មេជំនួញធំៗលើពិភពលោក បារម្ភខ្លាចបញ្ញាសិប្បនិម្មិត AI ដណ្ដើមការងារមនុស្ស
- 2018-09-23 03:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេជំនួញធំៗលើពិភពលោក បារម្ភខ្លាចបញ្ញាសិប្បនិម្មិត AI ដណ្ដើមការងារមនុស្ស
ចន្លោះមិនឃើញ
មេដឹកនាំធំៗលើពិភពលោកមាន Elon Musk នាយកប្រតិបត្តិ Space X និង Tesla Motors និងលោក Bill Gates នាយកប្រតិបត្តិ Microsoft បានបង្ហាញក្ដីបារម្ភថា បញ្ញាសិប្បនិមិត្ត AI នឹងដណ្ដើមការងាររបស់មនុស្សជាតិក្នុងចំនួនដ៏ច្រើននាពេលខាងមុខ។
លោក Elon Musk បានរៀបរាប់ថា បញ្ញាសិប្បនិម្មិត នឹងកាត់បន្ថយការងាររបស់មនុស្ស ព្រោះថាមនុស្សយន្ត (Robot) នឹងធ្វើការបានល្អប្រសើរជាង។ លោកបន្តថា៖" ខ្ញុំពិតជាបារម្ភខ្លាំងចំពោះបច្ចេកវិទ្យា AI ដ៏ល្អឥតខ្ចោះ ខ្ញុំគិតថា មនុស្សគួរតែបារម្ភពីវា។ AI ជាមូលដ្ឋាន់នៃបញ្ហា អត្ថិភាពនៃអារ្យធម៌របស់មនុស្ស"។
មិនត្រឹមតែលោក Elon Musk ម្នាក់ទេ សូម្បីមហាសេដ្ឋី Bill Gates ក៏ព្រួយបារម្ភដូចគ្នា។ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និយាយាថា នាពេលអនាគត មនុស្សយន្ត នឹងធ្វើការងារច្រើន។
“ម៉ាស៊ីននឹងធ្វើការងារច្រើនឱ្យយើង ប៉ុន្តែ វាមិនឆ្លាតណាស់ណាទេ។ វាអាចនឹងមានភាពវិជ្ជមាន បើយើងគ្រប់គ្រងវាបានល្អ។ នៅពីរបីទសវត្សទៀត បញ្ញាសិប្បនិមិត្ត នឹងខ្លាំងគ្រប់គ្រាន់ ដែលយើងនឹងព្រួយបារម្ភ។ ខ្ញុំយល់ស្រប់ជាមួយ Elon Musk និងអ្នកផ្សេងទៀតអំពីរឿងនេះ ហើយក៏ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមនុស្សខ្លះ មិនបារម្ភ"។
ហាក់ផ្ទុយពីគេបន្តិច លោក Mark Zuckerberg មេហ្វេសប៊ុកបានជំទាស់ នៃក្ដីបារម្ភនេះ ដោយលើកឡើងថា លោកមានគំនិតវិជ្ជមានខ្លាំង។ បើតាមសម្ដីរបស់នាយកប្រតិបត្តិ Facebook ៥ ទៅ ១០ ឆ្នាំទៀត បញ្ញាសិប្បនិម្មិត នឹងធ្វើឱ្យជីវិតមនុស្សកាន់តែងាយស្រួល និងមានភាពល្អប្រសើរ។ លោកបន្តថា អ្វីក៏ដោយតែងមានមុខពីរ មានផលល្អ និងផលប៉ះពាល់។
ចំណែកការសិក្សាថ្មីមួយមានចំណងជើងថា “បច្ចេកវិទ្យា និងអនាគតការងារអាស៊ាន” ធ្វើឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Cisco និងក្រុមហ៊ុនវិភាគស្រាវជ្រាវ Oxford Economics បង្ហាញថា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI បានធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មមនុស្ស ក្នុងប្រទេសសមាជិកអាស៊ាន មានសេដ្ឋកិច្ចធំទាំង ៦ ឬASEAN-6 មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន។
ការស្រាវជ្រាវ បានសិក្សាលើការងារចំនួន ៤៣៣ ក្នុង ២១ វិស័យ ដើម្បីបង្ហាញពីផលប៉ះពាល់នៃបច្ចេកវិទ្យា ចំពោះកម្មករនិយោជិក ដែលមានជំនាញស្មើភាពគ្នាចំនួន ២៧៥ លាននាក់ ធ្វើការនៅអាស៊ានត្រឹមឆ្នាំ ២០២៨។ ការសិក្សាបង្ហាញទៀតថា នៅត្រឹមឆ្នាំ ២០២៨ កម្លាំងពលកម្មតិចជាង ២៨ លាននាក់ ក្នុងប្រទេសទាំងនេះ ស្មើជាង ១០% នៃកម្លាំងពលកម្មនៃ ASEAN-6 នាបច្ចុប្បន្ន នឹងត្រូវតម្រូវឱ្យផលិត កម្រិតផលិតកម្មដូចគ្នាដូចសព្វថ្ងៃ។
ឆ្នាំ ២០២៨ កម្លាំងកម្មករប្រមាណ ៦,៦ លាននាក់ នៅតំបន់អាស៊ាន នឹងត្រូវបានកាត់បន្ថយដោយបច្ចេកវិទ្យា ហើយវិស័យងាយរងគ្រោះខ្លាំងជាងគេ គឺកសិកម្ម។
ផ្ទុយទៅវិញ វិស័យជាច្រើន នឹងមានតម្រូវការការងារកើនឡើង។ វិស័យដែលនឹងមានតម្រូវការខ្ពស់លើកម្លាំងកម្មករ គឺវិស័យលក់ដុំ និងលក់រាយ ពោលមាន ១,៨ លាននាក់ ផលិតកម្ម ០,៩ លាននាក់ សំណង់ ០,៩ លាននាក់ និងវិស័យដឹកជញ្ជូន ០,៧ លាននាក់។
ឆ្នាំ ២០២៨ សិង្ហបុរីត្រូវគេវាយតម្លៃថា និងបាត់បង់ការងារ ៥ សែនជិត ២១% នៃកម្លាំងការងារមនុស្សសរុប ដោយសារកំណែទម្រង់ឌីជីថល។ វៀតណាម នឹងបាត់បង់ ៧,៥ លាននាក់ ថៃបាត់បង់ ៤,៩ លាននាក់ ស្មើ ១៣,៨ និង ១១,៩% នៃកម្លាំងមនុស្សសរុប។ ចំណែកឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏នឹងបាត់បង់ តិចតួចប៉ុណ្ណោះ ផ្អែកតាមភាគរយនៃកម្លាំងពលកម្មសរុប ដោយសារតែកម្លាំងពលកម្មក្នុងប្រទេសទាំង២ មានតម្លៃថោក ពិបាកយកប្ចេកវិទ្យាទៅបម្រើការ។ រីឯកម្ពុជា ជាប្រទេសពឹងផ្អែកលើវិស័យកាត់ដេរ នឹងបាត់បង់ការងារដោយ ៦០ ម៉ឺនការងារ ដោយកម្លាំងស្វ័យប្រវត្តិកម្ម។ នេះបើយោងតាមលោក Foo Suan Yong អ្នកជំនាញជាន់ខ្ពស់នៃ Macroeconomic Research Office Limited (AMRO) ក្នុង ASEAN+3៕