គ្រូ​បាល់ទះ​ចិន​ថា​ ក្រោយ​ពេល​​បង្ហាត់​ ៣​ខែ​​កីឡាករ​កម្ពុជា​នឹង​ដឹង​ខ្លួន​ខុស​ប្លែក​ពី​មុន

  • 2018-08-15 02:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Li Jun ​គ្រូ​បង្វឹក​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ដែល​ទើប​ចូល​កាន់​តំណែង​បង្ហើប​ចំណុច​ខ្សោយ​ពីរ​ចំណុច​ ដែល​កីឡាករ​កម្ពុជា​មាន​​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ការ​​ហ្វឹកហាត់​៣​ខែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​កីឡាករ​កម្ពុជា​នឹង​ដឹង​ខ្លួន​ល្អ​ជាង​មុន​​។

អតីត​គ្រូ​បង្វឹក​បាល់ទះ​ប្រចាំ​ខេត្ត​ហ្វូជាន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទះ​កម្ពុជា​នៅ​ស្ទើរ​អ្នក​លើក​បាល់ (អ្នក​ប៉ះសេ​) និង​ការ​ធ្វើ​រនាំង​ (បាំង)។ ចំណែក​ការ​វៃ​ផ្ដាច់ ( ​ស្មាត់ ) ​មិន​មាន​បញ្ហា​ចោទ​ទេ ​ពោល​គឺ​អាច​យក​ជា​ការ​បាន។ ដូច្នេះ​លោក​គិត​ថា ក្រោយ​ពេល​ទទួល​បាន​ការ​ហ្វឹកហាត់​៣​ខែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​កីឡាករ​កម្ពុជា​ទាំង​អស់​​ នឹង​ដឹង​ខ្លួន​ថា ល្អ​ជាង​មុន។

​ទន្ទឹម​នឹង​ការ​ខ្វះខាត​​កីឡាករ​បាល់ទះ​កម្ពុជា ក៏​មាន​ចំណុច​ល្អ​ផង​ដែរ​ គឺ​ការ​តស៊ូ​ព្យាយាម​ហ្វឹកហាត់​។ ចំពោះ​ការ​អះអាង​ក្នុង​ការ​ជួយ​កម្ពុជា​ឲ្យ​ឈ្នះ​មេដាយ​ឬ​ជើង​ឯក​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នោះ​លោក​មិន​ហ៊ាន​សន្យា​ទេ។ ប៉ុន្តែ​លោក​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​បង្វឹក​​កីឡាករ​ទាំង​អស់​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។

​ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ចិន​​​ចាប់​ពី​ព្រឹក​នេះ​តទៅ​នៅ​ទីលាន​បាល់ទះ​វិសាខា។ លោក Li Jun ​បាន​​ចុះ​កុង​ត្រា​ដឹក​នាំ​កម្ពុជា​ចំនួន ៥ ឆ្នាំ​គិត​ចាប់​ពី​​ខែ​សីហា ឆ្នាំ​២០១៨ នេះ​តទៅ​៕

ក្រុម​កីឡា​ករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​