លម្អិត​រឿង​ Honda ​មក​ដឹក​នាំ​កម្ពុជា​យ៉ាង​មិច ​បើ​ខ្លួន​​ជាប់​លេង​នៅ​លីគ​អូស្ត្រាលី

  • 2018-08-14 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​របស់​ជប៉ុន ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហើយ ​ដោយ​មាន​​កុងត្រា​២​ឆ្នាំ ​ដឹក​នាំ​មិន​យក​ប្រាក់​ខែ​ទេ។

ការ​ប្រកាស​តែងតាំង​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ​ដោយ​សូម្បី​កាសែត​ធំ​ៗ​ជា​ច្រើន​ក៏​សឹង​មិន​គួរ​ឱ្យ​ជឿ​ផង​ដែរ ​ព្រោះ​ថា Honda ​នៅ​ជា​កីឡាករ​បាល់ទាត់​នៅ​ឡើយ ​ហើយ​មិន​ទាន់​មាន​លិខិត​បញ្ជាក់​ពី​ការ​ចូលរួម​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គ្រូ​បង្វឹក​ឡើយ​។ ​បើ​អីចឹង ​តើ​តួ​នាទី​អ្នក​ចាត់ការ​ទូទៅ​របស់​គេ ​អាច​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដោយ​របៀប​ណា។

ខ្សែ​ប្រយុទ្ធ​ដែល​ទើប​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​ជប៉ុន​ក្រោយ​ចប់ World Cup 2018 ​បាន​ប្រកាស​រូបគេ​មក​ដឹក​នាំ​កម្ពុជា ​ដើម្បី​ឱ្យ​ជម្រើស​ជាតិ​មាន Style ​លេង​ថ្មី​មួយ។ ចំពោះ​រឿង​បង្ហាត់​វិញ ​លោក​អាច​នឹង​ប្រើ​ដៃ​ស្ដាំ​របស់​ខ្លួន​ឈ្មោះ​ថា Felix Agustin Gonzalez Dalmas ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផ្ទាល់​នៅ​កម្ពុជា។ ដោយ​ឡែក សម្រាប់​លោក​វិញ ​នឹង​ប្រើ​បច្ចេកវិទ្យា VIDEO Call ​សម្រាប់​ទាក់ទង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ក៏​ដូច​ជា​គ្រូ​បង្វឹក​នៅ​កម្ពុជា​។ ប្រសិន​បើ​ការ​ប្រកួត​របស់​ជម្រើស​ជាតិ​មិន​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​នៅ​អូស្ត្រាលី​ទេ ​នោះ​លោក​នឹង​មក​ផ្ទាល់​តែ​ម្ដង។

ដោយ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា Honda ​នឹង​នៅ​តែ​ជា​កីឡាករ​បាល់ទាត់​របស់​ក្លឹប Melbourne ​របស់​អូស្ត្រាលី​ដដែល ​បើ​ទោះ​ជា​បាន​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ក៏​ដោយ។ និយាយ​ពី​ការ​ប្រកួត​ផ្លូវការ​វិញ ​Honda ​មាន​ឱកាស​បាន​ចូល​ទីលាន​បាន ​ដោយ​ប្រើ​ងា​ជា​គណៈ​ប្រតិភូ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ​មិន​មែន​ប្រើ​តួ​នាទី​គ្រូ​បង្វឹក​ឡើយ ​ព្រោះ​រូបគេ​មិន​មាន​​លិខិត​បញ្ជាក់​ពី​ការ​ចូលរួម​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​គ្រូ​បង្វឹក​ឡើយ។

ក្រៅ​ពី​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​នេះ​ហើយ Honda ​នៅ​មាន​ការងារ​មួយ​ទៀត​នៅ​កម្ពុជា ​ដោយ​រូបគេ​នឹង​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​វប្បធម៌ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក​។​

រំលឹក​ពី​កាល Honda ​មក​កម្ពុជា​ដំបូង ​នៅ​ឆ្នាំ​២០១៥ ​អំឡុង​ពេល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​ប្រកួត​ជម្រុះ World Cup 2018 ​ជាមួយ​កម្ពុជា ​ដោយ​គ្រា​នោះ​ជប៉ុន​ឈ្នះ ២-០។ ក្រោយ​មក​ទៀត ​នៅ​ឆ្នាំ​២០១៦ ​កីឡាករ​ខាង​លើ​បាន​មក​កម្ពុជា​ម្ដង​ទៀត ​ដោយ​បង្កើត​ជា​សាលា​បាល់ទាត់​បណ្ដុះបណ្ដាល​យុវជន​នៅ​កម្ពុជា​​ឈ្មោះ​ថា Honda Soltilo Soccer School។ ​រំលង​បាន​ប៉ុន្មាន Honda ​ក៏​បាន​បង្កើត​ជា​ក្លឹប​បាល់ទាត់​មួយ​នៅ​ខេត្ត​សៀមរាប​ទៀត ​ឈ្មោះ​ថា សូទីឡូ​អង្គរ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម