កុមារគួររៀនជំនាញអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់អនាគតដែល AI អាចជំនួសការងារមនុស្ស?

  • 2026-11-27 07:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងអាចជំនួសការងារមនុស្សជាច្រើននាពេលអនាគត អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអប់រំបានណែនាំថា កុមារគួរតែពង្រឹងជំនាញមូលដ្ឋាន ដូចជា ការអាន ការសរសេរ គណិតវិទ្យា និងការគិតពិចារណា ជាជាងផ្តោតតែលើជំនាញបច្ចេកវិទ្យាជាក់លាក់មួយដែលអាចលែងមានតម្រូវការនាពេលខាងមុខ។

លោក Daniel Susskind សាស្ត្រាចារ្យផ្នែកធុរកិច្ចនៅមហាវិទ្យាល័យ Gresham College ក្នុងទីក្រុងឡុងដ៍ បានលើកឡើងក្នុងសៀវភៅថ្មីរបស់លោកដែលមានចំណងជើងថា What Should My Children Do? A Human’s Guide to the Age of AI ថា អនាគតនៃទីផ្សារការងារមានភាពមិនច្បាស់លាស់ខ្លាំង ដូច្នេះការបង្រៀនកុមារឱ្យមានជំនាញដែលគេគិតថា «មិនអាចជំនួសបាន» មិនមែនជាដំណោះស្រាយដែលអាចធានាបានឡើយ។

លោកបានលើកឧទាហរណ៍ថា កាលពីឆ្នាំ២០១៣ ប្រទេសអង់គ្លេសបានដាក់បញ្ចូលការសរសេរកូដក្នុងកម្មវិធីសិក្សាសម្រាប់កុមារនៅសាលាបឋម និងមធ្យមសិក្សា ដោយសង្ឃឹមថាជំនាញនេះនឹងជួយពួកគេក្នុងអាជីពនាពេលអនាគត។ ប៉ុន្តែការមកដល់របស់ ChatGPT នៅឆ្នាំ២០២៣ បានបង្ហាញថា AI អាចសរសេរកូដបានយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឱ្យការព្យាករណ៍អំពីជំនាញចាំបាច់សម្រាប់អនាគតកាន់តែពិបាក។

លោក Susskind បានណែនាំឱ្យសាលារៀនត្រឡប់មកផ្តោតលើជំនាញមូលដ្ឋានចំនួនបី គឺ អក្ខរកម្ម សមត្ថភាពគណិតវិទ្យា និងការគិតពិចារណា។ ជំនាញទាំងនេះជាមូលដ្ឋានសម្រាប់ការរៀនជំនាញកម្រិតខ្ពស់ និងជួយឱ្យមនុស្សអាចពិនិត្យមើលថា តើព័ត៌មានដែល AI ផ្តល់ឱ្យមានភាពត្រឹមត្រូវឬអត់ ព្រោះប្រព័ន្ធ AI ក៏អាចបង្កើតចម្លើយខុស ឬព័ត៌មានដែលមិនមានមូលដ្ឋានបានដែរ។

លោកក៏បានស្នើឱ្យស្ថាប័នអប់រំបង្រៀនសិស្សឱ្យចេះប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ព្រមទាំងរក្សាពេលវេលាសិក្សាដោយមិនពឹងផ្អែកលើបច្ចេកវិទ្យានេះ។ លោកបានលើកយកគំនិត «បង្រៀនទាំងពីរ និងវាយតម្លៃទាំងពីរ» ដោយសំដៅលើការបង្រៀនឱ្យសិស្សចេះប្រើ AI ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ខណៈពេលដូចគ្នាក៏ត្រូវពង្រឹងសមត្ថភាពគិត និងដោះស្រាយបញ្ហាដោយខ្លួនឯងផងដែរ។ ការអប់រំក៏គួរបង្រៀនកុមារឱ្យចេះគ្រប់គ្រងការប្រើប្រាស់ AI ដើម្បីកុំឱ្យបច្ចេកវិទ្យានេះរំខានដល់ការសិក្សា និងការយកចិត្តទុកដាក់។

ចំពោះការងារនាពេលអនាគត លោកបានយល់ថា មុខរបរដែលផ្តោតលើការដោះស្រាយបញ្ហារបស់មនុស្ស និងតម្រូវឱ្យមានទំនាក់ទំនងផ្ទាល់ពីមនុស្សទៅមនុស្ស ដូចជា វិស័យសុខាភិបាល ការអប់រំ និងសេវាសង្គម អាចនៅតែមានតម្លៃខ្ពស់។ ក្នុងវិស័យទាំងនេះ មិនមែនមានតែគុណភាពនៃលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែការយកចិត្តទុកដាក់ ការយល់ចិត្ត និងវត្តមានរបស់មនុស្សក៏មានសារៈសំខាន់ដែរ។

បន្ថែមពីនេះ លោកបានលើកឡើងថា មនុស្សពេញវ័យក៏ត្រូវត្រៀមខ្លួនរៀនជំនាញថ្មី និងបណ្តុះបណ្តាលឡើងវិញនៅពេលចាំបាច់ ព្រោះសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ គឺជាគន្លឹះសំខាន់ក្នុងយុគសម័យ AI៕

ប្រភព៖ CNN

ដោយ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី