អគ្គលេខាFFCបញ្ជាក់ដំណោះស្រាយរវាងភ្នំពេញក្រោន និងវិសាខា
- 2018-12-19 02:53:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាFFCបញ្ជាក់ដំណោះស្រាយរវាងភ្នំពេញក្រោន និងវិសាខា
ចន្លោះមិនឃើញ
បន្ទាប់ពីដំណើរការដោះស្រាយពីរបីថ្ងៃចុងក្រោយនេះ ភាគីភ្នំពេញក្រោន និងវិសាខាមិនទាន់បានជួបគ្នាផ្ទាល់ឡើយដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាសលើការផ្ទេរកីឡាករ៥នាក់របស់ក្លឹបភ្នំពេញក្រោនទៅវិសាខា។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជាព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូនេះបានប្រាប់ Sabay ថា សហព័ន្ធបានកំពុងដោះស្រាយបញ្ហារវាងក្លឹបភ្នំពេញក្រោន និងវិសាខាអំពីកីឡាករ៥នាក់។ រយៈពេលពេលប៉ុន្មានថ្ងៃនេះក្រុមជំនាញរបស់សហព័ន្ធកំពុងប្រមូលបញ្ហា។ សហព័ន្ធបានជួបខាងក្លឹបវិសាខារួចហើយ ប៉ុន្តែមិនទាន់បានជួបខាងភ្នំពេញក្រោនទេ ដោយសារតំណាងដោះស្រាយភ្នំពេញក្រោនជាប់ភារកិច្ចនៅក្រៅប្រទេស។
លោកអគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជារូបនេះឲ្យដឹងទៀតថា ថ្ងៃពុធ ទី១៩ ខែធ្នូនេះ សហព័ន្ធត្រូវជួបកីឡាករទាំង៥នាក់ដើម្បីស្វែងយល់ឲ្យបានច្បាស់។ ប្រមូលឯកសារពាក់ព័ន្ធនានាដើម្បីដាក់ជារបាយការណ៍។ នៅពេលណាតំណាងក្លឹបភ្នំពេញមកដល់ខ្មែរអាចជួបបាន សហព័ន្ធនឹងត្រូវជួបភ្លាមដើម្បីដោះស្រាយឲ្យទាន់ពេលវេលា។
លោកបន្តថា បន្ទាប់ពីជួបភាគីទាំងអស់ និងប្រមូលរបាយការណ៍រួចរាល់ គណៈកម្មការដោះស្រាយនឹងដាក់របាយការណ៍ទៅក្លឹបទាំងពីរ និងអ្នកពាក់ព័ន្ធដើម្បីឈានដល់ការជួបគ្នាផ្ទាល់ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី។
លោក កែវ សារ៉េតបានបញ្ជាក់ទៀតថា ការដោះស្រាយនេះគឺអនុវត្តតាមច្បាប់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់កម្ពុជាកំពុងឆ្លងឆ្លើយជាមួយ FIFA ជុំវិញដំណោះស្រាយលើបញ្ហានេះដែរគឺមានន័យថា FIFA ក៏ជួយដោះស្រាយដែរ។
ពេល Sabay សួរថា តើលោករំពឹងទទួលបានលទ្ធផលបែបណាចំពោះដំណោះស្រាយនេះ? អតីតនាយកមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីបានឆ្លើយថា ៖«ខ្ញុំសង្ឃឹមទទួលបានដំណោះស្រាយដោយសន្តិវិធីសមស្របសម្រាប់ភាគីទាំងពីរ។ តាមអ្វីដែលខ្ញុំដឹងគឺខាងវិសាខាមិនប្រើភាពរឹងត្អឹងទេ គឺបន្ទន់ខ្លួនដោះស្រាយតាមគោលការណ៍ដោយសន្តិវិធី។ សហព័ន្ធខំប្រឹងធ្វើយ៉ាងណាដើម្បីឲ្យដំណោះស្រាយចប់ឲ្យបានលឿន»។
បញ្ហាចម្រូងចម្រាសនេះបានកើតមានឡើងក្រោយពេលក្លឹបភ្នំពេញក្រោនបានចេញសេចក្តីប្រកាសព័ត៌មានព្រមានដកខ្លួនចេញពីលីគ និងឈប់អភិវឌ្ឍថ្នាលយុវជន បន្ទាប់ពីក្លឹបវិសាខាបាននាំយកកីឡាករ៥នាក់របស់ភ្នំពេញក្រោនគឺ អ៊ុក សុវណ្ណ, ស៊ីន កក្កដា, អ៊ិន សុដាវិដ, គឹម ឆៃយ៉ា និងកែន ចាន់សុភ័ក្ត្រដែលភ្នំពេញក្រោនមិនទទួលបានសំណងអភិវឌ្ឍន៍៕