ទេព សុវិចិត្រ ជនជាតិ​ខ្មែរ​ម្នាក់គត់​ ឡើង​ធ្វើ​ជា​វាគ្មិន "ពុម្ពអក្សរ​អាស៊ីអាគ្នេយ៍"

  • 2018-07-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ដ៏​មាន​ទេពកោសល្យម្នាក់​គឺ​ ទេព សុវិចិត្រ ត្រូវ​បាន​គណៈ​កម្មការ​កម្មវិធី​ថ្នាក់​តំបន់​មួយជ្រើស​រើស​ជា​វាគ្មិន​ក្នុង​កម្មវិធី "ពុម្ពអក្សរ​អាស៊ីអាគ្នេយ៍" ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ៥ ខែ​តុលា​ឆ្នាំ ២០១៨ ខាង​មុខ។ យ៉ាង​ណា​ក្ដី តំណែង​ជា​វាគ្មិន​នេះ​មិន​មែន​ជា​លើកទី១ នោះ​ពោល​គឺ យុវជន​រូប​នេះ ធ្លាប់​បាន​ចូលរួម​ម្ដង​រួច​មក​ហើយ។

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ មក​ដឹង​ពី​បទពិសោធន៍ របស់​អតីត​អ្នក​សម្របសម្រួល​គេហទំព័រ Wikipedia ភាសា​ខ្មែរ​រូប​នេះ ធ្លាប់​បាន​ធ្វើ​នៅ​កម្មវិធី​ខាង​លើ៖

សុវិចិត្រ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា រូបគេ​បាន​ជួប​ជជែក​ជាមួយ​អ្នក​រៀបចំ​សិក្ខាសាលា​នេះ​ហើយ​ ក្រោយៗ​មក ក៏​បាន​ទាក់ទង​គ្នា​បន្ត និង​ជួយ​ឆ្លើយ​សំណួរ​របស់​អ្នក​រៀបចំ​រូប​នោះ ទាក់ទង​នឹង​អក្សរខ្មែរ។ ដោយ​ឃើញ​អំពី​ការងារ​ រួម​ទាំង​ការ​លម្អិត​ពីតួអក្សរ​ខ្មែរ ដែលគេ​បាន​ដាក់​បញ្ចូល​ក្នុង​ពុម្ពអក្សរ​ថ្មីៗ​ទៅ​ក្នុង Google Font ផង​នោះ ក៏​ត្រូវ​​អ្នក​រៀបចំ​ក៏​បាន​អញ្ជើញ​រូប​គេ​ឲ្យ​ទៅ​បង្រៀន​ដោយ​ផ្ទាល់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃកាល​ពី​ឆ្នាំ២០១៦។

​ដោយ​សារ​កម្មវិធី "ពុម្ពអក្សរ​អាស៊ីអាគ្នេយ៍" នេះ​ដែរ វិចិត្រ​ក៏​បាន​ជួប​អ្នកដឹកនាំ​ក្រុមហ៊ុន​ធ្វើ​ពុម្ពអក្សរ​មួយ​ពីរ​ដែរ នៅ​ស្រុក​ថៃ ហើយ​បាន​រៀន​ខ្លះ​ៗ​អំពី​ការងារ​របស់​ពួកគេ​នៅ​ទី​នោះ និង​ក្នុង​អន្តរជាតិ។

វិចិត្រ បាន​រៀន​ចេះ​ច្រើន​ពី​​កម្មវិធី​នេះ ជាពិសេស​អំពី​ស្ថានភាព​នៃ​ទីផ្សារ​ពុម្ពអក្សរ តម្លៃ​នៃ​តួអក្សរ និង​លក្ខណៈ​ខុសប្លែក​គ្នា​នៃ​តួអក្សរ​ក្នុង​អាស៊ីអាគ្នេយ៍។

វិចិត្រ ជាមួយនឹង​វាគ្មិនមកពីប្រទេសដទៃ | រូបភាព៖ fontpad

ក្រោយ​បន្ទាប់​ពី​នេះ (ក្នុង​ឆ្នាំ​ដដែល) យុវជន​វ័យ​២៣ ឆ្នាំ​ក៏​បាន​យក​ចំណេះដឹងទាំងនោះ មក​ជួយ​រៀបចំ​វគ្គសិក្សា​អំពី​ការ​ឌីហ្សាញ​ពុម្ពអក្សរ នៅ​ទីក្រុង​ភ្នំពេញ​វិញ។ ដោយ​សារ​ការ​ខិតខំ និង​ស្នាដៃ​ថ្មី​ប្លែកៗ​ចេញ​ជា​រូប​រាង បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ វិចិត្រ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី "ពុម្ពអក្សរ​អាស៊ីអាគ្នេយ៍" អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ជា​អ្នក​បង្រៀន​នៅ​ទីនេះ​ម្ដង​ទៀត។

វិចិត្រ​បាន​បន្ថែម​ទៀត​ថា "រូប​គេ​ទទួល​បាន​តួនាទី​ជា​អ្នក​បង្រៀន(Local Expert) និង​ចែក​រំលែក​ដល់​អ្នក​ចូលរួម ឱ្យ​បាន​យល់​អំពី​មូលដ្ឋាន​ក្នុង​ការ​ឌីហ្សាញ​តួអក្សរ​ខ្មែរ និង​បច្ចេកទេស​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​ការ​ឌីហ្សាញ​របស់​អ្នក​ចូលរួម មាន​លក្ខណៈ​ជាតិ ឱ្យ​សមស្រប​ទាក់​ទាញ និង​ជា​របស់​ដែល​ជា​វប្បធម៌​ខ្មែរ។

រំឭក​ដែរ​ថា​សិក្ខាសាលា​អំពី «ពុម្ពអក្សរ​អាស៊ីអាគ្នេយ៍» រួមមាន អក្សរខ្មែរ អក្សរ​ថៃ អក្សរ​ឡាវ និង​អក្សរ​ភូមា ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ក្នុង​តំបន់ និង​អ្នក​ឌីហ្សាញ​អក្សរ​មក​ពី​បរទេស ដែល​ធ្វើឡើង​នៅ​ដើមខែ​តុលា ឆ្នាំ២០១៨ ខាងមុខ​នេះ៕

កម្មវិធី "ពុម្ពអក្សរ​អាស៊ីអាគ្នេយ៍"

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា