ប្លែក​មែន! កង់​កែច្នៃ​បំពាក់​កង់រថយន្ត Lexus 470 និង Highlander (មានវីដេអូ)

  • 2018-09-14 08:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួរស្ដីប្រិយមិត្ត សូម​ស្វាគមន៍មកកាន់ Vlog#02 របស់យើង!

កាលពី​ពេល​កន្លង​ទៅ ម្ចាស់​សិប្បកម្ម​ផ្សា​ដែក លោក ទ្រី វណ្ណៈ និង​ក្រុម​ជាង​របស់​លោក បាន​ច្នៃ​កង់​​​​​ដ៏​ទាក់ទាញ​មួយ​គ្រឿង បំពាក់​​ដោយ​កង់​រថយន្ត Lexus 470 និង Highlander។

Sabay អាច​និយាយ​បាន​ថា កង់​​នេះ​ហាក់​​​ប្លែក​បន្តិចសម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ទស្សនា ប៉ុន្តែ​​​បើ​តាម​សម្ដី​ប្រធាន​ក្រុម​បាល់ទាត់​បាយ​បាន "ពួកម៉ាក យូណាយធីត" ទ្រី វណ្ណៈ វា​មិន​មែន​ជា​ស្នាដៃ​បង្កើត​ថ្មី​របស់​លោក​ឡើយ។

លោក​យក​គំនិត​នេះ​ចេញ​ពី​ YouTube ហើយ​លោក និង​ក្រុមជាង ក៏​ចាប់​ផ្គុំ​ចេញ​កង់​នេះ​តែ​ម្ដង ដោយ​ប្រើ​ពេល​ជាង​១ខែ។ លោក​បន្ត​ថា យ៉ាន់និង​សម្បក​ក្រោយ​របស់​វា ជា​កង់​របស់​រថយន្ត Lexus 470 ផ្នែក​ខាង​មុខ​ជា​កង់​របស់​រថយន្ត Highlander ចំណែក​​គ្រោង​ឆ្អឹង​​ធ្វើ​ពី​ដែក​សន្លឹកកម្រាស់​ក្រាស់។ ​គ្រឿង​ផ្គុំ​​មួយភាគធំជា​របស់ប្រើរួច ដែល​លោក​បាន​ដើរ​ប្រមូល​ទិញ។

ចំពោះ​ការ​ចំណាយ​លោក វណ្ណៈ ប្រាប់​ថា អស់​ខ្ទង់​ជាង ៣០០​ ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​​តម្លៃ​កម្លាំង​ពលកម្ម៖ “កង់​ឡាន​​​ពីរ(​គ្រាប់)​ហ្នឹង​របស់​ប្អូន​ថ្លៃ​ខ្ញុំ ចឹង​អត់​អស់​លុយ​ទេ ចំណែក​វត្ថុធាតុ​ដើម​​យើង​ធ្វើ​អស់​​ខ្ទង់ ៣៥០ ទៅ ៣៦០ ដុល្លារ"។

ក្រោយ​បង្ហាញ​រូប​កង់​នេះ ​មតិ​ជា​ច្រើន​បានកោត​សរសើរ ខណៈ​ខ្លះ​ទៀតបាន​សម្ដែង​ការ​រិះ​គន់ ដោយ​លើក​ឡើង​ថា កង់​គ្មាន​លក្ខណៈស្តង់ដារ។

ករណី​នេះ​លោក វណ្ណៈ រីករាយ​នឹង​ពាក្យ​កោតសរសើរ​លើក​ទឹកចិត្ត ហើយ​ក៏​​ទទួល​យក​​មតិ​រិះគន់។ លោក​ថា ពិត​ណាស់​របស់​កែច្នៃ មិន​​ល្អ​គ្រប់​ជ្រុងជ្រោយ​ឡើយ ប៉ុន្តែ​លោក​ធ្វើ​នេះ​គឺ​ដើម្បី​ស្ដែង​ឱ្យ​ឃើញ​ពី​គំនិត​ច្នៃ​ប្រឌិត និង​ចំណង់ចំណូលចិត្ត​របស់​លោក​​ប៉ុណ្ណោះ។

"វា​ជា​របស់​ច្នៃ​ប្រឌិតរបស់​សិល្បៈ ដែល​ជា​ចំណង់ចំណូល​ចិត្ត​ធ្វើ​ឱ្យ​ប្លែក។ អ្នកខ្លះយក​សំរាម ធ្វើ​សំលៀកបំពាក់ អាហ្នឹងយកលក់អត់បានទេ គ្រាន់តែស្លៀកបង្ហាញ។ ចំណុចសំខាន់ ខ្ញុំអត់បាន​យករបស់គេ​បោះចោល យក​ទៅ​បោះចោល ដូច​សំបក​កង់​រថយន្ត​នេះ​ជាដើម"។ ​លោក ទ្រី វណ្ណៈ បន្ថែម។

នៅពេល​សួរ​ថា បើ​គេ​ចង់​ទិញ តើ​លោកនឹង​ផលិត​លក់​ដែរ​ឬទេ? លោក វណ្ណៈ និយាយ​ទាំង​អស់សំណើច​ថា បែប​គ្មាន​ទីផ្សារ​ទេ បើ​មាន​ក៏​តម្លៃ​រាង​ថ្លៃ​ ប៉ុន្តែ​លោក​ក៏​ប្រាប់​ដែរ អ្នក​ចង់​ជិះកង់ប្រភេទ​នេះ​ លុះត្រាអ្នកនោះ​ មាន​មាឌធំ កម្លាំង​ខ្លាំងក្លា ទើបទ្រាំទ្រ​នឹង​ទម្ងន់​វា​រួច។ លោក​បន្ថែម​ទៀត​ថា គេអាច​យក​វាទៅ​ដាក់​តាំង​លំអរបាន។

លោក បង្ហើប​ថា មក​ទល់​ពេល​នេះមាន​អតិថិជន​ម្នាក់​ បាន​ទិញកង់​នេះ ២ គ្រឿង​​​(១,២០០ ដុល្លារ) យក​ទៅ​ដាក់​តាំង​លំអរ​ ព្រោះ​គាត់​(អតិថិជន) ចូល​ចិត្ត​ស្នាដៃ និង​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី