អតីត​បុគ្គលិក​ Apple អាចជាប់​គុក ១០ ឆ្នាំ រឿង​លួច​គម្រោង​ការ​ឡាន​បើក​ស្វ័យប្រវត្តិ

  • 2018-07-11 07:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​​ស៊ើបអង្កេត FBI បាន​​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ Apple ឈ្មោះ​ Xiaolang Zhang ពី​បទ​​លួច​យក​​អាថ៌កំបាំង​នៃ​ពាណិជ្ជកម្ម។

រូបតំណាង

Zhang ត្រូវ​បាន​ Apple ជួល​​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៥ ដើម្បី​​ធ្វើ​ការ​លើ​ Project Titan ដោយ​​ផ្ដោត​លើ Software និង​ Hardware នៃ​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិ។ នៅ​ខែ​មេសា​ឆ្នាំ​ ២០១៨ បុគ្គលិក​រូប​នេះ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​​ក្រោយ​ពី​កូន​របស់​ខ្លួន​បាន​កើត​ និង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​នោះ។

រូបតំណាង

មួយ​រយៈ​ក្រោយ​មក​ Zhang បាន​ប្រាប់​ដល់​​អ្នក​គ្រប់គ្រង​របស់​ខ្លួន​​នៅ​ក្រុមហ៊ុន​ Apple ថា​​សុំ​ឈប់​ពី​ការងារ​ និង​រើ​ទៅ​នៅ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ Xmotors ជា​ Start-up មួយ​ដែល​ផ្ដោត​លើ​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិ​ដែរ។

រូបតំណាង

ព្រោះ​រឿង​រ៉ាវ​នេះ​​នាំ​ឲ្យ​​ ក្រុម​រក្សា​សុវត្ថិភាព​ផលិតផល​ថ្មី​របស់​ Apple ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើបអង្កេត​​លើ​សកម្មភាព​របស់​ Zhang។ ​ក្នុង​​ដំណើរ​ការ​ស៊ើបអង្កេត​គេ​ប្រទះ​ឃើញ​​​តាម​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​​ដែល​បង្ហាញ​ថា​ Zhang បាន​មក​កាន់​​ទីស្នាក់ការ​ Apple ​នៅ​ថ្ងៃ​សៅរ៍ ទី ២៨ ខែ​មេសា និង​បាន​ចូល​ទៅ​​មន្ទីរ​សិក្សា​ពី​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ។ ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​ទៅ​ថ្ងៃ​ដែល​ Zhang មក​ពី​ទីស្នាក់ការ​ ស៊ី​គ្នា​នឹង​ម៉ោង​ដែល​ទិន្នន័យ​នៃ​ Project Titan ត្រូវ​បាន​គេ​ដោនឡូដ។ ​​​​​

រូបតំណាង

ភស្តុតាង​ដែល​​មាន​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ Apple ប្រគល់​ទៅ​ឲ្យ​ FBI និង​នាំ​ឲ្យ​មាន​ការ​សួរ​ចម្លើយ​ Zhang នៅ​ចុង​ខែ​មិថុនា​ ហើយ​ Zhang ក៏​បាន​សារភាព​ថា​ពិត​ជា​បាន​លួច​ទិន្នន័យ​ និង​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ ក្រោយ​ព្យាយាម​រត់​គេច​ទៅ​ប្រទេស​ចិន។

បច្ចុប្បន្ន​នេះ​ Zhang ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ឃុំឃាំង​របស់​ពេល​ ១០ ឆ្នាំ​ និង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ ២៥០ ០០០ ដុល្លារ​ ទៀត​ផង៕​ ​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង