៣ចំណុចនេះធ្វើឲ្យកក្រើកថ្ងៃ សុខ ធី ជម្រះបញ្ជីខ្លាចាស់ Lerdsila
- 2018-11-14 23:38:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចនេះធ្វើឲ្យកក្រើកថ្ងៃ សុខ ធី ជម្រះបញ្ជីខ្លាចាស់ Lerdsila
ចន្លោះមិនឃើញ
ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកានេះ សង្វៀនគុនចម្រុះ ONE Championship នឹងបម្រើចក្ខុអ្នកគាំទ្រក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ONE: WARRIOR’S DREAM ដែលប្រជុំដោយជើងខ្លាំងមានតារាឆ្នើមកម្ពុជា សុខ ធី ត្រូវឡើងតទល់ម្តងទៀតជាមួយខ្លាចាស់ថៃ Lerdsila ដែលបានក្លាយជាគូជក់ចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា។
ព្រឹត្តិការណ៍នេះមានវត្តមានជើងខ្លាំង១៤គូដែលត្រៀមបង្ហាញសមត្ថភាពក្បាច់គុនចម្រុះស្វែងរកជ័យជម្នះសម្រាប់កិត្តិយសខ្លួន និងប្រទេសជាតិ។ ម្ចាស់ជើងជើងឯកសញ្ជាតិស៊ុយអែត Zebaztian Kadestam ត្រូវប្រឈមនឹងជើងឯកអាមេរិក Tyler McGuire ដើម្បីប្រជែងយកខ្សែក្រវាត់ពិភពលោកកម្រិត ONE World Welterweigh។
**សុខ ធី ជម្រះបញ្ជីនឹងខ្លាចចាស់ថៃ Lerdsila**
កាលពីខែមិថុនាកន្លងទៅ សុខ ធី និង Lerdsila បានធ្វើឲ្យកក្រើកសង្វៀន ONE: PINNACLE OF POWER នៅទីក្រុងកំពូលល្បែងប្រចាំអាស៊ីម៉ាកាវ ម្តងរួចហើយ ប៉ុន្តែបន្ទាប់ពីចប់ការប្រកួត៣ទឹក ចៅក្រមបានឲ្យជើងខ្លាំងវ័យក្មេងកម្ពុជាចាញ់ដោយពិន្ទុមិនឯកច្ឆន្ទ។ ពេលនោះគេមើលឃើញថា សុខ ធី មានប្រៀប ប៉ុន្តែបែរជាឲ្យចាញ់វិញ។
អ្នកគាំទ្រកម្ពុជា ក៏ដូចជាមហាជនមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលពេលនោះ។ គ្រូបង្វឹករបស់ សុខ ធីគឺលោក ហ៊ុន ច័ន្ទរាជក៏បានតវ៉ាចំពោះលទ្ធផលចម្រូងចម្រាសនេះ។ ជាការឆ្លើយ សង្វៀនONE បានផ្តល់ទឹកប្រាក់៥០០០ដុល្លារដល់ សុខ ធី ដើម្បីជាការលើកទឹកចិត្ត និងរៀបចំឲ្យអ្នកទាំងពីរប្រកួតឡើងវិញដើម្បីស្វែងរកអ្នកឈ្នះពិតប្រាកដ។
មុនការប្រកួតលើកទី២មកដល់ ខ្លាចាស់មាឌល្អិតរបស់ថៃ Lerdsila បាននិយាយពី សុខ ធី ថា៖ «ខ្ញុំភ្ញាក់ផ្អើលពេលឃើញគាត់ខ្លាំងយ៉ាងនេះ។ លើកនេះ ខ្ញុំនឹងខំហាត់ត្រៀមឲ្យមែនទែន។ ខ្ញុំសរសើរគូប្រកួតខ្ញុំណាស់។ គាត់ក្មេង តែគាត់ជាតារារះថ្មីក្នុងវិស័យកីឡាប្រដាល់»។
លោក ហ៊ុន ច័ន្ទរាជ បាននិយាយថា សុខ ធីបានប្រឹងប្រែងហ្វឹកហាត់យ៉ាងម៉ត់ចត់ដើម្បីបំប៉នកម្លាំងត្រៀមយកជ័យជម្នះជូនជាតិ។ លោកថា ៖«ខ្ញុំហ្វឹកហាត់ជាមួយ ធី បានល្អណាស់។ គាត់ប្រាប់ខ្ញុំថា គាត់ខ្លាំងជាងមុនមែនទែន ហើយឥឡូវយើងព្យាយាមផ្តោតលើការប្រើកម្លាំង ហើយនឹងស្នៀតត្រូវវ៉ៃជាក់ស្តែងក្នុងការប្រកួតនេះ»។
«ការវ៉ៃលើកមុន គាត់ធ្វើបានល្អហើយ ដូច្នេះវ៉ៃលើកនេះអ្វីដែលត្រូវបំប៉នថែមគឺហាត់យកកម្លាំងឲ្យខ្លាំងជាងមុន ដើម្បីផ្តួលគូប្រកួតឲ្យសន្លប់តែម្តង»។
ជើងឯកប្រដាល់សេរីពិភពលោកប៉ះគ្នា
ជើងខ្លាំងប្រដាល់សេរីរបស់ពិភពលោកពីររូបប្រចាំ ONE Super Series ត្រូវពាក់មុខយក្សដាក់គ្នាក្នុងទ្រុង គឺជើងខ្លាំងប្រេស៊ីល Cosmo Alexandre ប៉ះអតីតជើងឯក Glory Welterweight Champion គឺ Nieky Holzken ដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់។
ទាំង Alexandre និង Holzken បាននាំយកជ័យលាភីដល់ប្រទេសខ្លួនជាច្រើនមកហើយក្នុងការប្រកួតប្រដាល់សេរីដែលមើលទៅមួយគូនេះពិតជាអង្រួនសង្វៀនមិនធម្មតាទេ។ ពួកគេនឹងត្រូវវ៉ៃជាគូឯករងប្រចាំរាត្រី។
យ៉ាងណាមិញ ជើងខ្លាំងពីរនាក់នេះ មិនមែនមិនធ្លាប់ប៉ះគ្នានោះទេ។ កាលពីឆ្នាំ ២០១០ Holzken បានឈ្នះដោយពិន្ទុលើ Alexandre។ អ្វីដែលសំខាន់គឺចង់ដឹងថា កីឡាករហុល្លង់រូបនេះ អាចរក្សាកំណត់ត្រា Alexandre ជាលើកទីពីរបានទេ? ឬមួយ Alexandre អាចជម្រុះបញ្ជីចាស់បានសម្រេច?
តំណែងស្តេចគ្រងខ្សែក្រវាត់ថ្មី Welterweight ជានរណា?
រាត្រីថ្ងៃសៅរ៍ដ៏អស្ចារ្យនេះគឺការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទម្ងន់ Welterweight World Championship ដែលអ្នកប្រយុទ្ធហុល្លង់ Zebaztian Kadestam ប៉ះជើងឯកអាមេរិក Tyler McGuire។
រាប់ទាំងការផ្តួលដៃជនជាតិម៉ាឡេស៊ី Agilan Thani កាលខែកក្កដាកន្លងទៅ Kadestam ទទួលបានជ័យជម្នះ១០លើកហើយ ខណៈកំណត់ត្រារបស់ McGuire វិញគឺឈ្នះ១១លើកហើយដែលរាប់ទាំងការផ្តួលអតីតជើងឯក ONE World Titleគឺកីឡាករ Luis Santos។