​​ជីវភាព​ខ្វះខាត YouTuber Bro KH បង្ខំ​ចិត្តចាកចោល​​​ម្ដាយ​​ ដើម្បី​មក​​ភ្នំពេញ​

  • 2018-11-12 07:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ស្គាល់ បុរស​​ម្នាក់​មាន​រហស្សនាម Bro KH។ លោក​​​មាន​ភាព​ល្បីល្បាញខ្លាំងគួរសម្យ ក្នុង​បណ្ដាញ​សង្គម YouTube។ Bro KH ​កើត​ក្នុង​គ្រួសារ​ជីវភាព​មិន​សូវ​ធូរធារ​មួយ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ។

​នៅ​ភ្នំពេញ​​សិក្សា​បាន​ត្រឹម​ថ្នាក់​ទី៤ ម្ដាយ​របស់​យុវជន បាន​ផ្លាស់​​ទៅ​ធ្វើការ​នៅ​ខេត្ត​សៀមរាប។ ទីនោះ​ហើយ​ដែល​​យុវជន បាន​សម្រេច​ចិត្ត​រត់​ចោល​ផ្ទះនិង​ម្ដាយ ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​​វិញ ដោយរំពឹង​ថានឹង​​គ្រាន់​បាន​​ប្រាក់​ខ្លះ​ផ្គត់ផ្គង់​ជីវភាព បើ​ទោះ​បីជាត្រូវ​​ម្ដាយ​​ស្ដី​បន្ទោស និង​បង្ខំ​ឱ្យ​រៀន​យ៉ាងណា​ក្ដី។

Bro KH បញ្ជាក់​ថា៖ "ខ្ញុំ​មាន​ប្រវត្តិ​ជូរចត់​ម្ដង ខ្ញុំ​ខឹង​ម៉ាក់បង្ខំ​ឱ្យ​ខ្ញុំ​រៀន កាល​ហ្នុង​ខ្ញុំ​ចង់​តែ​ធ្វើ​ការ ព្រោះអី​ជីវភាព​លំបាក​ណាស់ពេក​​នោះ។ ​​កាល​ហ្នុង​ ខ្ញុំ​រៀន​ថ្នាក់​ទី​៩"។

ទោះបីជា​យ៉ាងណា ព្រោះ​តែ​អាណិត​ម្ដាយ លោក​​ក៏បាន​​ត្រឡប់​ទៅ​ផ្ទះ បន្ត​ការ​សិក្សា​រៀន​តាម​បំណង​របស់​អ្នក​មានគុណ​វិញ​។ ក្រោយ​ត្រឡប់​មក​​វិញ Bro KH ក៏​ទទួល​បាន​កុំព្យូទ័រ​តម្លៃ ២០០ ដុល្លារពី​ម្ដាយ​ ដែលជំរុញ​ឱ្យ​យុវជន​ដាក់​ចិត្ត​រៀន និង​ចេះ​កុំព្យ័ទ័រច្រើន។

Bro KH ដែល​មាន​ឈ្មោះ​ក្នុង​សៀវភៅ​បញ្ជីជាតិ ហួត ហេង បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​ម្ដាយនិង​កុំព្យូទ័រ ២០០​ ដុល្លារ​នេះ​ហើយ ទើប​លោក​អាច​វិវឌ្ឍ​ខ្លួន​ក្លាយជា​មនុស្សម្នាក់ ​មាន​ងារងារសមរម្យធ្វើ និងជា YouTuber ក្នុង​ចិត្ត​របស់​​មនុស្សជាច្រើន​រហូត​មក​​ដល់​​សព្វថ្ងៃ​​។

ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ ១០ មករា ក្នុងទឹកដីអង្គរខេត្តសៀមរាប ហួត ហេង បាន​ប្រឡង​ប្រឡង​​ធ្លាក់ រួច​ក៏​សម្រេច​ចិត្ត​ មក​​រៀន​ថ្នាក់​ទី​ ១២ ជា​ថ្មី​នៅ​សាលា​គុយបា ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ។ ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២​ យុវជន ហួត ហេង បាន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជំនាញព័ត៌មានវិទ្យា ( IT) នៅ​វិទ្យាស្ថាន IIC។

ពេល​កំពុង​សិក្សា Bro KH ក៏​បាន​​ចូល​ក្នុង​ការងារ​ផ្នែក​​កាត់​ត (Video Editor) នៅ​ផលិត​កម្ម Rock គ្រាន់បាន​ប្រាក់​ខ្លះផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃ ហើយ​ទល់​នឹង​ពេល​នេះ ​លោក​​​ជា​អ្នក​​ជំនាញ Design ផ្នែក Sound ពេញ​ម៉ោង​​នៅ​ផលិត​កម្ម​មួយ​នេះ​។

ក្រោយ​ក្លាយ​ជា​អ្នក Design ផ្នែក Sound ពេញ​ម៉ោង​ហើយ​នោះ Bro KH បាន​ហក់​ចូល​ក្នុង​​វិស័យ YouTube ឆ្នាំ​ ២០១៧ និង​ផ្ដើម​ល្បី​ខ្លាំង​ដំបូង​ពេល​លោក​ធ្វើ​ជា​ពិធី​ករ E-Sport (កីឡា​បាល់ទាត់) ដែល​បច្ចុប្បន្ន​វីដេអូនោះ​មានអ្នកទស្សនាជិត ​១ ​លាន​ដងហើយ។

“ល្បី​ជាង​គេ​ពេល​ខ្ញុំ​ធ្វើ​ពិធី ករ​លេង​ហ្គេម​បាល់​ទាត់ ខ្ញុំ​ស្រែក​អាឡេអាឡូ មួយ​វិញ​ទៀង​ខ្ញុំ​ដាក់​ Thumnailចាន់​វឌ្ឍនាការ ប្រកួត​ជាមួយ​ Ronaldo។ វីដេអូ​ហ្នឹង​ឥឡូវ​ជាង​ ៩០០ខេ”។ Bro KH បញ្ជាក់​។

បន្ទាប់​ក្រសោប​បាន​ប្រជាប្រិយភាព​ខ្លាំង Channel ឈ្មោះ Bro KH របស់​លោក ចាប់​ផ្ដើម​មាន​​អ្នក​ Subscribe ច្រើន​ឡើង រហូត​បាន​ជាង ៣០ ម៉ឺន​នាក់នាពេលបច្ចុប្បន្ន ហើយក៏​ទទួល​បាន​ប័ណ្ណសរសើរ Silver Play Button ពី YouTube មួយ​ផង​ដែរ។

លោកថា YouTube មាន​ប័ណ្ណសរសើរ ៤ មាន ​Silver Play Button, Gold Play Button, Diamond Play Buttonនិង Custom Play Button។

  • បើ​ចង់​បាន Silver Play Button លុះ​ត្រា Channel YouTube នោះ​ទទួល​បាន ១០ ម៉ឺន Subscriber។
  • បើ​ចង់​បាន Gold Play Button លុះ​ត្រា Channel YouTube នោះ​ទទួល​បាន ១ លាន Subscriber។
  • បើ​ចង់​បាន Diamond Play Button លុះ​ត្រា Channel YouTube នោះ​ទទួល​បាន ១០ លាន Subscriber។
  • បើ​ចង់​បាន Custom Play button លុះ​ត្រា Channel YouTube នោះ​ទទួល​បាន ៥០ លាន Subscriber។

ធ្វើ​ជា​ YouTuber លោក KH ហាក់​ពិបាក​រឿង​ពេល​វេលា​បន្តិច ដោយសារ​​លោក​រវល់​នឹង​ការងារ​ស្នូល​ជា​អ្នក Design Sound នៅ​ផលិត​កម្ម Rock។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី ​លោក​​នៅតែ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ ធ្វើវីដេអូ​ Vlog កំប្លែង​ខ្លីៗ​ដើម្បី​ឱ្យ​អ្នកគាំទ្រ​ទស្សនា។

បើ​តាម​បុរស​ធ្មេញ​ចំប៉ើស មាឌ​ឌាំង​ស្រស់​សង្ហា​ មិន​ចាញ់​តួកុន​​រូប​នេះ ក្នុង​វីដេអូ​ Clip មួយ​លោក​ចំណាយ​ពេល​ពី​បី​ទៅ​បួន​ម៉ោង ទម្រាំ​កាត់​ត​ហើយ។

ឆ្លើយ​នឹង​សំណួរ​ថា​តើ ដើម្បី​​​ក្លាយខ្លួន​ជា YouTuber និង Vlogger មាន​ប្រជាប្រិយភាព​ម្នាក់​នោះ តើ​គួរ​ធ្វើ​ដូចម្ដេច? Bro KH ប្រាប់​ថា បើ​នរណា​ម្នាក់​ចង់​ធ្វើ​ជា YouTuber ឬ Vlogger ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើនពីអ្នកទស្សនា អ្នកនោះ​គួរ​តែ​ចេះ​កាត់ត មាន​គំនិត​ច្នៃ​ប្រឌិត​ បង្កើតអ្វី​ដែល​ថ្មី​ប្លែក ​មាន​ចិត្ត​ស្រឡាញ់ និងអត់ធ្មត់ ចេះភាសាអង់គ្លេសកាន់​តែ​ល្អ ហើយ​ជាពិសេស​កុំខ្វល់​នឹង​ការ​មតិរិះគន់។ ត្រង់​នេះ​មិន​មែន​ដាច់អហង្ការនោះទេ លោកចង់​បាន​ន័យ​ថា បើមតិរិះគន់​ដើម្បី​ស្ថាបនា លោក​នឹង​ទទួល​យក​ កែ​បើរិះគន់​ជាន់​ពន្លិក​ លោក​មិន​យក​ចិត្ត​ទុក​ដាក់​​ឡើយ ព្រោះ​មនុស្ស​ម្នាក់​ មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​រាប់​សិប​នាក់​បាន​ទេ។

ក្រោយ​ទទួល​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​វីដេអូ​ប្លែកៗ តើ​​លោក​នឹង​ឈប់​ធ្វើការ​ មកធ្វើជា YouTuber ពេញ​ម៉ោង​ដែរ​ឬ​ទេ? Bro KH តប​ថា លោក​មិន​មាន​គម្រោង​ឈប់​ពី​ការងារ​ឡើយ ដ្បិត​លោក​ស្រឡាញ់​ការងារ​បច្ចុប្បន្ន ហើយ​ណា​មួយលោក​ក៏​មិន​រំពឹង​ចំណូល​ពី​ YouTube ច្រើន​ឡើយ។

"ខ្ញុំ​អត់​ទាន់​គិត​ថា ព្រោះ​អី​នៅ​ស្រុក​ខ្មែរ​យើង ពាណិជ្ជកម្មបាន​ថោក តែ​បើ​ថ្ងៃ​ណា​មួយ​បាន​ថ្លៃ ខ្ញុំ​អាច​នឹង​ពិចារណា"។

បើ​​តាម Bro KH ពាណិជ្ជកម្ម​ដែល​ថ្លៃ ជា​ពាណិជ្ជកម្ម​នៅ​ប៉ែក​អឺរ៉ុប ពោល​គឺ​វីដេអូណា ដែល​មាន​បរទេស​មើល​ច្រើន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី