សល់​តែ​ប៉ុន្មានម៉ោងទៀត Samsung បញ្ចេញ​​ផលិតផល​ ៤ អង្រួន​ចិត្ត​អ្នកគាំទ្រ​មិនខាន

  • 2018-08-09 01:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៨ ស្អែកនេះ ព្រឹត្តិការណ័៍ដ៏ធំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដែលមានឈ្មោះថា Galaxy Unpacked នឹងត្រូវប្រារព្ធឡើងនៅមជ្ឈមណ្ឌល Barclays នៅសង្កាត់ Brooklyn ទីក្រុង New York ហើយ។ ក្រៅពីកំពូលទូរសព្ទត្រកូល Galaxy Note របស់ខ្លួន មានពាក្យចចាមអារ៉ាមមួយចំនួនទៀត ក៏បានលើកឡើងពីឧបករណ៍អេឡិចត្រូនិកដែលនឹងអាចបង្ហាញខ្លួនក្នុងពេលជាមួយគ្នា ហើយអាចប្រើជាគ្រឿងបន្ថែមជាមួយនឹង Samsung Galaxy Note 9 បានយ៉ាងល្អ។

ខាងក្រោមនេះជាអ្វីដែល Samsung ត្រូវបញ្ចេញ (Galaxy Note 9) ឬអាចនឹងបញ្ចេញ (Galaxy Watch…) ក្នុងព្រឹត្តិការណ៍ Unpacked របស់ខ្លួននាថ្ងៃស្អែកនេះ៖

១. ទូរសព្ទ Samsung Galaxy Note 9

និយាយរួមទៅ ព្រឹត្តិការណ៍ Galaxy Unpacked នេះគឺផ្ដោតសំខាន់ទៅលើទូរសព្ទត្រកូល Note នេះតែម្ដង ដែលតាមរឿងដែលបែកធ្លាយត្រួសៗមកនេះ គេអាចដឹងពីលក្ខណៈសម្បត្តិពិសេសរបស់ ជំនាន់ទី ៨ នៃត្រកូល Galaxy Note នេះបាន៖

  • មិនមានរាងខុសគ្នាពី Galaxy Note 8 ប៉ុន្មានឡើយ
  • ប៊ិច S Pen ដែលប្រើប្រាស់ Bluetooth៖ បើសិននេះជារឿងពិត លើកនេះ Samsung ពិតជាលេងអាវុធធំហើយ ព្រោះ S Pen ដែលប្រើប្រាស់ប្រព័ន្ធ Bluetooth នេះ ក្រៅពីដឹងពីកម្លាំងសង្កត់របស់អ្នកប្រើប្រាស់ពេលគូសវាស វាក៏អាចដំណើរការជាតេឡេបញ្ជាទូរសព្ទ Galaxy Note 9 ពីចម្ងាយផងដែរ។
  • មានថ្មទំហំផ្ទុកធំជាងមុនដល់ទៅ ៤ ០០០ mAh ប្រៀបជាមួយនឹង Galaxy Note 8 ឆ្នាំមុនមានត្រឹម ៣ ៣០០ mAh
  • អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនអាចមានទំហំរហូតដល់ ៥១២ GB ហើយអាចថែមអង្គផ្ទុកទិន្នន័យខាងក្រៅបានដល់ ៥១២ GB សរុបជាង ១ TB
  • កាមេរ៉ា Galaxy Note 9 នឹងមាន Aperture ២ ដូច Galaxy S9 ដែរ តែវានឹងមានប្រព័ន្ធ AI ភ្ជាប់មកជាមួយ
  • ល្បឿនក៏នឹងលឿនជាងមុនដែរ ជាមួយនឹងឈីប Snapdragon 845 របស់ Qualcomm
  • ហ្គេម Fortnite អាចនឹងមានលើឧបករណ៍ Android តែមួយគត់ គឺ Galaxy Note 9 នេះឯង។

២. នាឡិកា Galaxy Watch

នាឡិកាឆ្លាតវៃរបស់ Samsung ដែលជ្រកក្រោមត្រកូល Gear ជាច្រើនឆ្នាំមកហើយនោះទំនងជាត្រូវបង្ហាញខ្លួនដែរនាថ្ងៃស្អែកនេះ ប៉ុន្តែនឹងដូរត្រកូលទៅជា Galaxy ដែរ ព្រោះវានឹងសាកសមជានាឡិកាឆ្លាតវៃល្អឥតខ្ចោះរបស់ពពួកទូរសព្ទដៃកំពូលរបស់ Samsung ទាំងត្រកូល Galaxy Note និង Galaxy S។ បើតាមពាក្យចចរាមអារ៉ាម Galaxy Watch នឹងនៅតែប្រើប្រព័ន្ធប្រតិបត្តិការ Tizen របស់ខ្លួនដដែលជជាង Android Wear តែ Samsung អាចនឹងដាក់ជំនួយការឆ្លាតវៃផ្ទាល់ខ្លួន Bixby នៅក្នុងនាឡិកាឆ្លាតវៃរបស់ខ្លួនតែម្ដង។

៣. ជើងសាក Wireless ទាំងទូរសព្ទ និងនាឡិកា

បើតាមការលេចឮ គឺ Samsung អាចបញ្ចេញជា ជើងសាកប្រភេទ Wireless ដែលអាចសាកឧបករណ៍បានម្ដង ២ ដែលមើលទៅប្រហែលវាអាចនឹងធ្វើជាពិសេសសម្រាប់ Galaxy Note 9/ Galaxy S 9 និងនាឡិកាឆ្លាតវៃ Galaxy Watch។ បើសិនជាចេញមែន វាអាចនឹងក្លាយជាគ្រឿងបន្ថែមដែលអ្នកប្រើ Samsung ទន្ទឹងរង់ចាំ ដូចអ្នកប្រើ iPhone 8, iPhone 8 Plus, iPhone X និង Apple Watch ទន្ទឹងរង់ចាំ Air Mat អ៊ីចឹង។

៤. ឧបករណ៍បំពងសំឡេងឆ្លាតវៃប្រើ Bixby

រូបភាព​តំណាង

ឧបករណ៍បំពងសំឡេងឆ្លាតវៃរបស់ Samsung ក៏ប្រហែលអាចនឹងលេចមុខក្នុងព្រឹតិ្តការណ៍នៅសហរដ្ឋអាមេរិក នាថ្ងៃស្អែកនេះដែរ ព្រោះថាខាងក្រុមហ៊ុនផ្ទាល់ធ្លាប់បានបញ្ជាក់ពីការបញ្ចេញលក់ ឧបករណ៍បំពងសំឡេងឆ្លាតវៃ ដែលប្រើជំនួយការ Bixby របស់ខ្លួនដើម្បីមកប្រជែងគូសត្រូវ ដូចជា Amazon Echo, Google Home និង HomePod ជាដើម។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម