ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ជូនដំណឹងស្ដីពីកំណើនឡើង ការវាយប្រហារសាយប័រ
- 2025-06-26 16:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ជូនដំណឹងស្ដីពីកំណើនឡើង ការវាយប្រហារសាយប័រ
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជូនដំណឹងទៅដល់ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ អោយដឹងថា ប្រព័ន្ធអនឡាញ និងវេបសាយមួយចំនួននៅកម្ពុជា កំពុងមានកំណើនឡើងនូវការវាយប្រហារសាយប័រ ឬហៅថា Distribute Denial of Service (DDoS) មានការព្យាយាមចូលគ្រប់គ្រងវេបសាយ ការគ្រប់គ្រងប្រព័ន្ធ និងលួចយកគណនីរបស់អ្នកប្រើប្រាស់ជាដើម។
អាស្រ័យហេតុនេះ ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ សូមក្រើនរម្លឹកនិងជម្រាបជូន ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។
សូមពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ។
កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់សារធារណជនឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនអំពីការវាយប្រហារ ឬនិន្នាការឆបោកថ្មីតាមរយៈអ៊ីនធឺណិត និងបណ្តាញសង្គមផ្សេងៗ។ ចំពោះព័ត៌បន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមានគេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយផ្នែកបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០៧០ ៣៩៤ ៩១៨ / ០៩៩ ២៥៨ ៩៩៩។
ក.ប.ទ. សូមអំពាវនាវសាជាថ្មីដល់ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារសាយប័រដែលកំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នេះ។