ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ ចំពោះ​ការ​មក​ដល់​ជា​ថ្មី​នៃ​ភាពយន្ត​ថៃ

  • 2014-09-20 17:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ បាន​កើត​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​បើក​ឲ្យ​ហូរ​ចូល​ឡើង​វិញ​នូវ​ភាពយន្ត​ថៃ ដោយ​ផ្អែក​ទៅ​លើ​អតីតកាល​កាល​ពី​អំឡុង​ឆ្នាំ​ទសវត្សរ៍​៩០ ដែល​កាល​ណោះ​ភាពយន្ត​ក្នុង​ស្រុក បាន​ដួល​សន្លប់​ស្ដូក​ដោយ​ចាញ់​ឥទ្ធិពល​ភាពយន្ត​ប្រទេស​ជិត​ខាង​មួយ​នេះ។

ការ​ព្រួយ​បារម្ភ​របស់​សិល្បករ កើត​មាន​បន្ទាប់​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ថ្មី​ៗ​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ស្វែង​រក​ឱកាស​ឲ្យ​ខ្សែ​ភាពយន្ត ពិសេស​ភាពយន្ត​ភាគ​របស់​គេ​មាន​វត្តមាន​ឡើង​វិញ​លើ​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​នានា​របស់​កម្ពុជា បន្ទាប់​អាក់​ខាន​តាំង​ពី​ឆ្នាំ ២០០៣​មក​ដោយ​សារ​កុប្បកម្ម​ដុត​ស្ថាន​ទូត​ដោយ​ពលរដ្ឋ​ខ្មែរ ប្រឆាំង​នឹង​តារា​សម្ដែង​ម្នាក់​របស់​ថៃ គឺ​នាង កូប ស៊ីវណាន់​ខុងយីង ដែល​បាន​និយាយ​ថា ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ជនជាតិ​គេ។

 

សកម្មភាព​ថត​ភាពយន្តក្នុង​ស្រុក(រូប​ថត៖ FB លោក ទេព រិនដារ៉ូ)

ការ​ព្រួយ​បារម្ភ​នេះ​ដែរ ក៏​ដោយ​សារ​មាន​ព័ត៌មាន​ចេញ​មក​ថា មាន​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​២-៣​រួច​ហើយ បាន​បើក​ភ្លើង​ខៀវ​សម្រាប់​ទទួល​យក​ភាពយន្ត​ភាគ​ថៃ​ទៅ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​គេ ។

សិល្បករ​ជើង​ចាស់​ដែល​ធ្លាប់​ឆ្លង​កាត់​សម័យ​ភាពយន្ត​ក្នុង​ស្រុក​សន្លប់​ស្ដូក​នោះ ​លោក ហម ឈរ៉ា  ថ្លែង​ថា លោក​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​ថា​វត្តមាន​របស់​ភាពយន្ត​ថៃ​នា​ពេល​នេះ ឬ​ពេល​អនាគត នឹង​នាំ​ទៅ​ដល់​ការ​ដួល​រលំ​ជា​ថ្មី​នៃ​ភាពយន្ត​ក្នុង​ស្រុក​ដែល​កំពុង​ស្ទុះ​ឡើង​នា​ពេល​បច្ចុប្បន្ន។ "ខ្ញុំ​ទើប​តែ​និយាយ​អម្បាញ់មិញ​ពី​រឿង​ហ្នឹង និយាយ​ទៅ​ខ្ញុំ​អត់​ពេញ​ចិត្ត ភាពយន្ត​យើង​កំពុង​តែ​ស្ទុះ​ឡើង ផលិតករ សិល្បករ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង ដល់​ឥឡូវ​ទៅ​អីចឹង​វិញ ខ្ញុំ​គិត​ថា មិន​មាន​ផល​ល្អ​ឡើយ"។

លោក បន្ត​ដោយ​សង្កត់​ធ្ងន់​ថា វត្តមាន​ភាពយន្ត​ថៃ នឹង​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មួយ​ជាមួយ​ភាពយន្ត​ក្នុង​ស្រុក ហើយ​នោះ​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​យើង​ដឹង​ថា​ចាញ់​មុន​រួច​ស្រេច​ទៅ​ហើយ។

មិន​ត្រឹម​តែ​សិល្បករ​ជើង​ចាស់​ដែល​ធ្លាប់​ឆ្លង​កាត់​សម័យ​ភាពយន្ត​ដេក​លក់​នោះ​ទេ សូម្បី​តែ​សិល្បករ​ជើង​ថ្មី​ក៏​ព្រួយ​បារម្ភ​ដូច​គ្នា។ កញ្ញា សៀក សក្ដិ​រុណា តារា​សម្ដែង​វ័យ​ក្មេង​ដែល​ទើប​ចូល​ប្រឡូក​សិល្បៈ​បាន​ប្រមាណ​១​ឆ្នាំ និង​ទើប​មាន​ទីផ្សារ​សម្ដែង​នោះ ថ្លែង​ថា នាង​ព្រួយ​ខ្លាច​ថា វត្តមាន​ភាពយន្ត​ថៃ នឹង​ធ្វើ​ឲ្យ​នាង​ថមថយ​ឱកាស​ការងារ។

“ខ្ញុំ​អត់​បាន​ឆ្លង​កាត់​ទេ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​លឺ​គេ​និយាយ​ពី​ភាពយន្ត​យើង​ចាញ់​ភាពយន្ត​ថៃ​ពី​មុន ដល់​លឺ​ថា ភាពយន្ត​ហ្នឹង​ជិត​មក​វិញ អីចឹង​ខ្ញុំ​ភ័យ​ដែរ​ហ្នឹង ព្រោះ​ថា​មិន​ត្រូវ តែ​ភាពយន្ត​យើង​ធ្លាក់​ចុះ​ការ​ផលិត យើង​អ្នក​សម្ដែង​ក៏​អត់​មាន​អី​សម្ដែង​ដែរ!"។

ផ្ទុយ​ពី​សិល្បករ​ផ្សេងៗ អ្នក​ស្រី ឌី សាវ៉េត សិល្បករ​ជើង​ចាស់​មួយ​រូប បាន​ស្វាគមន៍​ការ​មក​ដល់​នៃ​ភាពយន្ត​ថៃ​ទៅ​វិញ។ អ្នក​ស្រី ថ្លែង​ថា " ខ្ញុំ​បាន​លឺ​ហើយ...រឿង​ហ្នឹង​វា​ទាក់​ទង​នឹង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ក្នុង​នោះ​មាន​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​នយោបាយ ពាណិជ្ជកម្ម និង​ភាពយន្ត​ជា​ដើម។ ខ្ញុំ​ដឹង​ថា កន្លង​មក​យើង និង​ថៃ​ធ្លាប់​មាន​បញ្ហា​ជាមួយ​គ្នា​មួយ​ចំនួន ប៉ុន្តែ​បំភ្លេច​ចោល​ទៅ...ចាប់​ផ្ដើម​ជា​ថ្មី ថៃ​ជា​ប្រទេស​ជិត​ខាង​យើង​តើ ធ្វើ​ការ​ជាមួយ​គ្នា​ទៅ​យើង​នឹង​បាន​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក បើ​យើង​ប្រឹង យើង​តស៊ូ​យើង​មិន​ដួល​ឡើយ"។

វិល​មក​លោក ទិត្យ ធារិទ្ធ អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​មួយ​វិញ លោក​បាន​ប្រាប់​ថា លោក ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​ស្ថានភាព​នេះ បើ​ទោះ​ជា​ភាពយន្ត​យើង​កំពុង​ស្ទុះ​ឡើង ប៉ុន្តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​នឹង​ភាពយន្ត​គេ​ឡើយ។

"និយាយ​ពី​បារម្ភ គឺ​ខ្ញុំ​បារម្ភ​ខ្លាំង​បំផុត ប៉ុន្តែ​ខ្ញុំ​ក៏​យល់...វា​ជា​ទីផ្សារ​សេរី យើង​មិន​អាច​ហាម​ឃាត់​ទេ ព្រោះ​រឿង​អាមេរិក កូរ៉េ​អី​យើង​ឲ្យ​ចូល រឿង​អី​ថៃ​យើង​មិន​ឲ្យ​ចូល ធ្វើ​អីចឹង​វា​ដូច​ជា​មិន​ស្មើ​ភាព។ អីចឹង​យោង​លើ​ស្ថានភាព​នេះ ទោះ​ខ្ញុំ​បារម្ភ​លើស​នេះ​១០​ដង ១០០​ដង​ក៏​អត់​ប្រយោជន៍​ដែរ រឿង​ដែល​យើង​អាច​ធ្វើ​បាន មាន​តែ​ខំ​ពង្រឹង​គុណ​ភាព​ទៅ!”។

យ៉ាង​ណា​ជាមួយ​គ្នា​នេះ លោក​ក៏​ស្នើ​ឲ្យ​ផ្នែក​ដែល​ពាក់​ព័ន្ធ​ត្រួត​ពិនិត្យ​លើ​បញ្ហា​មួយ​ចំនួន​ផង ដើម្បី​ធានា​ដល់​ភាព​ស្នើ​គ្នា​ចំពោះ​ភាពយន្ត​ក្នុង​ស្រុក។ "ចំណុច​ខ្លះ​រឿង​យើង​មិន​អាច​ធ្វើ​បាន​ទេ ដូច​រឿង​"ស្បែក​គង់" ជា​ដើម គ្រាន់​តែ​ចេញ​សាច់​ខ្នង ក្រសួង​ដាក់​ថា ហាម​ក្មេង​ក្រោម១៨​ឆ្នាំ​មើល ប៉ុន្តែ​បើ​យើង​មើល​ភាពយន្ត​អាមេរិក​អី​គេ​ធ្វើ​បាន ឯ​រឿង​ថៃ មាន​ទាំង​ឈុត​លោក​សង្ឃ​ខ្មោច​លង​រត់​របូត​ស្បង់​អី​គេ​ធ្វើ​បាន តែ​យើង​ធ្វើ​អត់​បាន​ទេ អីចឹង​សូម​ពិនិត្យ​លើ​បញ្ហា ព្រោះ​វា​នាំ​ខូច​វប្បធម៌​យើង​ដូច​គ្នា"។

បន្ថែម​ពី​លើ​នេះ តម្លៃ​ទាប​ពេក​នៃ​ការ​នាំ​ចូល​ភាពយន្ត​បរទេស ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ភាពយន្ត​ក្នុង​ស្រុក​ពិបាក​ប្រកួត​ប្រជែង​ដែរ។ អ្នក​ដឹក​នាំ​រូប​នេះ​លើក​ឡើង​ថា "គួរ​យក​ថ្លៃ​ឲ្យ​ខ្ពស់ ពុំ​នោះ​ទេ រឿង​យើង​មិន​អាច​ប្រកួត​ប្រជែង​បាន​ឡើយ។ រឿង​គេ​យក​មក​សុទ្ធ​ជា​រឿង​សល់ មាន​ន័យ​គេ​ចំណេញ​នៅ​គេ​រួច​ហើយ អីចឹង​យក​មក​យើង​គេ​សឹង​តែ​ឲ្យ​ទទេ តែ​រឿង​យើង​១ភាគ បើ​ក្រោម​១ពាន់​ដុល្លារ យើង​មិន​អាច​ធ្វើ​បាន​ទេ អីចឹង​សូម​ជួយ​គិត​គូរ​លើ​ចំណុច​នេះ ម្យ៉ាង​នឹង​បាន​ថវិកា​ចូល​រដ្ឋ​ផង"។

ពាក់​ព័ន្ធ​ការ​ហូរ​ចូល​​ជា​ថ្មី​នៃ​ភាពយន្ត​ថៃ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ិន ច័ន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បាន​ថ្លែង​ថា នាយក​ដ្ឋាន​របស់​លោក​មិន​មាន​សិទ្ធិ​ហាម​ឃាត់​ឡើយ ព្រោះ​ជា​ទីផ្សារ​សេរី។ លោក​ថា ភាពយន្ត​ថៃ​អាច​ឈរ​ជើង​បាន ឬ​មិន​បាន អាស្រ័យ​លើ​ការ​គាំទ្រ​របស់​ទស្សនិកជន​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា