ប្រវត្តិ​​ខ្លះ​ៗ និង​រឿង​ល្វីង​ជូរចត់​មួយ Raven Blaze ចាំ​មិន​ភ្លេច​ក្នុង​ជីវិត​​ ពេល​ធ្វើ YouTube

  • 2018-11-15 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • រឿង​ Raven Blazeចាំ​មិន​ភ្លេច
  • ​តើ Raven រក​ប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ពី YouTube ក្នុង​មួយ​ខែៗ​?
  • តើ Raven Blaze ប្រឡូក​ក្នុង YouTube នៅ​ឆ្នាំ​ណា ហើយ​វីដេអូ​មួយ​ណា​ផ្ទុះ​ខ្លាំង​ជាង​គេ?
  • ​មិន​សូវ​ពិបាក​យក Fan ព្រោះ​គេ​ស្គាល់​លោក​ច្រើន​មុន​ល្បី​លើ​ YouTube
  • ដំណាក់​កាល​បែកបាក់​ក្រុម Comedyshortsviner
  • ព្យួរ​ការសិក្សា​​រៀន​ជំនាញ IT នៅ​ Setec ព្រោះតែ​​រវល់​​ការងារ
  • ការងារ​នៅ​អនុ និង​វិទ្យាល័យ
  • ពេល​ក្លាយ​ជា YouTuber តើ Raven ជួប​បញ្ហា​អ្វី​ខ្លះ?
  • ធ្វើ​ម៉េច​​ដើម្បី​ក្លាយ​ជា​ YouTuber ទទួល​បាន​ការ​ចាប់​អារម្មណ៍​?
  • យល់​យ៉ាងណា​ដែរ ចំពោះ​សហគមន៍ YouTuber និង​វិស័យ​មួយ​នេះ​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?

រឿង​ Raven Blazeចាំ​មិន​ភ្លេច

មុន​ក្លាយ​ជា Vlogger និង YouTuber យុវជន សារិន រតនៈ ហៅ Raven Blaze ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) ផ្នែក​ Editor កាត់​ត​វីដេអូ ថត​រូប ពេញ​ម៉ោង ប៉ុន្តែ​យុវជន​បាន​សម្រេច​ឈប់ មក​ធ្វើ YouTube វិញ ក្រោយ​ចូល​ធ្វើការ​បាន​កន្លះ​ឆ្នាំ និង​ជា​អំឡុង​ពេល​លោក​កំពុង​ពិបាក​ផ្នែក​ហិរញ្ញវត្ថុ​។ ​

“អ្វី​​ដែល​ជូរ​ចត់​ខ្លាំង​បំផុត ពេល​ខ្ញុំ​ឈប់​ធ្វើការ​មក​ធ្វើ YouTube។ ប៉ុន្មាន​ខែ​ដំបូង​ហ្នឹង ខ្ញុំ​អត់​មាន​​ចំណូល​ មិន​ប៉ះពាល់​​តែ​ខ្ញុំ ប៉ះពាល់​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ម៉ាក់​ខ្ញុំ​​។ បើ​ខ្ញុំ​ម្នាក់​ឯង​មិន​អី​ទេ ខ្ញុំ​មិន​សូវ​ខ្វល់​ប៉ុន្មាន​ទេ បាយ​ទឹក​ស៊ីអ៊ីវ​ក៏​បាន​អត់​អី​ទេ តែ​​ដល់​ប៉ះពាល់​ដល់​គាត់ ពេល​មើល​​ឃើញ​ពួកគាត់​ពិបាក ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ទ្វេ​ដង ជាង​ពិបាក​ក្នុង​​ខ្លួន​ឯង​ទៀត"។ នេះ​ជា​​​​សម្ដី​របស់ Raven Blaze អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​ Sabay នៅហាងកាហ្វេ LAB កាល​ពី​ម្សិលមិញ​។

YouTuber ក្នុង​ស្រទាប់​យុវវ័យ និង​ក្មេងៗ Raven Blaze បាន​ឱ្យ​ដឹង​ថា កាល​លោក​នៅ​ធ្វើ​ការ​ជា​បុគ្គលិក​ Media ពេញ​ម៉ោង មាន​ដូចជា ថត​រូប កាត់​ថត​វីដេអូ​ជាដើម​នោះ លោក​ទទួល​បាន​ប្រាក់បៀវត្សរ៍ជាង ២០០ ដុល្លារ​ប៉ុណ្ណោះ និង​ទទួល​គម្រោង​​ដែល​ថ្នាក់​លើ​ទម្លាក់​ឱ្យ​ផ្សេងៗ​ ពោល​គឺ​អាចរកបាន​សម​ល្មម ហើយ​ខែ​ណា​ខ្លះអាច​លោត​ដល់​ ៥០០-៦០០​ ដុល្លារ​​ក្នុង​មួយខែក៏​មាន។

ប៉ុន្តែ​ក្រោយ​ឈប់​ពី​ការងារ មក​ធ្វើ YouTube ជីវិត​របស់​​យុវជន​វ័យ ២១​ឆ្នាំ បាន​ដុនដាប និង​បាក់​ទឹក​ចិត្ត​ខ្លាំង រហូត​ពេល​ខ្លះ​រក​ប្រាក់​បង់​ទឹក​ភ្លើង​ និង​ថ្លៃ​អ៊ីនធឺណិត​គ្មាន ខណៈ​លោក​ជា​​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​៣​នាក់ ដែល​ស្ថិត​ក្នុង​បន្ទុក​របស់​​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ។ ពេល​នោះ Raven មាន​សម្ពោធ​ច្រើន​តួយ៉ាង ត្រូវ​បាន​ម្ដាយ​ស្ដី​បន្ទោស និង​ឱ្យ​ឈប់​ធ្វើ YouTube ដើម្បី​រក​ការងារ​ធ្វើ​វិញ។

ទោះបីជា​យ៉ាងណា​យុវជន រតនៈ ​មិន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ឡើយ ហើយ​នៅ​តែ​ខំ​ជម្នះ​រាល់​ឧបសគ្គ​ រហូត​​បាន Sponsor ខ្លះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ក្លាយ​ចង់​ YouTuber និង Vlogger ឯករាជ្យ​ពេញ​ម៉ោង​ ចាប់​ពី​ឆ្នាំ​​ ២០១៦​ រហូត​ដល់​បច្ចុប្បន្ន​។

​តើ Raven រក​ប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ពី YouTube ក្នុង​មួយ​ខែៗ​?

អតីត​​បឋម​សិក្សា​អនុវត្ត បាន​ប្រាប់​ថា ក្នុង​មួយ​ខែ​លោក​អាច​រក​បាន​ពី YouTube តែ​ជាង ១០០ ដុល្លារ​ប៉ុណ្ណោះ​ មិន​បាន​ច្រើន​ឡើយ ដូចអ្នកគ្រប់គ្នា​គិត​ឡើយ។

យុវជន Raven បញ្ជាក់​ថា៖ “រឿង​ចំណូល​ហ្នឹង Viewer ​ភាគ​ច្រើន​គាត់​យល់​ច្រឡំ​​ថា ពួក​ខ្ញុំ​រក​លុយ​បាន​ច្រើន​ខ្លាំង​ពី YouTube ព្រោះ​អី​គាត់​​មើល YouTube ច្រើន គាត់​ឃើញ​ YouTuber ក្រៅ​ៗ (បរទេស) ពេល​ល្បី​មាន​ផ្ទះ​ធំ​នៅ​ៗ ឡាន​ទំនើប មាន​គ្រឿង​អលង្ការ ប្រើ​របស់​ថ្លៃ​ៗ​អ៊ីចឹង អ៊ីចឹង​​ពួកគាត់​គិត​ថា ពួក​យើង​ធំ​ៗ​នៅ​ស្រុក​ខ្មែរ មាន​លុយ​អ៊ីចឹង​ដែរ។ ​តាម​ពិត​ស្រុក​យើង​អត់​ដូច​ស្រុក​គេ​ទេ តម្លៃ Add ​ទាប​​ខ្លាំង​​មែន​ទែន ពេលខ្លះរកលុយ​បង់​ទឹក​ភ្លើង​មិន​គ្រប់​ផង​"។

​បើ​តាម​លោក Raven លោក​អាច​រក​ចំណូល​បាន​​ពី Sponsor ច្រើនជាង​តាម YouTube ដោយ​ខាង​ក្រុមហ៊ុន​ដែលចាប់អារម្មណ៍​លោក អាច​ផ្ដល់​ឱ្យ​ដូចជា​​ផលិតផល​ និង​កញ្ចប់​ថវិកាជាដើម ​តាម​ការ​ចរចា​គ្នារវាងភាគីទាំងពីរ។

"លុយ​រក​បាន​ពី​ YouTube ច្រើន​បំផុត​ ១០០​ ជាង ​ប៉ុន្តែ​អ្វី​ដែល​ផ្គត់ផ្គង់​ពួក​ខ្ញុំរាល់ថ្ងៃ គឺ​បាន​មក​ពី Sponsor ដែល​គេ​ចាប់​អារម្មណ៍​លើ Content របស់​ខ្ញុំ...បាន​មក​ពី​ហ្នឹង​វិញ។ អា​ហ្នឹង​ហើយ​ធ្វើ​ឱ្យ​ពួកខ្ញុំ​បន្ត​បាន​រហូត​ដល់​រាល់​ថ្ងៃ​ហ្នឹង តែ​បងប្អូន​ខ្លះ ពេល​ផុស​ Content Sponsor ទៅ គាត់​ថា​អ៊ូយ​បង​កុំ​ផុស​ Sponsor អី ខ្ញុំ​ចង់​ឃើញ Vlog"។ Raven បញ្ជាក់។

ចំពោះ​ Sponsor នេះ​ដែរ Raven រៀបរាប់​ថា មិន​មែន​លោក​ចេះ​តែ​ទទួល​ទេ បើ​ត្រូវ​ Content របស់​លោក​ទើប​​លោក​ទទួល​ដាក់​ក្នុង​វីដេអូ Vlog។ លើស​ពី​នេះ​យុវជន​សម្បុរ​ខ្មៅ​ស្រអែម ក៏​អាច​រក​ចំណូល​ខ្លះៗ តាម​រយៈ​ការ​ធ្វើ​ពិធី​ករ ការរាំ តាម​កម្មវិធី​ផ្សេង​ៗផង​ដែរ។

តើ Raven Blaze ប្រឡូក​ក្នុង YouTube នៅ​ឆ្នាំ​ណា ហើយ​វីដេអូ​មួយ​ណាដែល​​ផ្ទុះ​ខ្លាំង​ជាង​គេ?

អតីត​សិស្ស​​អនុវិទ្យាល័យ​អូរ​បែក​ក្អម បាន​​ប្រឡូក​ក្នុង​វិស័យ YouTube នៅ​ឆ្នាំ​ ២០១៦ ហើយ​វីដេអូ​ដែល​ផ្ទុះ​ខ្លាំង​ជាងគេ​បំផុត គឺ​វីដេអូ​ក្រៅ​ឆាក​​​បទចាក់​ទឹកដូង (ចាក់ទឹកដូង BEHIND THE SCENE) កាល​ពី​​ឆ្នាំ​ ២០១៧ រហូត​មក​ឥឡូវវីដេអូមួយ​នេះ មាន​អ្នក​ទស្សនាជាង ២ លាន​ដង។

​មិន​សូវ​ពិបាក​យក Fan ព្រោះ​គេ​ស្គាល់​លោក​ច្រើន​មុន​ល្បី​លើ​ YouTube

ក្រោយ​បញ្ចប់​ថ្នាក់​ទី​ ១២ នៅ​វិទ្យាល័យ​ជាស៊ីមសាមគ្គី យុវជន Raven និង​មិត្តភ័ក្ដិ​​បួន​​នាក់​ផ្សេងទៀត បាន​ចាប់​ដៃ​គ្នា​ធ្វើ​វីដេអូ​កំប្លែង​ខ្លីៗ ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ការ​ចាំ​អារម្មណ៍​ច្រើន​ទេ​នា​ពេល​នោះ។ ក្នុង​ចំណោម​វីដេអូ​កំប្លែង​ខ្លី​ទាំង​អស់ វីដេអូ​មួយ​មាន​ឈ្មោះ​ថា "ពេល​ចាំ​មិត្តភ័ក្ដិ​យូរ​ពេក" ល្បី​ខ្លាំង​ជាងគេ​បំផុត​។

Raven ថា៖ "វីដេអូ​ហ្នឹង​និយាយ​ពី ពេល​​យើង​បបួល​មិត្តភ័ក្ដិ​ទៅ​ណា​ទៅ​ណី​ចឹង ​ម្នាក់ៗ​​​​ថា ​អូ! ជិត​ដល់​ហើយ​ៗ តែ​ការ​ពិត​កំពុង​នៅ​ផ្ទះ​ញ៉ាំ​នំ​សោះ ចំណែក​អ្នក​ចាំ​ ចាំ​តាំង​ពី​រស់​រហូត​​ដល់​​ស្លាប់ (សើច) ។ នេះ​ជា​វីដេអូ ធ្វើ​ឱ្យ Comedy របស់យើង មាន​ឈ្មោះ​ឡើង"។

នេះ​ជា​ហេតុ​ផល ដែល​ YouTuber និង Vlogger រូប​នេះ មិន​ពិបាក​ក្នុង​ការ​រក Subscriber។

ដំណាក់​កាល​បែកបាក់​ក្រុម Comedyshortsviner

ក្រុម​មាន​សមាជិក​៤​នាក់ ដែល​​ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លេច បាន​ប្រែ​ក្លាយ​ជា​មាន​បញ្ហា​ ធ្វើការ​មិន​ចុះ​សម្រុង​គ្នា និង​ត្រូវ​រុះរើ​សមាជិក​ម្នាក់ចេញ​។ នោះ​ជា​ពេល​ដែល​ពិបាក ហើយ​ក្រុម​ត្រូវ​ជ្រើស​​សមាជិក​​ថ្មី​ម្នាក់​ទៀត​មក​ចូល​រួម។ ក្រោយ​ធ្វើ​បាន​​១​ឆ្នាំ​ ក្រុម​ទាំង​មូល និង​សមាជិក​ដែល​បាន​បែក​គ្នា​នោះ ក៏​ត្រូវ​រ៉ូវ​គ្នា ហើយ​ក៏​សហការ​ជាមួយ​គ្នា​វិញ សរុប​សមាជិក​ទាំង​អស់គឺ ​៥​ នាក់។

យ៉ាងណាដោយសារ​តែ​សមាជិក​នីមួយៗ​រវល់​ការ​ងារ​រៀង​ខ្លួន និង​បែក​ខ្ញែក​គ្នា​នោះ ក្រុម Comedyshortsviner ​មួយ​នេះ ក៏​លែង​មាន​សកម្មភាព​ដូច​មុន ខណៈ Raven Blaze បាន​ងាក​មក​ធ្វើ YouTube តែ​ម្នាក់​ឯង​រហូត​សព្វថ្ងៃ ​ហើយ​សមាជិក​នីមួយៗ​​​នៅ​មាន​ទំនាក់ទំនង​ល្អ​ ជាមួយ​​គ្នា​ដូច​មុន​ដដែល។

ព្យួរ​ការសិក្សា​​រៀន​ជំនាញ IT នៅ​ Setec ព្រោះតែ​​រវល់​​ការងារ

បន្ទាប់​បញ្ចប់​​​ថ្នាក់​ទី​១២​ ឆ្នាំ​ ២០១៤ បាន​មួយ​ឆ្នាំ Raven បាន​បន្ត​ថ្នាក់​ឧត្ដម​សិក្សា​សាកលវិទ្យាល័យស៊ីតិច ជំនាញ IT ឆ្នាំ ​២០១៥។ រៀន​បាន​មួយ​ឆ្នាំ យុវជន​ បាន​សម្រេច​ព្យួរ​ការ​សិក្សា​​ ព្រោះ​រវល់​ការងារ ដែល​កាល​នោះ Raven ធ្វើ​ការ​បណ្ដើរ​រៀន​បណ្ដើរ ជា​ហេតុ​គ្មាន​ពេល​គ្រប់គ្រាន់​មើល​មេរៀម​​។ Raven ថា ខ្លួន​មិន​បោះបង់​ការ​សិក្សា​ចោល​ទេ ពេល​មាន​ឧកាស​ល្អ ​នឹង​បន្ត​ការ​សិក្សា​វិញ។

ការងារ​នៅ​អនុ. និង​វិទ្យាល័យ

  • ធ្វើ​ការ​នៅ​រោងពុម្ព ជាមួយ​​ឪពុក​មា
  • ជា​អ្នក​ឌីហ្សាញ
  • ថ្នាក់​ទី​ ៩, ១០,១១ ជា Freelancer ផ្នែក Media ផ្នែក​ថត​ភាព​យន្ត​ខ្លី
  • ធ្វើ​ជា​អ្នក​គិត​លុយ​តាម​ហ្គារ៉ាស់​សាំង
  • ថត​ Pre-Wedding និង​ថត​រូបតាមរោងការ

ពេល​ក្លាយ​ជា YouTuber តើ Raven ជួប​បញ្ហា​អ្វី​ខ្លះ?

