ចាយ​ទុន​ពិសោធន៍ឡើង​ ១៥ឆ្នាំ! ហ្វ្រាំង ABS ល្បី​តាំង​ពី​ឡាន​ដល់​​ម៉ូតូ មាន​ដឹង​ក្រុមហ៊ុន​ណា​បង្កើត​ដំបូង​គេ​អត់?

  • 2018-07-02 07:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត និង​ម៉ូតូ​សេរ៊ី​ក្រោយៗ ភាគ​ច្រើន​សុទ្ធ​តែ​ផលិត​មក​ដោយ​បំពាក់ Anti-lock Braking System (ABS) ដែល​ជា​បច្ចេកវិទ្យា​ជំនួយ​រាល់​ពេល​ចាប់​ហ្វ្រាំង ដោយ​មិន​ចាប់​ឲ្យ​កង់​ឈប់​ស្ងៀម​នោះ​ទេ គឺ​វា​នឹង​ចាប់​ប្រលែងៗ ដោយ​ខ្លួន​ឯង មិន​ធ្វើ​ឲ្យ​រអិល​ដូច​ហ្វ្រាំង​ធម្មតា ហើយ​ឈប់​បាន​លឿន​ជាង។

ABS បង្កើត​ចេញ​ដំបូង​នៅ​ឆ្នាំ ១៩៧៨ ដោយ Bosch ដែល​ក្រុមហ៊ុន​នេះ​ចំណាយ​ដើម​ទុន​មួយ​ចំនួន​របស់​ខ្លួន​រយៈ​ពេល ១៥ឆ្នាំ ទើប​បច្ចេកវិទ្យា​មួយ​នេះ​លេច​ជា​រូបរាង​ឡើង។

ដុំ ABS

លោក Andre de Jong អគ្គនាយក Bosch ប្រចាំ​កម្ពុជា បាន​និយាយ​ប្រាប់ Sabay ថា៖ "យើង​ជា​ក្រុមហ៊ុន​ទី ១ ដែល​បញ្ចេញ ABS កាល​ពី​ឆ្នាំ ១៩៧៨ ដោយ​កាល​នោះ យើង​ចំណាយ ៨-១០% នៃ​ចំនួន​លុយ​ដែល​លក់​បាន ឲ្យ​ទៅ R&D (Reseacher Development) រយៈ​ពេល ១៥ឆ្នាំ ទើប​ផលិត​បាន ABS”។

អគ្គនាយក Bosch ខាង​លើ ក៏​បាន​បន្ថែម​ថា ក្រៅពី ABS, Electronic Stability Control (ESC បច្ចេកវិទ្យា​ទប់​ឡាន​មិន​ឲ្យ​គ្រលែង) ក៏ Bosch បង្កើត​មុន​គេ​ដែរ ដោយ​ចំណាយ​ទុន ១០ឆ្នាំ ហើយ​ចេញ​ដំបូង​នៅ​ឆ្នាំ ១៩៩៥។

លោក Andre de Jong អគ្គនាយក Bosch ប្រចាំ​កម្ពុជា និយាយ​ក្នុង​ពិព័រណ៍​ផលិត​ផល​អឺរ៉ុប ២០១៨

បច្ចុប្បន្ន ឡាន​សរុប​ទូទាំង​ពិភព​លោក ប្រើ​ប្រព័ន្ធ​ហ្វ្រាំង ABS ប្រមាណ ៧០% និង ៦៤% សម្រាប់ ESP ដោយ​ប្រទេស​មួយ​ចំនួន​ធំ​នៅ​ប៉ែក​អឺរ៉ុប សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ទាំង ២ នេះ។

កាល​ពី​ចុង​សប្ដាហ៍​មុន Bosch ក៏​បាន​តាំង​ពិព័រណ៍​ផលិត​ផល​អឺរ៉ុប ២០១៨ នៅ​កោះពេជ្រ ដោយ​ក្រៅ​ពី​ផលិត​ផល​ទាំង​ទង​គ្រឿង​ឡាន ក៏​មាន​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​វិស័យ​សំណង់ ឧបករណ៍​ផ្ទះ​បាយ​ដូចជា​ម៉ាស៊ីន​កាហ្វេ ម៉ាស៊ីន​លាងចាន ទូ​ទឹក​កក ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព (កាមេរ៉ា...) និង​ឧបករណ៍​បំពង​សំឡេង​ជាដើម។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Bosch Cambodia

ដុំ ESC ខាងឆ្វេងដៃ

អត្ថបទ៖ វិទូ