UCL ២០១៨-១៩ ក្រុម​ទាំង​អស់​ៗ​ទទួល​បាន​​ប្រាក់​ប៉ុន្មាន​តាម​វគ្គ​នីមូយៗ?

  • 2018-09-18 04:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឆាក​ការ​​ប្រកួត​​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប Champions League ក្នុង​នោះ​មាន​៨​គូ​ត្រូវ​លេង។ Liverpool ប៉ះ PSG និង Inter Milan ជួប Spurs ជា​គូ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។

យ៉ាងណាមិញ ហើយ​និយាយ​ពី​ប្រាក់​រង្វាន់​សម្រាប់​រដូវ​កាល​នេះ មាន​ការ​កើន​ឡើង​បន្តិច​ពី​រដូវ​កាល​ចាស់។ រដូវ​កាល​មុន ក្រុម​ដែល​បាន​ឡើង​មក​កាន់​វគ្គ​៣២​ក្រុម​ទទួល​បាន​ប្រាក់​១២,៧​លាន​អឺរ៉ូ​​ក្នុង​ដៃ​ ប៉ុន្តែ​ឆ្នាំ​នេះ​បាន​ដល់​១៥,២៥​លាន​អឺរ៉ូ។

ជា​ទូទៅ​ក្នុង​វគ្គ​៣២​ក្រុម​ចុងក្រោយ ក្រុម​ទាំង​អស់​ត្រូវ​លេង​៦​ប្រកួត។ ក្នុង​នោះ​តាម​ប្រព័ន្ធ​បែងចែក​ប្រាក់ ​​ក្រុម​ដែល​ឈ្នះ​ក្នុង​១​ប្រកួត​ទទួល​បាន​ប្រាក់​២,៧​លាន​អឺរ៉ូ បើ​លេង​ស្មើ​បាន​៩​សែន​អឺរ៉ួ សម្រាប់​ការ​ចាញ់​មិន​បាន​ប្រាក់​ទេ។ ដូច្នេះ​ប្រសិន​ក្រុម​ណា​ឈ្នះ​ទាំង​៦​ប្រកួត​ក្នុង​ពូល​​ នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​១៦,២​លាន​អឺរ៉ូ។

សម្រាប់​ក្រុម​ដែល​មាន​សមត្ថភាព​​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ ពួក​គេ​នឹង​បាន​​ប្រាក់​​ស្វ័យប្រវត្ត​៩,៥​លាន​អឺរ៉ូ។ ចំពោះ​ក្រុម​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​បាន​១០,៥​លាន​អឺរ៉ូ​បន្ថែម។ ១២​លាន​អឺរ៉ូ​នឹង​បាន​ទៅ​ក្រុម​ដែល​​ឡើង​ទៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ២​ក្រុម​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ទទួល​បាន​ម្នាក់​១៥​លាន​អឺរ៉ូ ហើយ​ក្រុម​ណា​ឈ្នះ​នឹង​បាន​៤​លាន​អឺររ៉ូ​បន្ថែម៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី