ភូមិ​ទាំង​អស់​នៅ​ថៃ នឹង​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ប្រើ​នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៩

  • 2018-10-24 08:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​ "Thailand 4.0” ភូមិ​ចំនួន​ប្រមាណ​ ៧៥ ០០០ នៅ​ក្នុង​ប្រទេស​ថៃ នឹង​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ប្រើ​ប្រាស់​មុន​ដំណាច់​ឆ្នាំ ២០១៩ ខាង​មុខ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Pichet Durongkaveroj ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​​នៃ​​​​ក្រសួង​ឌីជីល​សេដ្ឋកិច្ច និង​សង្គម​របស់​ថៃ។

លោក Pichet Durongkaveroj

បន្ទាប់​ពី​ប្រជាពលរដ្ឋ​គ្រប់​គ្នា​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​ហើយ​ រដ្ឋាភិបាល​ថៃ​នឹង​បង្វែរ​ទិសដៅ​ទៅ​លើ​​ជំហាន​បន្ទាប់​នៃ​គម្រោង​ "Thailand 4.0” គឺ​ "ទិន្នន័យ"។ លោក Nuttapon Nimmanphatcharin ប្រធាន​ក្រុមហ៊ុន​ឌីជីថល​មួយ​របស់​ថៃ បាន​និយាយ​ថា​ ទិន្នន័យ ​មាន​សារសំខាន់​បំផុត អាច​ជំរុញ​ដល់​ការ​បំផុស​​ការ​​គិត​ប្លែកៗ និង​នាំ​ឲ្យ​មាន​​ការ​បង្កើត​ជំនួញ​ថ្មី និង​ការ​ច្នៃ​បង្កើត​ថ្មី។

លោក Nuttapon Nimmanphatcharin

ក្នុង​ជំហាន​ដំបូង​ រដ្ឋាភិបាល​ថៃ​នឹង​ប្រមូល​ទិន្នន័យ​ពី​ក្រសួង​ទាំង ២០ ​រៀប​ចំ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្ន័យ​ដ៏​ធំ​មួយ។ ក្រសួង​ទាំង​អស់​នឹង​មាន​​តួនាទី​បី ទី​មួយ​ពិនិត្យ​បញ្ជី​នៃ​ទិន្នន័យ​របស់​ខ្លួន, ដាក់​អត្តសញ្ញាណ​ទិន្នន័យ និង ​រៀប​រាប់​ពី​អត្ថប្រយោជន៍​សាធារណៈ​​នៃ​ទិន្នន័យ​​។

បន្ថែម​ពី​នេះ​ ទិន្នន័យ នឹង​ត្រូវ​ចែក​រំលែក​ជា​មួយ​សាធារណជន ហេតុ​នេះ​អ្នក​បង្កើត​ Startup និង​អ្នក​បណ្ដាក់​ទុន​អាច​​ប្រើ​ទិន្នន័យ​របស់​រដ្ឋាភិបាល​​ដើម្បី​ជា​ផល​ប្រយោជន៍។ វិស័យ​មួយ​ដែល​អាច​​រីក​ចម្រើន​​ដោយ​សារ​ទិន្នន័យ​នេះ​គឺ វិស័យ​កសិកម្ម។

វិស័យ​កសិកម្ម​របស់​ថៃ​មាន​ទិន្នផល​ទាប ​ហើយ​ចំពោះ​​​​ទិន្នផល​ក្នុង​ស្រុក​សរុប​របស់​ថៃ មាន​ ១០% បាន​មក​ពី​វិស័យ​កសិកម្ម។ ប៉ុន្តែ​​​កម្លាំង​ពលកម្ម​ដែល​ប្រើ​លើ​វិស័យ​កសិកម្ម​មាន​​រហូត​ដល់ ១ ភាគ​បី​​នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​ស្រុក ហេតុ​នេះ​​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​​វិស័យ​នេះ​កាន់​តែ​រីក​ចម្រើន។

​​​​​​​​​​លោក Nuttapon Nimmanphatcharin ជឿជាក់​ថា​តាម​រយៈ​​ការ​ប្រើ​ប្រាស់​ទិន្នន័យ ថៃ​អាច​​សម្រេច​​ថា​​កសិផល​បែប​ណា​គួរ​ដាំ​ដុះ​​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់ ដើម្បី​ឲ្យ​ទិន្នផល​មាន​ការ​កើន​ឡើង។

រដ្ឋាភិបាល​ថៃ​ក៏​​មាន​គម្រោង​នឹង​ប្រើ​ទិន្នន័យ​នេះ​ដើម្បី​បម្រើ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​ ដូច​ជា​​លើ​រៀប​ចំ​កញ្ចប់​ថវិកា, គម្រោង​ការ និង​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ជា​ដើម៕​

ចុចអាន៖

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម