Liverpool ជួល​យន្តហោះ​ផ្តាច់​មុខ ទៅ​យក​កីឡាករ​ប្រេស៊ីល​៣​​​នាក់​​របស់​​ខ្លួន

  • 2018-09-15 09:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម Liverpool បាន​ជួល​យន្តហោះ​ឯកជន​មួយ​គ្រឿងដើម្បី​ហោះ​ទៅ​យក​កីឡាករ​ប្រេស៊ីល​៣​នាក់​របស់​ក្លឹប​រួម​មាន៖ Roberto Firmino, Alisson និង Fabinho ដែល​បាន​បញ្ចប់​ការ​ប្រកួត​មិត្តភាព​នៅ​ទឹកដី​អាមេរិក ឲ្យ​វិល​ត្រលប់​មក​អង់គ្លេស​វិញ​ដើម្បី​ទាន់​ការ​ប្រកួត​ទល់​នឹង Spurs នៅ​ថ្ងៃ​សៅរ៍​នេះ។

Firmino, Alisson និង Fabinho សុទ្ធ​តែ​បាន​រួម​ចំណែក​ជួយ​ប្រេស៊ីល​​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​លើ​អាមេរិក ២-០ និង បាន​បំបាក់​​យ៉ាង​ចាស់​ដៃ​យក​ឈ្នះ​ប្រទេស​ អែលសាល់វាឌ័រ ៥-០ ដែល​ប្រកួត​ទាំង​២​នេះ​ធ្វើ​នៅ​ទឹកដី​អាមេរិក។

ហង្ស​ក្រហម Liverpoolបាន​រៀបចំ​យន្តហោះ​ឯកជន​ទៅ​ទទួល​កីឡាករ​ដើម្បី​ធានា​ថា​ពួកគេ​អាច​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​ពិសេស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ តាម​ទម្លាប់ លោក Klopp មិន​ដាក់​កីឡាករ​ណា ​ដែល​មិន​បាន​ហ្វឹកហាត់​ជាមួយ​នឹង​ក្រុម​មុន​ពេល​ការ​ប្រកួត​នោះទេ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ The Mirror។

Alisson ឆ្លៀត​ដើរ​បាន​ខ្លះ​អំឡុងប្រេស៊ីល​លេង​នៅទីក្រុងញូវយ៉កនិងវ៉ាស៊ីនតោន

Liverpool បាន​ចាប់​ផ្តើម​រដូវកាល​យ៉ាង​ល្អ ឈ្នះ​ទាំង​៤​ប្រកួត​នៅ​ Premier League ខណៈ​ដែល ខ្សែ​ប្រយុទ្ធ Firmino និង អ្នកចាំទី Alisson បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជ័យ​ជម្នះ​នេះ។

Fabinho មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ Liverpool នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​ចាកចេញ​ពី​ក្លឹប​ម៉ូណាកូ មក​កាន់​ទឹក​ដី Anfield កាល​ពី​រដូវ​ក្តៅ ដោយ​សង្ឃឹម​ថា​គេ​នឹង​បង្ហាញ​ខ្លួន​នៅ​​​ឲ្យ​ហង្សក្រហម​ទល់​នឹង Tottenham។

បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​របស់​លោក Mauricio Pochettino ក្រុម​របស់​លោក Klopp នឹង​​ត្រូវ​បើក​ទ្វារ​ស្វាគមន៍ PSG ក្នុង​ក្របខ័ណ្ឌ Champions League នៅ​សប្តាហ៍​ក្រោយ។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី