Luke Shaw ទម្លាយ​រឿង​ឈឺ​ចាប់​ស្ទើរ​តែ​កាត់​ជើង​ចោល កាល​បាក់​ជើង​លើក​មុន

  • 2018-09-05 03:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Manchester United កីឡាករ Luke Shaw ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​អង់គ្លេស​វិញ ក្រោយ​ខកខាន​១៧​ខែ​ដោយ​សារ​របួស​បាក់ជើង​កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៥។

កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​សម្រាក​អស់​មួយ​រដូវ​កាល ក្រោយ​របួស​បាក់​​ជើង​ស្ដាំ​​​ក្នុង​ពានរង្វាន់ Champions League ពេល Man Utd ប្រកួត​ជាមួយ PSV Eindhoven។ Shaw បាន​រំឭក​រឿង​ថា គេ​ស្ទើរ​តែ​ត្រូវ​កាត់​ជើង​ចេញ​ ដោយ​សារ​តែ​មាន​ឈាម​កក​២​ដុំ​ក្នុង​នោះ។

“ខ្ញុំ​ស្ទើរ​តែ​បាត់​ជើង​របស់​ខ្ញុំ​ទៅ​ហើយ។ ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ រហូត​ដល់​៦​ខែ​​ព្យាបាល​ជា​រួចរាល់​ទើប​គ្រូ​ពេទ្យ​ប្រាប់​ខ្ញុំ។ ពេល​ព្យាបាល​ជំហាន​ដំបូង​​​គ្រូ​ពេទ្យ​គិត​ថា អាច​ឲ្យ​ខ្ញុំ​ត្រលប់​មក​ផ្ទះ​វិញ​បាន ទាំង​មិន​​បាន​ដឹង​ថា​មាន​ឈាម​កក​ក្នុង​ជើង។ ពេល​នោះ​ប្រសិន​ជា​ខ្ញុំ​ត្រលប់​មក​វិញ ខ្ញុំ​ប្រហែល​ជា​ត្រូវ​កាត់​ជើង​ចោល​បាត់​ហើយ តែសំណាង​មិន​ទាន់​ទៅ"។ សម្ដី Luke Shaw។

Shaw បន្ត​ថា គេ​មាន​ស្នាម​វះ​ពី​កន្លែង​នៅ​ជើង ដែល​ជា​កន្លែង​គ្រូ​ពេទ្យ​វះ​យក​ដុំ​ឈាម​ទាំង​ពីរ​នោះ​ចេញ។ នៅ​ថ្ងៃ​ទី ៨ ខែ កញ្ញា​នេះ អង់គ្លេស​នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​អេស្ប៉ាញ ក្នុង​ពាន Nations League៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី