កៀកថ្ងៃពិព័រណ៍សៀវភៅ មកដឹងរឿងរំភើប៣នេះឲ្យហើយ មុនដឹកដៃគ្នាទៅចូលរួម

  • 2018-11-29 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍សៀវភៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី​៧ សម្រាប់​ឆ្នាំ២០១៨​នេះ នឹង​ចាប់​ផ្ដើម​រៀបចំ​ជាថ្មី នៅដើម​ខែ​ធ្នូ​ខាងមុខ នៅ​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ នៃ​រាជធានី​ភ្នំពេញ។ មាន​រឿង​រំភើប ៣យ៉ាង ​ក្រោយ​កម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​ នេះ​បើ​តាម​ប្រធាន​បណ្ណាល័យ​ជាតិ។

រូបតំណាង ពិព័រណ៍​សៀវភៅឆ្នាំកន្លងទៅ

លោកស្រី ខ្លូត វិបុលឡា ​ប្រធាន​បណ្ណាល័យ​ជាតិ និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ប្រាប់ Sabay ថានេះ​ជា​លើក​ទី៧ ក្រោម​ប្រធាន​បទ សៀវភៅ​រស់ ចំណេះ​រីក។

លោកស្រី​បន្ត​ថា​ ដោយសារ​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​សាធារណៈ​ជន អ្នកគាំទ្រ​នានា និង​ថ្នាក់​ដឹក​នាំ​ចង់​ចូលរួម​លើក​ស្ទួយ​ការ​អាន​នៅ​កម្ពុជា ទើប​ក្រុម​ការងារ​អាច​បន្ត​សកម្មភាព ទម្រាំ​ឈាន​ជើង​ចូល​មក​ដល់​ការ​រៀបចំ​ដល់​លើក​ទី៧​នេះ។

លោកស្រី ខ្លូត វិបុលឡា បាន​បញ្ជាក់​ទៀត​ថា ពិព័រណ៍សៀវភៅលើកទី៧ឆ្នាំនេះ នឹង​រៀបចំ​​បីថ្ងៃ គឺ​ថ្ងៃ​ទី ៧, ៨ និង​ទី​៩ ខែ​ធ្នូ ឆ្នាំ២០១៨។ មាន​កម្មវិធី​ល្អ​ៗ សម្រាប់​ជា​ព័ត៌មាន​ដល់​អ្នក​ចូលរួម ពិសេស​កុមារ និង​យុវជន។

១. កំណើន​ចំនួន​ស្តង់​សៀវភៅ

ប្រភព​​លោកស្រី ខ្លូត វិបុលឡា ប្រាប់​ថា ពិព័រណ៍​សៀវភៅ​ពិតជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណៈ​ជន និង​អ្នក​និពន្ធ។​ ឆ្នាំ២០១៨ នេះ​ស្តង់​សម្រាប់​​ដាក់​បង្ហាញ​ស្នាដៃ​អ្នក​និពន្ធ គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ និង​បណ្ណាល័យ​នានា និង​លក់​សៀវភៅ​ដ៏សំបូរបែប បាន​កើន​ដល់​១១០​ស្តង់ ខណៈ​ការ​រៀបចំ​ដំបូង​នៅ​ឆ្នាំ​២០១១​មានតែ​១០​ស្តង់។

រូបតំណាង ពិព័រណ៍​សៀវភៅឆ្នាំកន្លងទៅ

មក​ទល់​ពេល​នេះ ស្តង់​និមួយៗ​ ត្រូវ​បាន​កក់​អស់ ដើម្បី​ត្រៀម​ក្នុង​ការ​រៀបចំ​។ ចំនួន​សៀវភៅ​ត្រៀម​នឹង​ដាក់​តាំង មិន​ទាន់​មាន​របាយ​ការណ៍​ជាក់លាក់​នៅ​ឡើយ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​អ្នក​បោះពុម្ពផ្សាយ​ គឺ​មាន​ដល់​ជាង​៨០០​នាក់។

២. ចែក​សៀវភៅ Free ១០ម៉ឺនក្បាល

ក្រៅ​ពី​សាធារណជន ពិព័រណ៍​សៀវភៅ ក៏​មាន​ការ​គាំទ្រ​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹង​ចាត់​ឯកឧត្ដម ហ៊ុន ម៉ានី សម្រាប់​ចូលរួម​តំណាង ក្នុងពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ។

រូបតំណាង

ប្រភព​​ដដែលពីលោកស្រី ខ្លូត វិបុលឡា សៀវភៅ​ប្រមាណ ១០​ម៉ឺន​ក្បាល​ ដែល​មាន​៤​ចំណង​ជើង តែ​សុំ​មិន​ទាន់​បញ្ជាក់​ឈ្មោះ នឹង​ទុក​ត្រៀម​ចែក​ជូន​អ្នក​ចូលរួម ដើម្បី​លើក​ស្ទួយ​ការ​អាន​នៅ​កម្ពុជា។ អ្នក​ចូលរួម​ម្នាក់​នឹង​ទទួល​បាន​សៀវភៅ តែ​១ក្បាល​គត់។

៣. ចំនួន​អ្នក​ចូលរួម និង​ការ​រំពឹង​ទុក

រូបតំណាង

តួលេខ​អ្នក​ចូលរួម​ពិព័រណ៍សៀវភៅ ដែល​បាន​រៀបចំ​ក្នុង​ឆ្នាំ​២០១៥ កន្លងទៅ មាន​អ្នក​ចូលរួម​ប្រមាណ​តែ​ ១២០០០​នាក់ ខណៈឆ្នាំ២០១៦ បាន​កើន​បន្តិច​ ដល់​ចំនួន​២៥០០០​នាក់។ លោកស្រី ខ្លូត វិបុលឡា និង​ក្រុម​ការងារ​រៀបចំ​ពិព័រណ៍​​ដដែល រំពឹង​ថា​ឆ្នាំ​២០១៨​នេះ ចំនួន​អ្នក​ចូលរួម ពិសេស​កុមារ និង​យុវជន ​នឹង​អាច​បន្ត​កើន។

ប្រធាន​បណ្ណាល័យ​ជាតិ​រូប​នេះ ថា​បើ​តាម​ចំនួន​រំពឹង​ទុក​ គឺ​អាច​ដល់​៧​ម៉ឺន​នាក់ ដែល​នឹង​មក​ចូលរួម​នៅ​ក្នុង​ពិព័រណ៍សៀវភៅ​លើក​ទី​៧ នៅ​​បណ្ណាល័យ​ជាតិ ចាប់​ពី​ថ្ងៃ​ទី​ ៧, ៨ និង​ទី​៩ ខែ​ធ្នូ ឆ្នាំ២០១៨ ខាងមុខ។

អត្ថបទ៖ ពៅ រក្សា