ល្មមហើយ! ទីក្រុងហាណូយ ជំរុញប្រជាជនឲ្យឈប់បរិភោគសាច់ឆ្កែ ព្រោះហេតុផល២

  • 2018-09-12 02:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ មន្ត្រី​ក្រុង​ហាណូយ បាន​ជំរុញ​អ្នក​ស្រុក​ឲ្យ​ឈប់​បរិភោគ​សាច់​ឆ្កែ ដោយ​និយាយ​ថា ម្ហូប​ដ៏​ពេញ​និយម​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​រូបភាព​ជា​រួម​នៃ​ទីក្រុង និង​ប្រឈម​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​ឆ្កែឆ្កួត។

សាច់​ឆ្កែ​អាំង បំពង ឬ ចំហុយ ត្រូវ​បាន​ដាក់​លក់​សុះសាយ​ពេញ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម ហើយ​ហាង​លក់​អាហារ​នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​នៅ​ទូទាំង​ទីក្រុង​មាន​ឈ្មោះ​ល្បីល្បាញ ដោយសារតែ​ការ​លក់​សាច់​ឆ្កែ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដោយ​ជា​ទូទៅ​ត្រូវ​គេ​បរិភោគ​ជាមួយ​បាយ ឬ​ស្រាបៀ។

ផ្ទុយទៅវិញ គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​បរិភោគ​សាច់​ឆ្កែ​ត​ទៅ​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្កែ​ឆ្កួត និង​ជំងឺ​បង្ក​ឡើង​ដោយ​សត្វ​ផ្សេង​ទៀត។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​បាន​ជំរុញ​ឲ្យ​ប្រជាជន​ខ្លួន ឈប់​បរិភោគ​សាច់​ឆ្មា ដែល​ត្រូវ​បាន​គេ​ហៅ​ថា "ខ្លា​តូច" នៅ​លើ​សៀវភៅ​មុខ​ម្ហូប​វៀតណាម ប៉ុន្តែ​វា​មិន​សូវ​មាន​ប្រជាប្រិយភាព​ដូច​សាច់​ឆ្កែ​ឡើយ តែ​នៅ​មាន​លក់​តាម​តំបន់​ជនបទ។

សេចក្ដីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ជារឿយៗ ការ​សម្លាប់​សត្វ​ទាំង​នេះ គឺ​មាន​សភាព​ឃោរឃៅ​ណាស់ ហើយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ សង្ឃឹម​ថា​វា​អាច​ត្រូវ​លុប​ចោល​ជា​បណ្តើរៗ។

គួរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ទីក្រុង​ហាណូយ​មាន​សត្វ​ឆ្កែ និង​ឆ្មា ប្រមាណ ៤៩៣ ០០០ក្បាល ដែល​ភាគច្រើន​ត្រូវ​បាន​គេ​រក្សា​ទុក​ជា​សត្វ​ចិញ្ចឹម និង​មាន​ហាង​ប្រហែល ១ ០០០កន្លែង បើក​ទ្វា​លក់​សាច់​សត្វ​ទាំង​នេះ។

យ៉ាងណាមិញ មាន​មនុស្ស​៣នាក់​ហើយ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត នៅ​ក្នុង​ទីក្រុង​ហាណូយ ចាប់​តាំង​ពី​ឈាន​ចូល​ឆ្នាំ២០១៨ មក ហើយ​មនុស្ស ២នាក់​ដទៃ​ទៀត ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​មេរោគ៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី