ស្ទើរមួយភូមិប្រកបរបរដូចគ្នា ព្រោះឃើញរកបានចំណូលច្រើន
- 2018-11-20 06:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមួយភូមិប្រកបរបរដូចគ្នា ព្រោះឃើញរកបានចំណូលច្រើន
ចន្លោះមិនឃើញ
ព្រហាមស្រាងៗសំឡេងម៉ូតូរាប់សិបគ្រឿងលាន់ឮទ្រហឹងបន្តកន្ទុយគ្នាចេញពីភូមិមួយនៅភាគអាគ្នេយ៍នៃទីរួមខេត្តតាកែវ។ សំឡេងនេះជាសំឡេងរបស់ក្រុមម៉ូតូអ្នកលក់ចេងអាំង និងដំឡូងអាំងដែលចេញទៅកាន់គោលដៅរបស់ខ្លួន។
ម៉ូតូដែលមានភ្ជាប់ជាមួយរទេះនៅចំហៀងផងមានផ្ទុកចង្ក្រានធ្យូងវែងមួយ ជាមួយនឹងចេកជាច្រើនចង្កាក់ និងនំដំឡូងជាច្រើនទៀត។ បើតាមអាជ្ញាធរមូលដ្ឋានអ្នកភូមិពុទ្ធសាំ ស្ថិតក្នុងឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ មួយនេះមិនតិចជាង១០០គ្រួសារទេបានប្រកបរបរលក់ចេកអាំង ដំឡូងអាំងនេះ។
លោក មែន អ៊ឹម អ្នកលក់ម្នាក់ក្នុងចំណោមអ្នកលក់ផ្សេងទៀតប្រាប់Sabay ថាមុននឹងចាប់ផ្តើមរបរនេះ លោកធ្លាប់ជាកម្មករចំណាកស្រុកនៅប្រទេសថៃមិនតិចជាងបីឆ្នាំទេ និងបន្ទាប់មកទៅធ្វើការនៅខេត្តកោះកុងមួយរយៈទៀត តែថាចំណូលមិនសូវកបប្រសើរនោះទេ។
លោកបន្តថាក្រោយពីឃើញប្អូនជីដូនមួយប្រកបរបរលក់ចេកអាំងនៅភ្នំពេញហាក់កាក់កប លោកក៏បានទៅរៀនជំនាញនេះពីប្អូនរបស់លោក និងបានទៅរកស៊ីនៅស្រុកកំណើតវិញ។ លោកថារាល់ថ្ងៃលោកជាអ្នកដើរលក់ចេកអាំងឆ្លងពីស្រុកមួយទៅស្រុកមួយ ចំណែកប្រពន្ធនៅផ្ទះដើម្បីរៀបចំចេក និងនំដំឡូងសម្រាប់លោកលក់នៅថ្ងៃបន្ទាប់។
ចំណូលបានពីការលក់ចេកអាំង និងដំឡូងអាំងនេះ លោកថាបានគ្រាន់បើជាងការចំណាកស្រុក។ លោកបន្តថា៖ «លក់មួយព្រឹកដល់ថ្ងៃរសៀលជុំវិញស្រុកអស់ចេក១៥០ចង្កាក់បានថ្លៃ១០០០៛ក្នុងមួយចង្កាក់ ចំណែកនំដំឡូងមីលក់អស់ជាង១៥០នំដែរថ្លៃ៥០០៛ក្នុង១ដុំ...ជាមួយមុខរបរនេះខ្ញុំអាចរកប្រាក់បានមិនក្រោមដប់ម៉ឺនរៀលទេក្នុង១ថ្ងៃសមល្មមនិងអាចឲ្យខ្ញុំបំភ្លេចរឿងធ្វើចំណាកស្រុកបាន»។
ក្រៅពីអ្នកធ្លាប់ចំណាកស្រុក ក៏មានដែរអ្នកធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរបានមកប្រកបរបរមួយនេះ។ អ្នកស្រី សុខ ជ្រា វ័យ៣៥ឆ្នាំឲ្យដឹងថាអ្នកស្រីនិងស្វាមីបានធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងតាំងពីឆ្នាំ២០១៤ តែថាដោយមើលឃើញថារបរលក់ចេកអាំង និងនំដំឡូងអាំងប្រសើរជាង ក៏សម្រេចចិត្តមកប្រកបរបរនេះវិញ។
អ្នកស្រីបន្តថាប្ដីអ្នកស្រីបើកម៉ូតូដើរលក់ពីស្រុកទ្រាំងដល់ស្រុកកោះអណ្ដែតរហូតដល់ម៉ោង៦ល្ងាចទើបមកដល់ផ្ទះវិញ។អ្នកស្រីឲ្យដឹងទៀតថាក្រោយប្រកបរបរនេះបានបីឆ្នាំអ្នកស្រីអាចសន្សំប្រាក់បានសម្រាប់សង់ផ្ទះថ្មមួយល្វែងសម្រាប់គ្រួសាររស់នៅសមរម្យ។
អ្នកលក់ចេកអាំង និងនំដំឡូងមីនេះអះអាងថាខ្លួនបានរៀនតៗពីគ្នា ដោយឃើញថារបរនេះអាចរកប្រាក់បានគ្រាន់បើ។ អ្នកទាំងនោះឲ្យដឹងដែរថាអ្នកលក់ក្នុងភូមិមានទិសដៅលក់ផ្សេងៗគ្នា កម្រជាន់គ្នាណាស់។
ចំណែកមេភូមិពុទ្ធសាំ លោក សុខ ស៊ុន បញ្ជាក់ថាក្នុងភូមិរបស់លោកអ្នកដែលប្រកបរបរនេះមិនតិចជាង១០០គ្រួសារនោះទេ។ លោកថាអ្នកទាំងនោះប្រកបរបរដូចៗគ្នាព្រោះតែអ្នកធ្វើមុនៗអាចរកប្រាក់បានរហូតអាចសង់លំនៅឋានល្អៗបាន៕