វៀតណាម ប្រកាសប្រមូលថ្នាំ ៥៧ ប្រភេទមកវិញ ព្រោះអាចបង្កជំងឺមហារីក

  • 2018-08-05 03:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាសប្រមូល​ថ្នាំ​បេះដូង​ចំនួន ៥៧​ប្រភេទ​ត្រឡប់​មក​វិញ ក្រោយ​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​ដែល​អាច​បង្ក​ជំងឺ​មហារីក។

រដ្ឋបាល​ឱសថ​នៃ​ប្រទេស​វៀតណាម និយាយ​ថា​ថ្នាំ​ដែល​ប្រមូល​មក​វិញ​នេះ មាន​ផ្ទុក​សារធាតុ Valsartan ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​ចិន។ លើស​ពី​នេះ​ទៀត វា​ត្រូវ​បាន​រក​ឃើញ​ថា​មាន N-nitrosodimethylamine (NDMA) ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​បាន ប្រសិន​បើ​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរ។ ក្នុង​ចំណោម​ថ្នាំ​ទាំង​អស់ ថ្នាំ​ចំនួន ៣២​ប្រភេទ​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​វៀតណាម​ផ្ទាល់ ហើយ ២៥​ប្រភេទ​ទៀត​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន។

ជាមួយ​គ្នា​ដែរ ថ្នាំ​ទាំង ៣២​ប្រភេទ ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​ចំនួន ១៣​ដែល​បាន​នាំ​ចូល​សារធាតុ Valsartan ពី​ក្រុមហ៊ុន​ចិន​ឈ្មោះ Zhejiang Huahai Pharmaceutical Co., Ltd។ ក្នុង​ប្រទេស​វៀតណាម ថ្នាំ​ដែល​មាន​ផ្ទុក​សារធាតុ Valsartan ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់, ជំងឺ​ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។

គួរ​បញ្ជាក់​ថា រដ្ឋបាល​វៀតណាម​ក៏​បាន​ចេញ​បញ្ជី​ថ្នាំ​ទាំង ៥៧​ប្រភេទ​ដែល​ត្រូវ​ប្រមូល​មក​វិញ ហើយ​ស្នើ​សុំ​ដល់​អ្នក​ផលិត និង​អ្នក​នាំ​ចូល​ទូ​ទាំង​ប្រទេស ឲ្យ​បញ្ឈប់​ការ​លក់ និង​ប្រើប្រាស់​ជា​បន្ទាន់​ដើម្បី​ជៀស​វាង​ពី​ការ​កើត​ជំងឺ​មហារីក៕

ប្រភព៖ vnexpress   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី