. លាក់​ព័ត៌មាន​ផ្ទាល់​ខ្លួន​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​នានា​ដូច​ជា​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន​ និង​រូបភាព​នានា​ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន គឺ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ជា​សាធារណៈ​ទេ។ អ្នក​ត្រូវ​ពិនិត្យ​មើល​ពី​សុវត្ថិភាព នៃ​គេហទំព័រ​ដែល​អ្នក​ប្រុង​នឹង​ឲ្យ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ ដូច​ជា​ព័ត៌មាន​ពី​កាត​ធនាគារ​ជា​ដើម ថា​តើ​វា​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​អត់។

៦. អាប់ដេត​កុំព្យូទ័រ​របស់​អ្នក

ការ​អាប់ដេត​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ ឬ​ការ​ដំឡើង​កម្មវិធី​ដែល​ចេញ​មក​សម្រាប់​ជួស​ជុល​ចន្លោះ​ប្រហោង​នៃ​ ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​ជា​រឿង​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ទាំង​អស់​គ្នា​គួរ​តែ​ធ្វើ។

៧. ការ​ដាក់​កម្មវិធី​កម្ចាត់​មេរោគ

កម្មវិធី​មក​ស្រាប់​ៗ​ដែល​អាច​កម្ចាត់​មេរោគ​បាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដូច​ជា Windows Defender មាន​ប្រយោជន៍​សម្រាប់​ទប់​ស្កាត់​ការ​ជ្រៀត​ចូល​នៃ​មេរោគ​នានា។ យល់​ល្អ អ្នក​គួរ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ថែម​ទៀត ទាំង​លើ​ទូរសព្ទ​ដៃ និង​នៅ​លើ​កុំព្យូទ័រ ជៀស​វាង​ការ​ជ្រៀត​ចូល​នៃ​មេរោគ​បច្ចេកវិទ្យា​ទាំង​នោះ។

អត្ថបទ​គួរ​អាន

ទី​បំផុត Google ព្រម​ដក​ខ្លួន​​ពី​គម្រោង​មហា​ប្រល័យ​ ក្រោយ​បុគ្គលិក​តវ៉ា​ច្រើន​ពេក

ប្រភព៖ krazytech   ប្រែ​សម្រួល៖ ផាត សុវត្ថិ