Fan ជប៉ុន​លែង​ពិបាក​អង្គុយ​បក​ប្រែ! មាន Manga ខ្មែរ​ឲ្យ​មើល​ហើយ​ពេល​នេះ

  • 2018-07-28 06:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​រឿង​តុក្កតា​របស់​ជប៉ុន ម៉េងហ្គា (Manga) ពេល​នេះ មាន​បក​ប្រែ​ជា​ភាសាខ្មែរ​ស្រាប់​ហើយ ក្រោយ​ពី​ប្រលោម​លោក​សប្បាយ (Sabay E-novel) បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន SHOGAKUKAN ដែល​ជា​អ្នក​បោះពុម្ព Manga ធំ​មួយ​នៅ​ប្រទេស​ជប៉ុន កាល​ពី​ម្សិល​មិញ។

លោក ជី សិលា នាយក​ប្រតិបត្តិ សប្បាយ Digital Plus បាន​ឲ្យ​ដឹង​ថា៖ "ប្រជា​ជន​ខ្មែរ ពិសេស​យុវវ័យ តែង​ស្វែង​អ្វី​ប្លែកៗ​សម្រាប់​ការ​កម្សាន្ត​ពួកគេ ហើយ Manga មិន​ត្រឹមតែ​ល្បី​នៅ​ជប៉ុន​ទេ គឺ​ពាសពេញ​ពិភពលោក​តែ​ម្ដង ដែល​ជា​ហេតុ យើង​នាំ​យក Manga ជា​ភាសា​ខ្មែរ ដំបូង​គេ​បង្អស់​មក​កម្ពុជា"។

លោក ជី សិលា នាយក​ប្រតិបត្តិ សប្បាយ Digital Plus

លោក ជី សិលា បាន​បន្ថែម​ថា Manga ជា​ភាសា​ខ្មែរ នឹង​ត្រូវ​ផលិត​ដោយ​វិធី ២ យ៉ាង។ ទី​មួយ រឿង​ Manga ដើម​ពី​ជប៉ុន យក​មក​បកប្រែ​ជា​ភាសា​ខ្មែរ និង​វិធី​មួយ​ទៀត គឺ រឿង​មួយ​ចំនួន​ដែល​ពេញ​និយម​នៅ​លើ​ប្រលោម​លោក​សប្បាយ នឹង​យក​ទៅ​បម្លែង​ជា​រឿង Manga ហើយ​ចុះ​ផ្សាយ​លើ​ប្រលោម​លោក​សប្បាយ។

រឿង Mangaដំបូង​ដែល​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​រួច​ហើយ​នោះ​គឺ​រឿង "ការ​ស្លាប់​របស់​វីរបុរស" ដោយ​បាន​ចុះ​ផ្សាយ​លើ​ប្រលោមលោក​សប្បាយ​ហើយ ដែល​រឿង​នេះ​ចុះ​ផ្សាយ​ដំបូង​នៅ​ឆ្នាំ ២០១៤ និយាយ​ពី​ម្ចាស់​ចម្ការ​ឆៃថាវ​ម្នាក់ ត្រូវ​គេ​បង្ខំ​ឲ្យ​ការពារ​អ្នក​ភូមិ​ពី​ពួក​បិសាច បន្ទាប់​ពី​វីរបុរស​ក្នុង​ស្រុក​បាន​ស្លាប់ ដោយ​សារ​អន្ទាក់​បិសាច​របស់​លោក។

លោក Yasuyuki Sagami នាយក​ក្រុមហ៊ុន SHOGAKUKAN បាន​លើក​ឡើង​ថា លោក​រីករាយ​ដែល​អាច​ពង្រីក​អាជីវកម្ម​នៅ​អាស៊ី ជាពិសេស​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹម​ថា តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​ប្រលោមលោក​សប្បាយ Manga ជា​ភាសា​ខ្មែរ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

ប្រលោម​លោក​សប្បាយ បាន​សម្ពោធ​នៅ​ខែ​កុម្ភៈ ២០១៧ ជា​វេទិកា​ឌីជីថល​តែ​មួយ​គត់​នៅ​កម្ពុជា សម្រាប់​អ្នកនិពន្ធ​នានា ចុះ​ផ្សាយ​រឿង​ប្រលោម​លោក​ខ្លួន និង​ទទួល​បាន​ប្រាក់​ចំណូល​តាម​រយៈ​ចំនួន​អ្នក​អាន ដោយ​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​ប្រជា​ជន​ខ្មែរ​អាន​ឲ្យ​បាន​ច្រើន និង​ស្វែង​យល់​ពី​រឿង​ដើម និង​វប្បធម៌​របស់​កម្ពុជា។

SHOGAKUKAN បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៨ សីហា ១៩២២ ជា​រោង​បោះពុម្ព​ឯកទេស​ក្នុង​ការផលិត​ទស្សនាវដ្ដី​បែប​អប់រំ​សម្រាប់​គ្រូ និង​ក្មេងៗ​ថ្នាក់​បឋម​សិក្សា​នៅ​ជប៉ុន ដោយ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ SHOGAKUKAN បាន​បោះ​ជំហាន​បន្តិច​ម្ដងៗ ក្នុង​ការ​ពង្រីក​ទំហំ និង​ចំនួន​បោះពុម្ព​ផ្សាយ​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវ​ការ​យ៉ាង​សម្បូរ​បែប​របស់​អ្នក​អាន ជាមួយ​នឹង​ការ​បែង​ចែក​ក្រុម​អាយុ និង​ប្រភេទ​ប្រជាជន៕

អត្ថបទ៖ វិទូ

អត្ថបទថ្មី