សាលា​បឋមសិក្សា​វត្តបូព៌ ក្នុង​ខេត្ត​សៀមរាប​​គ្រោង​​ពង្រីក​ដល់​អនុវិទ្យាល័យ​

  • 2018-11-06 03:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​បឋម​សិក្សា​វត្ត​បូព៌ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សាលា​​​មាន​វិន័យ​តឹង​រឹង​ និង​ការ​សិក្សា​ល្អ​ជាង​គេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​សាលា​រដ្ឋ​ដទៃ​ទៀត ត្រូវ​បាន​គណៈ​គ្រប់​គ្រង​ឱ្យ​ដឹង​ថា គ្រោង​នឹង​ពង្រីក​ទៅ​ជា​អនុវិទ្យាល័យ​ក្នុង​ពេល​ខាង​មុខ។

លោក ពឹង គិមឆេង នាយក​សាលា​បឋមសិក្សា​វត្តបូព៌​បាន​ឱ្យ​ដឹង​ថា រយៈពេល​ពីរ​ឆ្នាំ​ទៀត​លោក​មាន​គម្រោង​បង្កើត​ឱ្យ​មាន​អនុវិទ្យាល័យ​នៅ​ក្នុង​សាលា​បឋម​សិក្សា​នេះ ដើម្បី​ប្រែ​ក្លាយ​សាលា​នេះ​ឲ្យ​ទៅ​សាលា​កម្រិត​មូលដ្ឋាន​មាន​ន័យ​ថា ពី​ថ្នាក់​មតេ្ដយ្យ​ទៅដល់ថ្នាក់ទី៩ ។ លោក​បាន​ស្នើ ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខណៈ​ការ​ស្នើ​នេះ ធ្វើឡើង​នៅ​ក្នុង​វេទិកា​ថ្ងៃ​បើក​បវេសនកាល​ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៨ និង ២០១៩ នៅ​សាលា​បឋម​សិក្សា​វត្ដបូព៌ កាល​ពី​ថ្ងៃទី​១ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ។

លោក ពឹង គិមឆេង នាយកសាលាបឋមសិក្សាវត្តបូព៌

តប​​ទៅ​នឹង​ការ​ស្នើសុំ​នេះ លោក ហ៊ែល ចំរើន អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​យក​សំណើ​តាម​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មាតាបិតា​សិស្ស​ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ ដើម្បី​សម្រេច​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​រំពឹង​ថា សាលា​បឋម​សិក្សា​វត្ដ​បូព៌​នឹង​មាន​បន្ថែម​ថ្នាក់​អនុវិទ្យាល័យ​ទៀត។ លោក​ក៏​បាន​ជំរុញ​ឱ្យ​លោក​គ្រូ​អ្នក​គ្រូ​យក​ចិត្ដ​ទុក​ដាក់​បង្រៀន​ដល់​សិស្សានុសិស្ស​បន្ថែម​ទៀត ដើម្បី​ឱ្យ​​ការ​សិក្សា​មាន​ស្តង់ដារ​ខ្ពស់​និង​មាន​គុណភាព។

លោក ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច

បន្ថែម​លើ​ការ​ពង្រីក​ឱ្យ​ទៅ​ជា​អនុវិទ្យាល័យ​ លោក​ ពឹង គិម​ឆេង ក៏​គ្រោង​នឹង​រៀប​ចំ​អាគារ​សមាធិ ដើម្បី​តាំង​ចិត្ដ​ឱ្យ​ស្ងប់​នៅ​ពេល​មុន​សិក្សា និង​ក្រោយ​ពេល​សិក្សា។ ជាមួយគ្នា​នោះ​ក៏​មាន​គម្រោង​រៀបចំ​បន្ទប់​វីដេអូ​ខន​ហ្វ្រិន សម្រាប់​ទស្សនា​ពី​សាលារៀន​សម្ព័ន្ធ​មេត្រី​នៅ​ប្រទេស​ជប៉ុន ថៃ អូស្ដ្រាលី និងកូរ៉េ ដែល​គេ​បង្រៀន​ពី​ប្រទេស​ទាំង​នោះ។ បង្កើត​កន្លែង​លក់​ចំណី​អាហារ​ឱ្យ​ដូច​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ថែ​រក្សា​សុខភាព​សិស្សានុសិស្ស។

សាលា​សម្ព័ន្ធ​មេត្រី​ទាំង​បួន​នោះ​គេ​អាច​មក​ទស្សនា​នៅ​សាលា​រៀន​វត្ដបូព៌​បាន ប៉ុន្ដែ​សម្រាប់​កុមារ​សាលា​នេះ​មិន​អាច​ទៅ​ទស្សនា​បាន​ទើប​លោក​មាន​គំនិត​បង្កើត​វីដេអូ​ខនហ្វ្រឹន​នេះ។ លោក​ថា គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ ២០១៩​ ខាង​មុខនេះ។ សាលា​បឋម​សិក្សា​វត្តបូព៌ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប។ សាលា​នេះ​ត្រូវ​បាន ​​ចាត់​ទុក​ជា​សាលា​ដែល​មាន​សណ្ដាប់ធ្នាប់ និង​វិន័យ​ល្អ​ជាង​គេ​មួយ​​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​គណៈប្រតិភូ​ទាំង​អង្គការ និង​ផ្នែក​សិក្សាធិការ​មក​ពី​បណ្ដា​ប្រទេស​នានា បាន​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​​នេះ​មិន​តិច​ក្រុម​នោះ​ឡើយ៕

រូបផ្ដល់​ឲ្យ៖ Sabay

អត្ថបទ៖ សុផល

អត្ថបទពេញនិយម
អត្ថបទថ្មី