អ៊ឺរ៉ង់និងប្រទេសឈូង​សមុទ្រ​បរាជ័យផ្នែកការទូត បង្កក្ដីបារម្ភកាន់តែខ្លាំង​លើ​វបត្តិថាមពលពិភព​លោក​

  • 2026-09-14 03:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បានជួបឧបសគ្គថ្មី បន្ទាប់ពីកិច្ចប្រជុំរវាងអ៊ីរ៉ង់ និងប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ត្រូវបានពន្យារពេល ខណៈភាពតានតឹងយោធានៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង។ នេះបើតាមការផ្សាយរបស់ Reuters នៅថ្ងៃទី១៤ ខែកញ្ញា។ កិច្ចប្រជុំនេះ ដែលគ្រោងធ្វើនៅប្រទេសអូម៉ង់ មានគោលបំណងពិភាក្សាអំពីសំណើមួយសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមច្រក Hormuz ដែលជាផ្លូវសមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងរបស់ពិភពលោក។ ការពន្យារពេលនេះបង្ហាញថា ការស្វែងរកការឯកភាពរវាងអ៊ីរ៉ង់ និងប្រទេសឈូងសមុទ្រនៅតែមានភាពស្មុគស្មាញ។

កិច្ចប្រជុំត្រូវបានពន្យារពេល

ប្រទេសអូម៉ង់បានដើរតួនាទីជាអ្នកសម្របសម្រួលការចរចារវាងអ៊ីរ៉ង់ និងប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ដើម្បីស្វែងរកក្របខណ្ឌដែលអាចអនុញ្ញាតឱ្យការដឹកជញ្ជូនតាមច្រក Hormuz មានសុវត្ថិភាព និងមានស្ថិរភាពជាងមុន។

ប៉ុន្តែកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃចន្ទនេះ ត្រូវបានពន្យារពេល ដោយសារមិនអាចសម្រេចបាននូវការឯកភាពលើចំណុចសំខាន់ៗ។ មន្ត្រីអូម៉ង់បានបញ្ជាក់ពីការពន្យារពេល ខណៈមន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា កិច្ចប្រជុំដែលគ្រោងធ្វើនេះក៏មិនត្រូវបានរំពឹងថានឹងបញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្លាមៗនោះទេ។ ប្រទេសបារ៉ែនក៏បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ដែលបង្ហាញពីភាពខុសគ្នារវាងប្រទេសក្នុងតំបន់ជុំវិញវិធីដោះស្រាយបញ្ហាសន្តិសុខតាមច្រកសមុទ្រដ៏សំខាន់នេះ។

អ៊ីរ៉ង់មានសំណើខុសពីអូម៉ង់

ចំណុចមួយដែលធ្វើឱ្យការចរចាមានភាពស្មុគស្មាញ គឺសំណើរបស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងការធ្វើនាវាចរណ៍តាមច្រក Hormuz។ តាម Reuters អ៊ីរ៉ង់ចង់ឱ្យមានការរៀបចំដែលអនុញ្ញាតឱ្យខ្លួនប្រមូលថ្លៃសេវាពីនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកនេះ ខណៈអូម៉ង់មិនគាំទ្រគំនិតនេះ។ ភាពខុសគ្នានេះកំពុងក្លាយជាឧបសគ្គមួយក្នុងការសម្រេចបាននូវក្របខណ្ឌរួម ដែលអាចធានាថា នាវាពាណិជ្ជកម្មអាចបន្តឆ្លងកាត់ច្រក Hormuz ដោយមានសុវត្ថិភាព។ ច្រក Hormuz ជាច្រកសំខាន់សម្រាប់ប្រេងពិភពលោក

ច្រកសមុទ្រ Hormuz មានសារៈសំខាន់ខ្លាំងចំពោះទីផ្សារថាមពលពិភពលោក។ មុនពេលសង្គ្រាមរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផ្ទុះឡើងនៅខែកុម្ភៈ ប្រហែល ២០% នៃប្រេងពិភពលោក បានឆ្លងកាត់ច្រកនេះ។

ការប្រយុទ្ធ និងការវាយប្រហារលើនាវានៅតំបន់នេះក្នុងរយៈពេលកន្លងមក បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូន និងនាវាដឹកប្រេងប្រឈមនឹងហានិភ័យកាន់តែខ្លាំង។ ការរំខានដល់ចរាចរណ៍តាមច្រក Hormuz ក៏បានជំរុញឱ្យតម្លៃប្រេងអន្តរជាតិកើនឡើងលើស ១០០ដុល្លារក្នុងមួយបារ៉ែល។ ការពន្យារពេលការចរចាដូច្នេះ បានបង្កើនការព្រួយបារម្ភថា ការរំខានដល់ការផ្គត់ផ្គង់ថាមពលអាចអូសបន្លាយកាន់តែយូរ ប្រសិនបើមិនអាចរកឃើញដំណោះស្រាយការទូតបាន។

សម្ពាធកាន់តែខ្លាំងលើទីផ្សារថាមពល

ការពន្យារពេលកិច្ចប្រជុំបានកើតឡើងស្របពេលមានការវាយប្រហារថ្មីៗនៅក្នុងតំបន់។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើបំពង់បង្ហូរប្រេងសំខាន់របស់អារ៉ាប៊ីសាអូឌីត និងឧប្បត្តិហេតុពាក់ព័ន្ធនឹងនាវានៅច្រក Hormuz បានបង្កើនការភ័យខ្លាចអំពីការផ្គត់ផ្គង់ប្រេង។ បំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីតដែលរងការវាយប្រហារ មានសារៈសំខាន់ក្នុងការដឹកប្រេងពីតំបន់ភាគខាងកើតទៅកាន់កំពង់ផែ Yanbu នៅសមុទ្រក្រហម។ ប្រសិនបើការដឹកជញ្ជូនតាមបំពង់នេះត្រូវបានផ្អាកយូរ សមត្ថភាពនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតអាចរងផលប៉ះពាល់យ៉ាងខ្លាំង។

ការទូតកាន់តែចាំបាច់

ក្នុងពេលដែលការប្រយុទ្ធនៅមជ្ឈិមបូព៌ាកំពុងរំខានដល់ផ្លូវដឹកជញ្ជូនថាមពលសំខាន់ៗ ការចរចារវាងអ៊ីរ៉ង់ និងប្រទេសឈូងសមុទ្រត្រូវបានមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យដល់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពល។

ប៉ុន្តែការពន្យារពេលកិច្ចប្រជុំ និងភាពខុសគ្នាលើសំណើសំខាន់ៗ បង្ហាញថា ការសម្រេចបាននូវកិច្ចព្រមព្រៀងនៅតែមានចម្ងាយ។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់ក្រុមហ៊ូធីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅយេម៉ែន ក៏កំពុងបង្កើនហានិភ័យនៅច្រក Bab el-Mandeb ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់មួយទៀតរបស់ពិភពលោក។ សម្រាប់ទីផ្សារពិភពលោក បញ្ហាសំខាន់នៅពេលនេះគឺថា តើការទូតអាចរកឃើញវិធីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមច្រក Hormuz បានឆាប់ប៉ុណ្ណា។ ប្រសិនបើភាពមិនប្រាកដប្រជានៅតែបន្ត ការរំខានដល់ការផ្គត់ផ្គង់ប្រេងអាចបន្តដាក់សម្ពាធលើតម្លៃថាមពល និងសេដ្ឋកិច្ចពិភពលោក៕

ប្រភព៖ Reuters

ដោយ៖ តារា

អត្ថបទថ្មី