ឪពុក​ជា​បុគ្គល​​នៅ​ពី​ក្រោយ​ ចាន់ រតនា​ ក្នុង​អាជីព​ប្រដាល់​

  • 2018-11-20 02:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់​ រតនា​ កីឡាករ​ប្រដាល់​​គុន​ខ្មែរ​ និង​ក្បាច់​គុន​ចម្រុះ​​ម្នាក់​ដែល​​បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​​ទាំង​ក្នុង​ស្រុក​ និង​នៅ​លើ​ឆាក​អន្តរជាតិ​​ ប៉ុន្តែ​មុន​​មាន​ថ្ងៃ​នេះ​ ​រូប​គេ​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​អាជីព​ប្រដាល់​ ក៏​ដូច​ជា​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។

ចាន់ រតនា និង​ប្រពន្ធ​កូន

កើត​នៅ​ជំរំ​ភៀស​ខ្លួន​​ជាយដែន​ខ្មែរ-ថៃ​ ចាន់​ រតនា​ និង​គ្រួសារ​បាន​ត្រឡប់​​ចូល​មាតុភូមិ​វិញ​ពេល​សង្គ្រាម​បាន​បញ្ចប់​ ហើយ​ចាប់​ផ្តើម​ជីវិត​ថ្មី​ដោយ​ប្រមែប្រមូល​ប្រាក់​ទិញ​ដី​ផ្ទះ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ គាត់​មិន​ចាំ​ច្បាស់​ប៉ុន្មាន​ទេ​ថា​ ខ្លួន​ចាប់​ផ្តើម​ហាត់​រៀន​ក្បាច់​គុន​តាំង​ពី​ពេល​ណា​មក​ ប៉ុន្តែ​អ្វី​ដែល​ខ្លួន​ដឹង​គឺ​មាន​លោក​ឪពុក​ ជា​គ្រូ​ក្បាច់​គុន​បុរាណ​យុទ្ធ​គុន​ខម។ លោក​ឪពុក​បាន​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ជំរុញ​ឲ្យ​រូប​គេ​ចាប់​អាជីព​ប្រដាល់។

លោក​ ចាន់​ ​ប៊ុនធឿន​ គ្រូ​ក្បាច់​យុទ្ធ​គុន​ខម និង​ជា​ឪពុក​របស់​ ចាន់​ រតនា​ បាន​បើក​ក្លឹប​ហាត់​គុន​មួយ​ដែល​ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​​កូន​ប្រុស​របស់​លោក​​បោះ​បង់​ចោល​​ការ​សិក្សា​ដើម្បី​ជួយ​បន្ថែម​កម្លាំង​ឲ្យ​គ្រួសារ​បន្ថែម។ រតនា រំលឹក​ថា ៖​«គ្រួសារ​ខ្ញុំ​ពី​មុន​ក្រ​ខ្លាំង​ណាស់​ ទើប​ឪពុក​ខ្ញុំ​ឲ្យ​ឈប់​រៀន​មក​ជួយ​គាត់​នៅ​ក្លឹប​វិញ។ ពេល​ខ្ញុំ​ហាត់​ចេះ​បាន​ច្រើន​បន្តិច​ ខ្ញុំ​ក៏​ចាប់​ផ្តើម​បង្រៀន​សិស្ស​ដ៏​ទៃ​ទៀត​ជា​បន្ត។ អីចឹង​ ខ្ញុំ​រៀន​បណ្តើរ​ បង្ហាត់​បណ្តើរ»។

​«ដំបូង​ឡើយ​កម្សត់​​ណាស់​ ដោយ​សារ​យើង​គ្មាន​កន្លែង​ហាត់​ ដូច្នេះ​យើង​ត្រូវ​ដើរ​សុំ​ដី​គេ​មក​បើក​ក្លឹប។ ម្យ៉ាង​ យើង​ក៏​អត់​មាន​ឧបករណ៍​សម្រាប់​ហ្វឹក​ហាត់​គ្រប់​គ្រាន់​ថែម​ទៀត​ អីចឹង​យើង​ត្រូវ​ព្យាយាម​រក​វិធី​ច្នៃ​របស់​ប្រើ​ខ្លួន​ឯង។ និយាយ​ទៅ​វេទនា​ខ្លាំង»។

ចាន់ រតនា (ស្តាំ)​ពេល​វ៉ៃ​ជា​មួយ​កីឡាករ​ថៃ

នៅ​ពេ​ល​ក្លឹប​​ប្រដាល់​គុន​ចាប់​ផ្តើម​មាន​គេ​ស្គាល់​ច្រើន​ ​ក៏​មាន​សិស្ស​មក​ហាត់​រៀន​ច្រើន​ជា​បន្ត​បន្ទាប់​ដែល​​ទើប​អាច​ជួយ​ផ្គត់ផ្គង់​ក្លឹប​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ បច្ចុប្បន្ន​វិញ​ ចាន់​ រតនា​ មិន​ត្រឹម​តែ​ជា​អ្នក​ប្រដាល់​អាជីព​​លើ​ឆាក​អន្តរជាតិ​របស់​ ONE Championship និង​មាន​ប្រជា​ប្រិយភាព​ខ្លាំង​នោះ​ទេ​ ថែម​ទាំង​មាន​ក្លឹប​ផ្ទាល់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​ឈ្មោះ​ថា​ក្លឹប «សិល្បៈ» ដែល​ជា​ដំបូល​បណ្តុះ​បណ្តាល​ក្មេង​ៗ​មាន​ទេពកោសល្យ​ជំនាន់​ក្រោយ​ និង​មាន​ជន​បរទេស​​ជា​ច្រើន​ចូល​ហ្វឹកហាត់​ផង​ដែរ។

រតនា​ពន្យល់ ៖«ខ្ញុំ​មិន​ដែល​គិត​ថា ខ្លួន​ឯង​ក្លាយ​ជា​អ្នក​ប្រដាល់​ទេ។ ខ្ញុំ​ទៅ​ហាត់​ក្បាច់​គុន​ ព្រោះ​គ្រាន់​តែ​ចង់​​ជួយ​ឪពុក​ខ្ញុំ​ដែល​បង្ហាត់​សិស្ស​​តែ​ប៉ុណ្ណោះ។ ឪពុក​ខ្ញុំ​គាត់​ព្យាយាម​បញ្ចុះ​បញ្ជូល​ខ្ញុំ​ឲ្យ​មក​ហាត់​គុន​ឲ្យ​ស្ទាត់​ទៅ​ មក​ពី​ខ្ញុំ​មិន​បាន​​រៀន​សូត្រ​ខ្ពស់​ដូច​គេ»។

«កីឡាករ​បាន​ជួយ​ខ្ញុំ​ច្រើន​មែន​ទែន​ វា​មិន​ឲ្យ​ខ្ញុំ​មាន​សំបូរ​ហូរហៀរ​គ្រប់​សព្វ​អ្វី​ទេ​ ប៉ុន្តែ​ខ្ញុំ​មាន​អ្វី​ហូប​ចុក​គ្រប់​គ្រាន់​ មាន​គេ​ស្គាល់​ខ្ញុំ​ច្រើន​ ហើយ​មាន​គេ​គោរព​ខ្ញុំ​ខ្លាំង។ ដូច​នេះ​ខ្ញុំ​មិន​ស្តាយ​ក្រោយ​ទេ​ ដែល​ឪពុក​ខ្ញុំ​ជំរុញ​ឲ្យ​ខ្ញុំ​ដើរ​ផ្លូវ​នេះ»។

ចាន់ រតនា និងកូន​សិស្ស​ជនបរទេស

​រតនា​ បាន​បន្ត​បន្ថែម​ជំនាញ​ប្រចាំ​ត្រកូល​ថែម​ទៀត​ដោយ​ដាក់​បញ្ចូល​ក្បាច់​គុន​ចម្រុះ​ ជា​មួយ​យុទ្ធ​គុន​ខម​ និង​គុន​ខ្មែរ​ជា​ដើម។ កីឡាករ​វ័យ​៣២​ឆ្នាំ​សម្លឹង​ឃើញ​អនាគត​របស់​ខ្លួន​ ក៏​ដូច​ជា​កីឡាករ​នៅ​កម្ពុជា​ថា​ នឹង​មាន​ការ​រីកចម្រើន​ខ្លាំង។ សង្វៀន​ ONE​ Championship​ បាន​ចូល​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​សម្រេច​គោល​បំណង​គាត់​ មិន​មែន​ត្រឹម​តែ​ជួយ​ក្នុង​អាជីព​ប្រដាល់​ខ្លួន​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​ក៏​បាន​ជួយ​ដើរ​តួ​ជា​អ្នក​ផ្សព្វផ្សាយ​វិស័យ​នេះ​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ។

គាត់​និយាយ​ថា ៖«ខ្ញុំ​ទទួល​បាន​ប្រយោជន៍​ច្រើន​តាំង​ពី​បាន​ចូល​ ONE Championship​ មក​ ពី​ព្រោះ​វា​ជា​ស្ថាប័ន​ក្បាច់​គុន​ស្តង់ដារ​អន្តរជាតិ​ ដូច្នេះ​យើង​អាច​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​ផ្សេង​ៗ​ទៀត​ ពិសេស​គុន​ខ្មែរ​ ឲ្យ​ពិភព​លោក​បាន​ស្គាល់»។

«ប៉ុន្តែ​សម្រាប់​ខ្ញុំ​ អ្វី​ដែល​ត្រូវ​សួរ​ខ្លួន​ឯង​នោះ​គឺ​ តើ​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ឡើង​វ៉ៃ​នៅ​ទី​នោះ​ឬ​អត់​? យើង​ត្រូវ​តែ​បង្ហាញ​គេ​ពី​អ្វី​ដែល​យើង​ខ្លាំង​ដែរ»។

ចាន់ រតនា និង Abro Fernandes

នា​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ខាង​មុខ​នេះ​ ចាន់​ រតនា​ នឹង​បង្ហាញ​សមត្ថភាព​ឲ្យ​ពិភព​លោក​​បាន​ឃើញ​នៅ​ពេល​រូប​គេ​​ត្រូវ​ពាក់​មុខ​យក្ស​​ដាក់​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ Abro Fernandes នៅ​សង្វៀន​ ONE: DESTINY OF CHAMPIONS ​ប្រទេស​ម៉ាឡេស៊ី៕

ចាន់ រតនា ហ្វឹកហាត់

អត្ថបទ៖ ជាន ចាន់រ៉ា