លក្ខខណ្ឌ​ពិសេស​មួយ​​ត្បិត​បិទ​ទីផ្សារ តែ​ក្លឹប​​ទាំង​អស់​នៅ​តែ​អាច​នាំ​ចូល​កីឡាករ​ថ្មី

  • 2018-08-22 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នា​ប្រាកដ​ជា​ដឹង​ច្បាស់ រាល់​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ ​ក្លឹប​ទាំងអស់​​មិន​អាច​ទិញ​ឬ​ខ្ចី​ជើង​​កីឡាករ​ពី​ក្លឹប​ផ្សេង​បាន​ឡើយ។ យ៉ាងណាមិញ​មាន​លក្ខខណ្ឌ​ពិសេស​មួយ ក្លឹប​​នៅ​តែ​អាច​នាំ​ចូល​កីឡាករ​ថ្មី​បាន ប្រសិន​កីឡាករ​ទាំង​នោះ​​​មិន​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ណា​មួយ។

ដើម្បី​ងាយ​យល់​​សូម​លើក​ឧទាហរណ៍​ជាក់​ស្ដែង​​របស់ Manchester City ពេល​បច្ចុប្បន្ន។ តាម​ដំណឹង​ម្សិលមិញ Claudio Bravo អ្នក​ចាំ​ទី​ដៃ​ទី​២​​របស់ Man City បាន​រងរបួស​សាច់​ដុំ ពេល​ហ្វឹកហាត់។ មើល​តាម​ស្ថានភាព​​អ្នក​ចាំទី​សញ្ជាតិ​ឈីលី​អាច​ត្រូវ​សម្រាក​ពេញ​មួយ​រដូវ​កាល​ឯណោះ។

​​​រដូវកាល​​នេះ City បាន​លក់​អ្នក​ចាំទី​​​​មាន​បទពិសោធន៍​​២​​នាក់​គឺ Joe Hart និង Angus Gunn ដូច្នេះ​​នៅ​សល់​តែ Ederson, Bravo និង​អ្នក​ចាំ​ទី​វ័យ​​២០​ឆ្នាំ​ Daniel Grimshaw។ Daniel Grimshaw ជា​កីឡាករ​ស្ទើរ​បទពិសោធន៍ ជា​ពិសេស​មិន​ទាន់​បង្ហាញ​ខ្លួន​​ប្រកួត​អាជីព​ផ្លូវការ​ផង ដូច្នេះ​ប្រសិន​បើ Ederson មាន​បញ្ហា​របួស​ម្នាក់​ទៀត នោះ Man Ctiy នឹង​យ៉ាប់។

ដើម្បី​បង្ការ​បញ្ហា​ក្នុង​ក្រុម​ពេល​ខាង​មុខ Pep Guardiola មិន​អាច​រង​ចាំ​ដល់​ខែ​មករា​ដើម្បី​ទិញ​កីឡាករ​​ថ្មី​ទេ លោក​កំពុង​​​សម្លឹង​រក​អ្នក​ចាំ​ទី​ណា​ម្នាក់​​​ដែល​​មាន​បទពិសោធន៍​និង​មិន​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ដទៃ៕ ​​​

Daniel Grimshaw

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