ឧបសគ្គ​ធំ​ជាង​គេ​របស់ Raven គឺ​ការ​គ្រប់​គ្រង​ពេល​វេលា។ ពេល​មាន​ Sponsor ច្រើន លោកចាប់ផ្ដើម​គ្មាន​ពេល​វេលា ស្មុគស្មាញ អស់​គំនិត​ច្នៃប្រឌិត និង​គ្មាន​ពេល​ធ្វើ​វីដេអូ​សម្រាប់​អ្នកគាំទ្រ។ ចំពោះ​ដំណោះស្រាយ​ លោក​កាត់​បន្ថយ​អ្នក​ឧបត្ថម្ភ ដើម្បី​យក​ពេល​គិត​អ្វី​ដែល​ថ្មី។

ធ្វើ​ម៉េច​​ដើម្បី​ក្លាយ​ជា​ YouTuber ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នកគាំទ្រ?

មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា ទាល់​តែ​មាន​ឧបករណ៍​ល្អៗ​ទំនើបៗ ទើបធ្វើ Vlog ឬ​វីដេអូ​​​​ល្អដែរ។ តាម​ពិត​​ឧបករណ៍​ មិន​សូវ​សំខាន់​ណាស់​ណា​ទេ ហើយ​អ្វី​ដែល​ចាំ​បាច់​បំផុត គឺ​បុគ្គលិក​លក្ខណៈ​អត្តចរិត​របស់​បុគ្គល​​ខ្លួន​ឯង​។ យុវជន​ថា គេ​មើល​​នរណា​ម្នាក់​ដោយសារតែ​វីដេអូ​​​សាច់​រឿង​របស់​គេ​នោះ មាន​ខ្លឹមសារ មាន​ Style ខុស​គេ។

មិន​តែ​ប៉ុណ្ណោះ Raven បន្ថែម​ទៀត​ថា បើ​ចង់​ធ្វើ​ Vlogger អ្នកនោះត្រូវ​ចេះ​កាត់​តវីដេអូ ហើយ​បើ​មិន​ចេះ​ទេ អាច​រៀន​តាម​សាលា ឬ​អ៊ីនធឺណិត​បាន ព្រោះ​លើ​អ៊ីនធឺណិត​មាន​អ្វី​គ្រប់យ៉ាង​ ​ទាំង​ភាសា​ខ្មែរ និង​ភាសា​បរទេស។

ចំណុច​មួយ​ទៀត​នោះ ដែល Raven ចង់​លើកឡើង គឺ​​មិន​ថា​លើ Page Facebook ​ឬ YouTube ទេ ត្រូវ​មាន​កាលវិភាគ​បង្ហោះ​វីដេអូឱ្យ​ទៀតពេល ដើម្បី​ឱ្យ​អ្នកគាំទ្រស្រួល​ចាំ​និង​តាម​ដាន ប៉ុន្តែ​ត្រង់​ចំណុច​នេះ Raven​ ក៏​មិន​ទាន់​ធ្វើ​បាន​​ដែរ​​។

Raven យល់​យ៉ាងណា​ដែរ ចំពោះ​សហគមន៍ YouTuber និង​វិស័យ​មួយ​នេះ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន?

សព្វ​ថ្ងៃ​នេះ YouTuber ធំៗ​ដែល​បង្ហាញ​ខ្លួន​លើ​វេទិកា​សាធារណៈ​ មាន​ខ្ទង់​ជាង​ ១០​ នាក់ ហើយ Raven យល់​ឃើញ​ថា ពួកគេ​មាន​ភាព​រស់​រាយ​រាក់​ទាក់ ចេះ​ចែក​រំលែក​បទ​ពិសោធន៍ ចំណេះ​ដឹង និង​ក្ដី​ស្រលាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ចំណែក​ទំនោរ​លើ​ការ​ធ្វើ YouTube នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ចាប់​ផ្ដើម​មាន​កំណើន និង​ចាប់​អារម្មណ៍​ច្រើន ជាពិសេស​យុវជន​ក្មេងៗ​តែ​ម្ដង។

Raven បញ្ជាក់​ថា៖ "សូម​ផ្ដាំ​ដល់​ប្អូនៗ​ដែល​ចង់​ធ្វើ​ YouTube។ YouTube អាច​​ក្លាយ​​របស់​ល្អ​​ល្អ​មួយ ​នា​ពេល​អនាគត ហើយ​បើ​ធ្វើ​ YouTube កុំ​គិត​ពី​រឿង​លុយ​ពេក ពេល​អត់​បាន​ប្រយោជន៍​នឹង​បាក់​ទឹក​ចិត្ត​ ហើយ​ឈប់​ធ្វើ។ ​ស្រលាញ់​ ចាំ​ធ្វើ!”៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី