សប្តាហ៍​កន្លង​ទៅ​ សេរីវណ្ណថង​ ចោល​​ប្រលង​ឆមាស១​មុខ​ ដើម្បី​មក​វ៉ៃ​នៅ​ភ្នំពេញ​​

  • 2018-07-16 08:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ឈ្នះ​មាន​ ៣ពិន្ទុ​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៤​ ខែ​កក្កដា​ ២០១៨​ នេះ​មែន​ ប៉ុន្តែ​ក៏​ត្រូវ​បោះបង់​ការ​ប្រលង​ឆមាស​១ផង​ដែរ​ ដើម្បី​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ប្រកួត។​

បើ​តាម​ឪពុក​របស់​ ឈិត​ សេរីវណ្ណថង​ ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ កូន​ប្រុស​របស់​លោក​ មិន​បាន​ប្រលង​ឆមាស​មុខវិជ្ជា​ សីលធម៌​ នោះ​ទេ​ ព្រោះ​អី​ត្រូវ​ឡើង​មក​ភ្នំពេញ​ត្រៀម​ការ​ប្រកួត​ជុំ​ទី៣​ខ្សែក្រវាត់​របស់​សង្វៀន​អាស៊ីអាគ្នេយ៍។​

ឈិត​ សេរី​ បន្ថែម​ថា ​ថ្ងៃ​ដែល​ចេញ​ដំណើរ​មក​ប្រកួត​នៅ​ភ្នំពេញ​នោះ​ ត្រូវ​និង​ថ្ងៃ​ប្រលង​ឆមាស​ផង​ដែរ​ ដូច្នេះ​កូន​ប្រុស​របស់​លោក​ឆ្លៀត​នៅ​ប្រលង​១ព្រឹក​ បាន​២មុខ​វិជ្ជា​សិន​ ទើប​ចេញ​ពី​ប្រលង​មក​ភ្នំពេញ​តែ​ម្ដង។​ ចំពោះ​ការ​ប្រលង​ធំ​ ឬ​ប្រលង​បាក់ឌុប​ នៅ​ពេល​ខាង​មុខ​ លោក​ក៏​មិន​សូវ​ជា​សង្ឃឹម​ថា​កូន​ធ្វើ​បាន​ល្អ​ នោះ​ដែរ​ ព្រោះ​អី​មិន​សូវ​មាន​ពេល​បាន​រៀន​ជាប់​លាប​នោះ​ឡើយ​ រវល់​ឆ្លៀត​ហាត់​ប្រដាល់​ឡើង​ប្រកួត​ដូច​បាន​ឃើញ​ស្រាប់។​

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ ជា​បេក្ខភាព​ម្នាក់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​៥៧​គីឡូក្រាម​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។ ​បច្ចុប្បន្ន​នេះ​អ្នក​លេង​គុនខ្មែរ​ខាង​លើ​មាន​ ៩ពិន្ទុ​ ក្រោយ​ឈ្នះ​ទាំង​៣ប្រកួត។​ ប្រកួត​ចុង​ក្រោយ​ទាត់​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី១​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​