ក្រុមហ៊ុន​ធំៗ​ចូល​បក្ស​ឆក​អស់​ ទុក​ឲ្យ​ Samsung កណ្ដោច​កណ្ដែង​តែ​ឯង

  • 2018-08-20 07:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការណ៍​ដែល​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​​ធំ​ៗ​មួយ​ចំនួន​លួច​ចម្លង​ពី​គេ​ឯង ដូច​ជា​ចម្លង​ពី​ Apple ជា​ដើម​នោះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្នុង​សហគ្រាស​ស្មាតហ្វូន។​ ប៉ុន្តែ​គេ​មិន​ធ្លាប់​ឃើញ​ការ​ចម្លង​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​បើក​ចំហ​​ដូច​ជា​គ្រប់​គ្នា​​កំពុង​ចម្លង​​​ iPhone X ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។

​​នៅ​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ធំៗ​ដូច​ជា​ LG, Asus, Nokia, Huawei, Oppo និង Xiaomi ជា​ដើម​នោះ បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មីៗ​ជា​ច្រើន​ដែល​មាន​រចនាបថ​ក្បាល​ឆក​ដូច​ជា​ iPhone X។ បន្ថែម​ពី​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​ បាន​ប្រៀប​ធៀប​ស្នាម​ឆក​លើ​ស្មាតហ្វូន​របស់​ខ្លួន​ជា​មួយ​ iPhone X ដោយ​អួត​ថា​​មាន​ស្នាម​ឆក​តូច​ជាង។

ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ Oppo និង Vivo បាន​រិះ​រក​វិធីសាស្ត្រ​ថ្មី​ដោយ​បាន​បង្កប់​កាមេរ៉ា​ក្នុង​តួ​ខ្លួន​ដើម្បី​ផលិត​ស្មាតហ្វូន​មាន​អេក្រង់​លាត​ពេញ​ទី គ្មាន​ក្បាល​ឆក។ ទោះ​យ៉ាងណា​ក្រុមហ៊ុន​ពីរ​នេះ​នៅ​តែ​ផលិត​ស្មាតហ្វូន​អេក្រង់​ឆក​ដដែល។

ដោយ​ឡែក​ Samsung គឺ​មិន​ស្ថិត​ក្នុង​ក្រុម​ក្បាល​ឆក​នេះ​ទេ។ ផ្អែក​តាម​​សារព័ត៌មាន​ Forbes មាន​ហេតុផល​​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ មិន​ខ្ចី​ប្រើ​រចនាបថ​ឆក។ ទី​មួយ​ Samsung មាន​ភាព​ជឿជាក់​លើ​អេក្រង់​ Infinity Display របស់​ខ្លួន និង​ទី​ពីរ​គឺ​ដោយ​សារ​ Samsung ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​លោក​ ហេតុ​នេះ​ចង់​ចម្លង​ Apple ដោយ​បើក​ចំហ​បែប​នេះ​គឺ​​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ ហេតុ​មួយ​ទៀត​គឺ​ Samsung ធ្លាប់​បាន​សើច​ចំអក​ Apple យ៉ាង​ចាស់​ដៃ តាម​រយៈ​ស្ប៉ត​វីដេអូ​របស់​ខ្លួន។

​​​​Forbes បាន​និយាយ​ទៀត​ថា ៖​ "អ្នក​មិន​អាច​រិះគន់​លើ​ចំណុច​មួយ​របស់​ Apple ហើយ​ស្រាប់​តែ​ធ្វើ​តាម​ Apple វិញ​នោះ​ទេ...លុះត្រាតែ​អ្នក​​ជា​ Google”។

កាល​ពី​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Google បាន​សើច​ចំអក​ Apple ដែល​ដក​រន្ធ​ 3.5 mm ចេញ​ពី​ iPhone 7 ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​នេះ​ក៏​បាន​​ប្រកាស​ចេញ​ Pixel 2 និង Pixel 2 XL ដែល​គ្មាន​រន្ធ​កាស​ 3.5 mm ទៅ​វិញ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង